ប្រទេសជប៉ុន

ជប៉ុនពិចារណាលុបចោលការហាមប្រាមភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗនៅខែតុលាខាងមុខ


ប្រទេសជប៉ុន នឹងសម្រេចចិត្តថា តើត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗ និងទម្លាក់ចោលលក្ខខណ្ឌតម្រូវឱ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈពេលខ្លីដែរ ឬយ៉ាងណានៅខែតុលាខាងមុខនេះខណៈដែលប្រទេសនេះកំពុងស្វែងរកការជំរុញបង្កើនវិស័យទេសចរណ៍ក្នុងស្រុក ចំពេលតម្លៃប្រាក់យ៉េនធ្លាក់ចុះខ្លាំងមិនធ្លាប់មាននៅមួយរយៈចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Nikkei Asia ថ្មីៗនេះ។
ជប៉ុនពិចារណាលុបចោលការហាមប្រាមភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗនៅខែតុលាខាងមុខ

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលនឹងពិចារណាបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរ ដែលទាក់ទងនឹងកូវីដ១៩ ដូចជាការបញ្ចប់ការកំហិតលើចំនួនទេសចរចូលទស្សនាប្រទេសជប៉ុនប្រចាំថ្ងៃត្រឹមចំនួន ៥ ម៉ឺននាក់, ការលើកលែងទិដ្ឋាការរយៈពេលខ្លី និងការអនុញ្ញាតឱ្យភ្ញៀវទេសចរចូលប្រទេសជប៉ុន ដោយមិនចាំបាច់មកជាក្រុម តាមក្រុមហ៊ុនទេសចរណ៍ជាដើម។

លោក Matsuno បាននិយាយថា ប្រទេសជប៉ុននឹងព្យាយាមធ្វើឱ្យមានតុល្យភាពគ្នារវាងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងការជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច។

ការសម្រេចចិត្តនេះនឹងអាចសម្រេចទៅបានគឺវាអាស្រ័យទៅលើចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងខែកញ្ញា និងខែតុលាខាងមុខនេះ ដូច្នេះហើយគឺត្រូវតែរង់ចាំមើលលទ្ធផលនេះជាមុនសិន មុនពេលសម្រេចចិត្តថា តើត្រូវលើកបម្រាមនេះដែរយ៉ាងណានោះ។

ក្នុងពេលកន្លងមកនេះមន្ត្រីរដ្ឋាភិបាលមួយចំនួនបានជំរុញឱ្យបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩ ខណៈដែលករណីឆ្លងជំងឺនេះកំពុងតែធ្លាក់ចុះជាបណ្ដើរៗហើយ។ ឧស្សាហកម្មទេសចរណ៍នៅប្រទេសជប៉ុនកំពុងតែអន្ទះសាយ៉ាងខ្លាំងក្នុងការចាប់យកតម្រូវការទេសចរណ៍នៅក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ។

សូមរំលឹកថា មុនពេលជំងឺរាតត្បាតនេះបានផ្ទុះឡើង ភ្ញៀវទេសចរដែលបានទៅលេងប្រទេសជប៉ុនមានចំនួនសរុបប្រហែល ១៤ ម៉ឺននាក់រៀងរាល់ថ្ងៃក្នុងឆ្នាំ២០១៩ ក្នុងនោះមានទេសចរបរទេស និងប្រជាជនជប៉ុននៅក្រៅប្រទេសដែលត្រឡប់ទៅក្នុងប្រទេសកំណើតវិញផងដែរ ហើយកាលពីខែកក្កដា ឆ្នាំ២០២២ ចំនួនទេសចរទាំងនេះនេះ គឺមានជាង ១ ម៉ឺន ៤ ពាន់នាក់។

នៅឆ្នាំ២០២១ មានភ្ញៀវទេសចរបរទេសត្រឹមតែជាង ២៤ ម៉ឺននាក់ប៉ុណ្ណោះដែលបានទៅលេងប្រទេសជប៉ុន ជាតួលេខមួយទាបបំផុតមិនធ្លបា់មានគិតចាប់តាំងពីឆ្នាំ១៩៦៤មក ហើយបញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ។

បើមានការចាប់ផ្តើមពេញលេញឡើងវិញនៃដំណើរទេសចរណ៍ក្នុងស្រុក នោះវានឹងអាចឲ្យជប៉ុនបង្កើតបានប្រាក់ចំណូលប្រហែល ៤២ ពាន់លានដុល្លារតាមរយៈការចំណាយរបស់ភ្ញៀវទេសចរដោយសារតែប្រាក់យ៉េនធ្លាក់ចុះ ពោលគឺចំណូលនេះមានច្រើនជាង ២០% នៃការចំណាយរបស់ភ្ញៀវទេសចរបរទេសដែលមានចំនួន ប្រហែលជិត ៣៤ពាន់លានដុល្លារ ដែលបានចំណាយនៅក្នុងប្រទេសជប៉ុនក្នុងអំឡុងឆ្នាំ២០១៩ទៅទៀត។ នេះបើតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Barclays Securities។

ប៉ុន្តែទោះជាប្រទេសជប៉ុនបានបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរមែនក៏ដោយ ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុកក៏នឹងត្រូវពឹងផ្អែកមួយផ្នែកទៅលើគោលនយោបាយធ្វើដំណើរក្នុងពេលជំងឺកូវីដរបស់ប្រទេសចិនផងដែរ។ ភ្ញៀវទេសចរចិនដែលជាកម្លាំងជំរុញដ៏សំខាន់នៃវិស័យទេសចរណ៍នៅក្នុងប្រទេសជប៉ុននោះទំនងជាមិនត្រលប់មកវិញក្នុងពេលឆាប់ៗនេះឡើយដោយហេតុតែទីក្រុងប៉េកាំងបានរក្សាលក្ខខណ្ឌតម្រូវឱ្យនៅដាច់ឆ្ងាយពីគេយ៉ាងតឹងរ៉ឹងសម្រាប់អ្នកដែលត្រឡប់មកពីក្រៅប្រទេសវិញនោះ៕




អត្ថបទបន្ទាប់


អ្នកវិភាគថា យន្តការរបស់G7កំណត់តម្លៃប្រេងរុស្ស៊ីមានប្រសិទ្ធភាព តែត្រូវការពេល

ព័ត៌មាន
ក្រោយពី ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំងពីរ ឬហៅកាត់ថា G៧ កាលពីដើមខែកញ្ញាបានយល់ព្រមព្រៀងគ្នាឲ្យមានការកំណត់បញ្ចុះតម្លៃប្រេងដែលទិញពីប្រទេសរុ…

ក្រោយផ្ទុះការតវ៉ាជុំវិញរឿងប្រេងឡើងថ្លៃ ឥណ្ឌូនេស៊ីត្រៀមត្រួតពិនិត្យមើលច្បាប់ប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនឡើងវិញ

ព័ត៌មាន
ការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃអង្គារ ទី ១៣ ខែកញ្ញាថា ប្រទេសឥណ្ឌូនេស៊ីនឹងធ្វើការពិនិត្យឡើងវិញនូវប្រាក់ឈ្នួលអប្បបរមា និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ