ការវិនិយោគដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទី

ជប៉ុនចាប់អារម្មណ៍លើការវិនិយោគដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើន


ជប៉ុនគ្រោងនឹងវិនិយោគដំណាំស្វាយចន្ទីនៅលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅក្នុងខេត្តព្រះវិហារឆាប់ៗនេះ ។ អ្នកជំនាញអះអាងថា គ្រាប់ស្វាយចន្ទីររបស់នៅតែត្រូវការរោងចក្រកែច្នៃកាន់តែច្រើនឡើងថែមទៀត ដើម្បីអាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសប្រទេសជប៉ុន ឥណ្ឌា និងអារ៉ាប់ជាដើម។
ជប៉ុនចាប់អារម្មណ៍លើការវិនិយោគដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើន

យ៉ាងណាមិញ ថ្មី​ៗ​នេះ តាម​ការ​អះអាង របស់​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ជប៉ុន​ធំ​មួយទៀត បាន​បង្ហាញ​ពី​គោលបំណង​វិនិយោគ​ដាំ​ស្វាយចន្ទី និង​បង្កើត​រោងចក្រ​កែ​ច្នៃ​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ជប៉ុន​។ សមាគម​ស្វាយចន្ទីរ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​លើ​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយ​នាំ​ចេញ ពិសេស​ទៅ​កាន់​ប្រទេស​ជប៉ុន​នេះ​តែ​ម្ដង ដ្បិតថា គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​រួច​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​បាន​ក្នុង​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​ប្រទេស​នានា ដោយ​មួយ​គីឡូក្រាម​អាច​លក់​បាន​ដល់​ទៅ ១៥​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Akira Taniguchi នាយក​ក្រុមហ៊ុន YEBISS HOLDINGS កាលពី​ថ្ងៃ​ទី​២៥ ខែមករា ដោយ​ប្រធាន​ក្រុមហ៊ុន​ជប៉ុន​រូប​នេះ បាន​បង្ហាញ​ពី​បំណង​វិនិយោគ​លើ​ដំណាំ​ស្វាយចន្ទី  និង​បង្កើត​រោងចក្រ​កែ​ច្នៃ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​អន្តរជាតិ​។ ជាមួយនឹង​ការ​បង្ហាញ​គោលបំណង​វិនិយោគ នាយក​ក្រុមហ៊ុន YEBISS HOLDINGS ក៏​បាន​បញ្ជាក់​ដែរ​ថា គម្រោង​វិនិយោគ​នេះ នឹង​ចាប់ផ្ដើម​សកម្មភាព​ឆាប់​ៗ នា​ពេល​ខាង​មុខ ដោយ​គ្រោង​នឹង​វិនិយោគ​នៅ​លើ​ផ្ទៃដី​ប្រមាណ ១​ពាន់​ហិ​កតា នៅ​ក្នុង​ខេត្តព្រះវិហារ​។

លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​គូសបញ្ជាក់​ថា កន្លង​មក កម្ពុជា បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ ទៅ​កាន់​ប្រទេស​ឥណ្ឌា អា​រ៉ាប់ និង​ជប៉ុន ខណៈ​អា​រ៉ាប់ និង​ឥណ្ឌា ជាទី​ផ្សារ​ដែល​មាន​សក្ដានុពល​ជាងគេ​សម្រាប់​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​។ បើ​ទោះជា​បែប​នេះ​ក៏​ដោយ ប្រធាន​សមាគម​ស្វាយចន្ទី បាន​អះអាង​ថា គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​រួច ដែល​នាំ​ទៅ​លក់​នៅ​ទីផ្សារ​ជប៉ុន ហាក់​មាន​តម្លៃ​ប្រសើរ​ជាង​ទីផ្សារ​ដទៃ​ទៀត ពោល​គឺ មាន​តម្លៃ ១៥​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ខណៈ​នៅ​ទីផ្សារ​ដទៃ​ទៀត​មាន​តម្លៃ​ប្រមាណ ១២​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តព្រះវិហារ បាន​បង្ហាញ​ការ​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ផែនការ​គម្រោង​វិនិយោគ​ការ​ដាំ​ដុះ​ស្វាយចន្ទី និង​រោងចក្រ​កែ​ច្នៃ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ជប៉ុន YEBISS HOLDINGS នៅ​ក្នុង​ខេត្តព្រះវិហារ​នា​ពេល​ខាង​មុខ​នេះ​។ លោក​បន្ត​ថា ក្នុង​ខេត្តព្រះវិហារ សព្វថ្ងៃ ក៏​មាន​រោងចក្រ​កែ​ច្នៃ​ស្វាយចន្ទី​សម្រាប់​នាំ​ចេញ​មួយ​ដែរ ប៉ុន្តែ​ហាក់​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៅឡើយ ដូច្នេះ លោក​យល់​ថា គម្រោង​វិនិយោគ​នេះ​មិន​ត្រឹមតែ​បង្កើន​មុខមាត់​ខេត្តព្រះវិហារ​នោះ​ទេ ថែម​ទាំង​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត ក៏​ដូច​ជា អភិវឌ្ឍន៍​ផ្នែក​កសិកម្ម ផង​ដែរ​។

បើ​តាម​សមាគម​ស្វាយចន្ទី​កម្ពុជា ទីផ្សារ​ស្វាយចន្ទី​ឆ្នាំ​នេះ ហាក់​មិន​មាន​ភាព​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេពី​កាល​ឆ្នាំ​មុន​នោះ​ទេ ខណៈ​គ្រាប់ស្វាយចន្ទី​ស្ងួត​មិន​ទាន់​កែ​ច្នៃ អាច​លក់​បាន​តម្លៃ ៧​ពាន់​រៀល ទៅ​៨​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ អ្នកជំនាញ​រំពឹង​ថា កម្ពុជា​នឹង​មាន​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​កាន់តែ​ច្រើន​ថែម​ទៀត​នា​ពេល​ខាង​មុខ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​មិន​ទាន់​កែ​ច្នៃ​ទៅ​កាន់​ប្រទេស​ជិតខាង និង​ជំរុញ​ការ​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ផ្សារ​ក្រៅប្រទេស ជាមួយ​តម្លៃបន្ថែម​ខ្ពស់ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​បរិយាកាស និង​សក្ដានុពល​វិនិយោគ​កាន់តែ​ប្រសើរ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ដៃគូ​ជា​ច្រើន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានគម្រោងធំៗអ្វីខ្លះបានលេចត្រដែតឡើងនិងកំពុងអភិវឌ្ឍន៍នៅភាគខាងជើងរាជធានីភ្នំពេញ?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាលកម្ពុជាបានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍គម្រោងអគារពាណិជ្ជកម្ម អគារលំនៅឋាន ផ្សារទំនើប …

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ថា លោកនឹងត្រូវកាប់ដូងប្រេងចោលប្រហែល១ម៉ឺនដើម ដើម្បីឲ្យអ្នកឧកញ៉ា សុខ គង់ សង់ផ្លូវឡើងបូកគោ

ព័ត៌មាន
អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប អះអាងថា លោកនឹងចាប់ដៃគ្នាជាមួយអ្នកឧកញ៉ា សុខ គង់ ដើម្បីសាងសង់ផ្លូវមួយខ្សែប្រវែងប្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ