កម្ពុជា-អ៊ីស្រាអែល

អ៊ីស្រាអែលមានបំណងចុះ MOU ជាមួយកម្ពុជា ដើម្បីនាំពលករកម្ពុជាទៅបម្រើការងារក្នុងវិស័យកសិកម្ម


លោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងបាងកកប្រទេសថៃបានបង្ហាញពីបំណងចង់ឲ្យរដ្ឋាភិបាលទាំងពីរកម្ពុជា និងអ៊ីស្រាអែល ចុះអនុសារណៈយោគយល់គ្នា ដើម្បីនាំពលករកម្ពុជាទៅបម្រើការងារលើវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល។
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៊ីស្រាអែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

អ៊ីស្រាអែល បានបង្ហាញគោលបំណងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការបញ្ចូនពលករកម្ពុជាទៅបម្រើការងារក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល ដែលមានភាពល្បីល្បាញលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗមួយចំនួនទៀត។ ការបង្ហាញគម្រោងបែបនេះធ្វើឡើងក្នុងជំនួបរវាងលោកជំទាវ Orna SAGIV ឯករដ្ឋទូតអ៊ីស្រាអែលទទួលបន្ទុកនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ។ ឯកអគ្គរដ្ឋទូត អ៊ីស្រាអែលរូបនេះសង្ឃឹមថា គម្រោងនេះនឹងទទួលបានការសហការល្អពីក្រសួងការងាររបស់កម្ពុជា និងឈានទៅចុះអនុសារណៈយោគយល់គ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះឯកឧត្តម វេង សាខុន បានបង្ហាញការសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែលក្នុងវិស័យកសិកម្មនេះ។ គាំទ្រ ក៏ដោយសារឯកឧត្តមយល់ថា កិច្ចសហប្រតិបត្តិការនេះ វានឹងក្លាយជាចលករមួយក្នុងការជួយពង្រឹង និងពង្រីកសមត្ថភាពកសិករកម្ពុជាទាំងទ្រឹស្តី និងការអនុវត្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះតាមរយៈគម្រោងនេះ កសិករកម្ពុជានឹងអាចនាំយកបច្ចេកកសិកម្មទំនើបនៅប្រទេសនេះមកជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។

ក្រៅពីគម្រោងចុះ MOU រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំនួបខាងលើភាគីទាំងពីរក៏បានពិភាក្សាគ្នាលើការងារជាច្រើនទៀតផងដែរដូចជាការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់បទពិសោធន៍ដល់សាស្ត្រាចារ្យ, ការបង្កើតកសិដ្ឋានបង្ហាញនៅកម្ពុជា, ការលើកកម្ពស់កិច្ចសហការលើវិស័យសន្តិសុខស្បៀង និងសន្តិសុខទឹក នៅតាមសហគមន៍ព្រៃឈើ និងការពង្រឹង និងពង្រីកបច្ចេកវិទ្យាក្រោយពេលប្រមូលផលជាដើម។

ពាក់ព័ន្ធការពង្រឹងធនធានមនុស្ស ឯកឧត្តម វេង សាខុន តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតបានស្នើឲ្យរដ្ឋាភិបាលអ៊ីស្រាអែលបង្កើនកូតានិស្សិត ឬរក្សានៅចំនួន២០០នាក់ក្នុង១ឆ្នាំដដែលក្នុងការនាំយកនិស្សិតឆ្នាំទី៣ទៅធ្វើកម្មសិក្សានៅប្រទេសរបស់ខ្លួន។ ព្រោះកន្លងមកអ៊ីស្រាអែលគ្រោងកាត់បន្ថយមកនៅត្រឹម១០០នាក់ក្នុង១ឆ្នាំ។ ឆ្លើយតបនឹងសំណើរនេះ ជំទាវឯកអគ្គរដ្ឋទូតអះអាងថា លោកជំទាវនឹងពិនិត្យពិចារណាលើសំណើររបស់កម្ពុជាឡើងវិញ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វេង សាខុន តាំងពីឆ្នាំ២០០៨ មក កម្ពុជាបានបញ្ជូននិស្សិតឆ្នាំទី៣ បានចំនួនជាង១ពាន់៤រយនាក់ហើយឲ្យទៅធ្វើកម្មសិក្សាលើវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល។ បច្ចុប្បន្នពួកគេទាំងនោះបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែល ដើម្បីអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាមផែនការជាយុទ្ធសាស្រ្តក្នុងការធ្វើទំនើបកម្មកសិកម្មរបស់កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាអាចឈានដល់ការខ្វះប្រេង និងហ្គាស ដូចប្រទេសឡាវ និងស្រីលង្កាដែរ ឬយ៉ាងណា?

ព័ត៌មាន
បញ្ហាការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈជាសាកល បាននិងកំពុងក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ពិភពលោក នាពេលបច្ចុប្បន្ននេះ ដែលវាបានកើតឡើង ដោយសារតែបញ្ហា…

សកម្មភាពរោងចក្រផលិតនៅអាស៊ីជាប់គាំង បង្កើនក្ដីបារម្ភដល់ការដាំក្បាលចុះនៃសេដ្ឋកិច្ចសកល

ព័ត៌មាន
សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានពង្រីកយ៉ាងលឿនបំផុតក្នុងខែមិថុនា បើធៀបក្នុងរយៈពេល ១៣ ខែចុងក្រោយនេះ ខណៈការដកចេញនូវវិធានការបិទខ្ទប់នៃកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ