ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទស្សនកិច្ចលើកដំបូងមកកម្ពុជា

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការទូត


លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសថៃ នឹងមកធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាលើកដំបូង ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី១កក្កដា ឆ្នាំ២០២២។ បើតាមគម្រោង លោកជំទាវ នឹងត្រូវចូលគាល់សម្តេចព្រះបរមនាថ នរោត្តមសីហមុនី មុននឹងជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើននាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពី សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល ដែលជាអ្នកសម្របសម្រួលសម្រាប់ដំណើរទស្សនកិច្ចនេះ។
លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសថៃ

ប្រភពព័ត៌មានពីសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលបន្តថា ការមកដល់ជាលើកដំបូងរបស់លោកជំទាវ Orna Sagiv នឹងមកនាំជាមួយនូវការសន្យា ចំពោះការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាល្អ និងទំនាក់ទំនងដ៏កក់ក្តៅរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអ៊ីស្រាអែល។

តើដំណើរទស្សនកិច្ចលើកនេះ មានសារសំខាន់យ៉ាងណាសម្រាប់កម្ពុជា?

លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល គូសបញ្ជាក់ថា កម្ពុជានិងអ៊ីស្រាអែល មានប្រវត្តិសាស្ត្រស្រដៀងគ្នា ពោលគឺប្រទេសទាំងពីរគឺសុទ្ធតែធ្លាប់ជាមហាអំណាច ជាអាណាចក្រ កាលពីអតីតកាល ហើយបានដួលរលំ និងងើបឡើងវិញស្ទើរតែពីបាតដៃទទេ ទើបបានរីកចម្រើនដូចសព្វថ្ងៃនេះឡើងវិញ។ នេះសុទ្ធសឹងតែកើនឡើងពីចក្ខុវិស័យដឹកនាំត្រឹមត្រូវ ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលបន្តថា អ៊ីស្រអែលជាប្រទេសដែលគេស្គាល់ថា ពោរពេញទៅដោយអ្នកមានជំនាញ ចំណេះដឹង និងបទពិសោធន៍ច្រើន លើវិស័យសំខាន់ៗជាច្រើនដូចជា បច្ចេកវិទ្យា នវានុវត្តន៍ កសិកម្ម និងការស្រាវជ្រាវ។ល។

ម៉្យាងវិញទៀត កម្ពុជាទោះមិនមានបច្ចេកទេសខ្លាំងដូចអ៊ីស្រាអែល តែកម្ពុជាជាមូលដ្ឋានដ៏សំខាន់ ពោរពេញដោយកម្លាំងពលកម្មវ័យក្មេង មានសមត្ថភាព និងឆន្ទៈ ផ្ទៃដីធំទូលាយ ហើយជាច្រកទ្វារចូលទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារធំទូលាយ និងសកម្មបំផុតនាពេលបច្ចុប្បន្ននេះ។ ទាំងនេះសុទ្ធសឹងជាអ្វីដែលប្រទេសទាំងពីរត្រូវការពីគ្នាទៅវិញទៅមក។

លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល

ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលរូបនេះជឿជាក់ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នពឹងផ្អែកលើការនាំចេញវត្ថុធាតុដើម និងកម្លាំងពលកម្មដែលមានតម្លៃថោកក៏ដោយ តែកម្ពុជាមានសក្តានុពលដ៏អស្ចារ្យសម្រាប់កំណើនលឿនរហ័ស ដោយសារសមាសភាពនៃចំនួនប្រជាជន និងទីតាំងភូមិសាស្ត្ររបស់ប្រទេស ហើយការនាំយកចំណេះដឹង ជំនាញ និងការបង្កើតថ្មីៗ មកនៅក្នុងសេដ្ឋកិច្ចកម្ពុជា ពីប្រទេសអ៊ីស្រាអែល នឹងជួយឱ្យកម្ពុជាជឿនលឿនជាលំដាប់។

ដូនេះទស្សនកិច្ចជាលើកដំបូងមកកម្ពុជា ដោយលោកជំទាវឯកអគ្គរដ្ឋទូត នឹងបើកផ្លូវទៅរកផលប្រយោជន៍ជា វិជ្ជមានសម្រាប់ប្រទេសទាំងពីរ។

សូមជម្រាបថា ទោះបីអ៊ីស្រាអែលជារដ្ឋតូចក៏ពិតមែន តែអ៊ីស្រាអែលជាប្រទេសឈានមុខគេមួយក្នុងលោក ទាក់ទងនឹងលទ្ធផលនៃបច្ចេកវិទ្យា ការច្នៃប្រឌិត វិស័យកសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យាចំណីអាហារ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាផលិតកម្មថាមពល បច្ចេកវិទ្យាអ៊ីនធឺណិត និងការអភិវឌ្ឍន៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងបោះផ្សាយមូលបត្របំណុលក្នុងស្រុក២០០ពាន់លានដុល្លារនៅខែមិថុនានេះ ដើម្បីបញ្ឆេះក្បាលម៉ាស៊ីនសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
ប្រទេសចិនកំពុងការត្រៀមបោះផ្សាយលក់មូលបត្របំណុលរដ្ឋាភិបាលក្នុងស្រុកចំនួនជាង ២២៤ ពាន់លានដុល្លារ ក្នុងអំឡុងខែមិថុនានេះ ដែលការបោះផ្សាយលក់មូ…

ណាតូដាក់ទ័ពជាង៣សែននាក់ប្រុងជើងការ ខណៈរុស្សីព្រមានខ្លាំងៗថា ពីការផ្ទុះសង្គ្រាមលោកលើកទី៣

ព័ត៌មាន
អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ត្រូវបានស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុកមួយថា បើតំបន់គ្រីមៀរត្រូវបានឈ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ