ទំនាក់ទំនងទ្វេភាគីជ​ប៉ុន-វៀតណាម

វៀតណាម និងជប៉ុនចុះកិច្ចព្រមព្រៀងលើវិស័យយោធោ ចំពេលមានការព្រួយបារម្ភពីឥទ្ធិពលចិន


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ប្រទេស វៀតណាម និងជប៉ុន បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា ស្របពេលដែលភាគីទាំងពីរ សុទ្ធសឹងតែកំពុងមានការព្រួយបារម្ភចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិន ពិសេសឥទ្ធិពលយោធានៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
រដ្ឋមន្ត្រីការបរទេសវៀតណាម (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសជប៉ុន (ស្តាំ)

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក ណូ​បុ គី​ហ្សី (Nobuo Kishi) និង​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក ផា​ន វ៉ា​ន់​ហ្សា​ង (Phan Van Giang) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​រួម​គ្នា​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​ផ្ទេរ​បច្ចេកវិទ្យា​យោធា និង​ការ​ទិញ​លក់​អាវុធ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ នឹង​លើកកម្ពស់​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ជប៉ុន និង​វៀតណាម​ដល់​កម្រិត​ថ្មី​មួយទៀត ហើយ​ជប៉ុន​និង​វៀតណាម​មាន​គម្រោង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការពារ​ជាតិ​មួយ​នេះ កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ផង​ដែរ​។

យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន រូប​នេះ​មិន​បាន​លម្អិត​ថា ប្រទេស​ទាំង​ពីរ​នឹង​ផ្តើម​ដោះ​ដូរ​បច្ចេកវិទ្យា​យោធា​អ្វីខ្លះ​នោះ​ទេ ដោយ​លោក ណូ​បុ គី​ហ្សី គ្រាន់តែ​បាន​បញ្ជាក់​ថា ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទេរ​ឧបករណ៍ ឬ​បច្ចេកវិទ្យា​ជាក់លាក់ នឹង​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​ជា​បន្តបន្ទាប់​។

ដោយ​មានការ​ព្រួយបារម្ភ​ពី​ឥទ្ធិ​ល​របស់​ចិន ពិសេស​ឥទ្ធិពល​យោធា​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ទំនងជា​ចង់​សំដៅ​ដល់​ប្រទេស​ចិន​ថា​៖ ប្រទេស​ជប៉ុន និង​វៀតណាម បាន​ឯកភាព​គ្នា​អំពី​សារៈសំខាន់​នៃ​ការ​រក្សា​សេរីភាព​នាវាចរណ៍​ដែនសមុទ្រ និង ការ​ហោះហើរ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ផ្សេង​ៗ​រួម​ទាំង​សន្តិសុខ​អ៊ីនធឺណិត​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ជប៉ុន​នៅ​វៀតណាម ធ្វើ​ឡើង​ចំ​ថ្ងៃ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន វ៉ាង យី នៅ​ទីក្រុង​ហាណូយ​ផង​ដែរ​។ លោក វ៉ាង យី បាន​ស្នើ​ឱ្យ​វៀតណាម​បញ្ចៀស​ការ​ធ្វើ​សកម្មភាព​ជា​ឯកតោភាគី​ណាមួយ ដែល​អាច​បង្ក​បញ្ហា​ស្មុគស្មាញ​បន្ថែម​ទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

សូម​ជម្រាប​ថា ទាំង​ប្រទេស​វៀតណាម និង ទាំង​ប្រទេស​ជប៉ុន សុទ្ធសឹងតែ​កំពុង​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​ចិន ដោយ​ក្នុង​នោះ​វៀតណាម​កំពុង​រកាំរកូស​ជាមួយ​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ជប៉ុន​ជា​រឿយ​ៗ​តែង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ចិន ក្នុង​តំបន់​ជម្លោះ​ក្បែរ​ប្រជុំ​កោះ សេន​កា​គុ (Senkaku) ដែល​ចិន​ហៅ​ថា ដាវ​យ៉ូ (Diaoyu) ក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឡាវ នៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយនឹងប្រទេសចិន

ព័ត៌មាន
យើងមកមើលពីទំនាក់ទំនងពាណិជ្ជកម្មរវាងចិនជាមួយប្រទេស ឡាវ ដែលជាប្រទេសជិតខាងយើងវិញម្ដង ឃើញថា នៅរយៈពេល ៨ខែ ដើមឆ្នាំ ២០២១នេះ ប្រទេសចិន នៅត…

ទីប្រឹក្សារដ្ឋចិន ឯកឧត្តម វ៉ាង យី បន្តទស្សនកិច្ចនៅសិង្ហបុរី និងកូរ៉េខាងត្បូង

ព័ត៌មាន
ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបន្តដំណើរទៅទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី សម្រាប់រយៈពេលពីរថ្ងៃ រាប់ចាប់ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ