ជប៉ុន - ហ្វីលីពីន

ជប៉ុន និងហ្វីលីពីនចាប់ដៃគ្នាពង្រីកចំណងយោធា នៅចំពោះមុខភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង និងខាងកើត


មេដឹកនាំជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែកុម្ភៈ ក្នុងការបង្កើនទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត ដោយនិងអនុញ្ញាតឱ្យកងទ័ពជប៉ុនមានសិទ្ធិចូលទៅកាន់ទឹកដីនៃប្រទេសហ្វីលីពីនក្នុងចំនួនមួយដ៏ច្រើន សម្រាប់បេសកកម្មយោធា និងមនុស្សធម៌ ចំពេលដែលភាពតានតឹងក្នុងតំបន់ និងបញ្ហាជម្លោះនៃសមុទ្រចិនខាងត្បូង និងខាងកើតកំពុងកើនកម្តៅជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ប្រទេសជប៉ុន និងហ្វីលីពីនរឹងចំណងការពារជាតិ!

ប្រធានាធិបតីហ្វីលីពីនលោក ហ្វ័រឌីណាន់ ម៉ាកុស កំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ពោលគឺនៅមិនយូរប៉ុន្មាន បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់​សហរដ្ឋអាមេរិកលោក ឡយដ៍ អូស្ទីនកាលពីពេលថ្មីៗនេះបានទៅទស្សនកិច្ចនៅហ្វីលីពីន ហើយថែមទាំងឈានទៅសម្រេចកិច្ចព្រមព្រៀងមួយស្តីពីការអនុញ្ញាតឱ្យអាមេរិកកសាង និងពង្រីកមូលដ្ឋានយោធាបន្ថែមទៀតក្នុងប្រទេសហ្វីលីពីន ដើម្បីប្រឈមមុខនឹងការរះឡើង និងឥទ្ធិពលយោធាចិនក្នុងតំបន់។

ដោយឡែក រវាងជប៉ុន និងហ្វីលីពីន កិច្ចព្រមព្រៀង​ដែលត្រូវបាន​ចុះហត្ថលេខាដោយលោក ម៉ាកុស និងនាយករដ្ឋមន្ត្រីជប៉ុនលោកគីស៊ីដានោះ នឹងអនុញ្ញាតឱ្យទាហាននៃប្រទេសជប៉ុន​ចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនជាមួយ​កងទ័ពហ្វីលីពីន ដើម្បីឆ្លើយតបនឹង​គ្រោះ​មហន្តរាយធម្មជាតិ និងតម្រូវការ​មនុស្សធម៌។ កិច្ចព្រមព្រៀង​រវាងទីក្រុងម៉ានីល និងតូក្យូនេះត្រូវបាន​គេមើលឃើញថា គឺជាជំហានឆ្ពោះ​ទៅរក​កិច្ចព្រមព្រៀងយោធា​កាន់តែទូលំទូលាយ​នៅថ្ងៃខាងមុខ ក្នុងការឆ្លើយតបទៅនឹងបេសកកម្មយោធាផ្សេងទៀតក៏ថាបាន ដូចជាការអន្តរាគមន៍​ផ្នែកយោធាជាដើម។

នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា បាននិយាយថា ប្រទេសទាំងពីរនឹងបន្តកិច្ច​ពិភាក្សា​ដើម្បីពង្រឹង និងសម្រួលដល់ការធ្វើ​សមយុទ្ធរួមគ្នា​ និងប្រតិបត្តិការ​យោធា​ផ្សេងទៀត ខណៈជប៉ុនក៏កំពុង​គិតគូរ​ក្នុងការពង្រីក​ការផ្ទេរឧបករណ៍​ និងបច្ចេកវិទ្យា​យោធាផ្សេងៗទៅ​កាន់​ប្រទេស​ហ្វីលីពីន និងពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការត្រីភាគី​ជាមួយ​សហរដ្ឋអាមេរិកផងដែរ។

ចំណែក​ឯ លោក ម៉ាកុស ប្រធានាធិបតីហ្វីលីពីន បាននិយាយក្នុងសន្និសីទសារព័ត៌មាន​ជាមួយលោក គីស៊ីដា​នៅទីក្រុងតូក្យូថា៖ «អនាគតនៃទំនាក់ទំនង​រវាងហ្វីលីពីន និងជប៉ុន​នៅតែប្រកបទៅដោយបរិយាបន្ន និងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក៏ដូចជាពង្រីកឱ្យ​មានការចូលរួមកាន់តែទូលំទូលាយនៃកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក»។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ក្រុងតូក្យូបាន​គូសបញ្ជាក់ថា កិច្ចព្រមព្រៀងការពារជាតិថ្មីនេះ នឹងអនុញ្ញាតឱ្យកងកម្លាំងស្វ័យការពាររបស់ខ្លួនដាក់ពង្រាយក្នុងទឹកដីនៃប្រទេសហ្វីលីពីនក្នុងគោលបំណងបេសកកម្មមនុស្សធម៌ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយជាដើម ដែលវាត្រូវបានជប៉ុនរំពឹងថា នឹងអាចធ្វើឱ្យប្រសើរឡើងនូវការហ្វឹកហ្វឺនផ្នែកយោធា និងកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីហ្វីលីពីន​ក៏បានយល់ព្រមពង្រឹង​សន្តិសុខតាមលំហរអ៊ីនធឺណិត និងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចផងដែរ។ ក្នុងនោះ លោក គីស៊ីដា បានប្រកាសផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចប្រមាណ ៤,៧ ពាន់លានដុល្លារ ដែលជាជំនួយសម្រាប់វិស័យសេវាសាធារណៈ និងឯកជនសម្រាប់ហ្វីលីពីនរហូតដល់ខែមីនា ឆ្នាំ២០២៤ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ​ ដូចជាការសាងសងផ្លូវរថភ្លើង និងប្រើប្រាស់ពេលមានគ្រោះមហន្តរាយ។ ជាមួយគ្នានោះ កិច្ចព្រមព្រៀងដដែលក៏នឹងសម្រេចឱ្យប្រទេសទាំងពីរធ្វើការរួមគ្នាក្នុងវិស័យព័ត៌មានវិទ្យា និងទំនាក់ទំនង ព្រមទាំងសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពល និងការអភិវឌ្ឍន៍ឧស្សាហកម្មផងដែរ។

មែនទែនទៅ ប្រទេសជប៉ុនបាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាតែជាមួយនឹងបងធំសហរដ្ឋអាមេរិកនោះទេ គឺបានពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា អូស្ត្រាលី និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបផងដែរ។

សូមជម្រាបថា កាលពីចុងខែធ្នូកន្លងទៅ ប្រទេសជប៉ុនបានអនុម័តដាក់ចេញនូវយុទ្ធសាស្ត្រការពារថ្មីរបស់ខ្លួនដែលក្នុងនោះរួមមានការធ្វើឱ្យប្រសើរឡើងផ្នែលសន្តិសុខ និងសមត្ថភាពប្រឆាំងការវាយប្រហារតបវិញផងដែរ ដែលវាជាការផ្លាស់ប្តូរគោលការណ៍ស្វ័យការពារដ៏ធំចាប់តាំពីក្រោយសង្គ្រាមលោកលើកទីពីរមក ខណៈពេលដែលការចំណាយលើវិស័យការពារជាតិកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺត្រូវចំណាយ ២% នៃ GDP សរុបនៃប្រទេសជប៉ុនលើវិស័យការពារជាតិ៕




អត្ថបទបន្ទាប់


តើគម្រោងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល នឹងផ្ដល់សារសំខាន់អ្វីខ្លះជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងណាខ្លះ?

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់ចិនសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនធ…

ម៉ាឡេស៊ី និងថៃប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ៣០ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥

ព័ត៌មាន
អំឡុងកិច្ចប្រជុំកំពូលជាលើកដំបូងរវាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha កាលពីថ្ងៃព្រហស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ