ប្រទេសជប៉ុន

សកម្មភាពសេវាកម្មរបស់ជប៉ុននៅខែមេសាកើនឡើងក្នុងល្បឿន ដែលគេបានកំណត់


សកម្មភាពក្នុងវិស័យសេវាកម្មនៅប្រទេសជប៉ុនកាលពីខែមេសាបានកើនឡើងក្នុងល្បឿនមួយដែលខ្ពស់បំផុត ដោយសារមានកំណើនក្នុងការចំណាយរបស់អ្នកប្រើប្រាស់ បន្ទាប់ពីការបញ្ចប់វិធានការរឹតត្បិតប្រឆាំងជំងឺកូវីដ-១៩។ នេះបើតាមលទ្ធផលនៃការស្ទង់មតិនៅក្នុងវិស័យឯកជន ដែលត្រូវបានបង្ហាញកាលពីថ្ងៃចន្ទទី៨ ខែឧសភា ហើយដែលទីភ្នាក់ងារសារព័ត៌មានរើយធឺបានស្រង់យកមកផ្សាយ។
សកម្មភាពសេវាកម្មរបស់ជប៉ុននៅខែមេសាកើនឡើងក្នុងល្បឿន ដែលគេបានកំណត់
ដោយ

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សន្ទស្សន៍នៃការទិញក្នុងវិស័យសេវាកម្មជប៉ុន ដែលកត់ត្រាដោយធនាគារ ជីប៊ុន (Jibun Bank) បានឃើញកំណើនដល់ ៥៥,៤ ពិន្ទុ នៅខែមេសា ដោយកើនឡើងពី ៥៥ ពិន្ទុ នៅខែមីនា។

ប្រភពដដែលបានអះអាងថា សន្ទស្សន៍នេះគឺខ្ពស់ជាងអ្វីដែលគេបានរំពឹងទុកថាមានត្រឹម ៥៤,៩ ពិន្ទុ ហើយវាក៏ជាសន្ទស្សន៍ដែលមានលើសពីកម្រិតព្រំដែន ៥០ ពិន្ទុ ដែលបែងចែងរវាងកំណើននិងឱនភាព ក្នុងរយៈពេល ៧ ខែ ជាប់ៗគ្នា។

លោក ធីម ម័រ (Tim Moore) នាយកផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុនស៊ើអង្កេតហិរញ្ញវត្ថុ ស្ដែនដាតអ៊ែនភួ (S&P) បាននិយាយថា ការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើការធ្វើដំណើរ ការលំហែ និងទេសចរណ៍ បានជំរុញឱ្យមានការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលមួយខែថែមទៀតសម្រាប់សេដ្ឋកិច្ចជប៉ុន នៅពេលដែលឥទ្ធិពលនៃមេរោគកូវីដ-១៩ បានថយចុះ។

លោកបានបន្តថា មានរបាយការណ៍ជាច្រើនទៀតដែលលើកឡើងអំពីកំណើននៃការលក់សេវាកម្មដោយសារមានការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ និងដោយសារមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីវកម្មថ្មីពីបរទេស។

ប្រទេសជប៉ុនបានបញ្ចប់វិធានការត្រួតពិនិត្យដ៏តឹងរ៉ឹងទាក់ទងនឹងកូវីដ ១៩ កាលពីថ្ងៃសៅរ៍ ក្នុងក្តីសង្ឃឹមថានឹងបន្ធូរបន្ថយការកកស្ទះនៅអាកាសយានដ្ឋាន មុនពេលចាប់ផ្តើមថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍។

បន្ទាប់ពីបញ្ចប់ការរឹតត្បិតនេះ ភ្ញៀវទេសចរដែលមកកាន់ប្រទេសជប៉ុនបានកើនឡើងដល់ជិត ២ លាននាក់ក្នុងខែមីនា។ នេះជាចំនួនខ្ពស់បំផុតចាប់តាំងពីមានមេរោគកូវីដ ១៩ រាតត្បាត។ លើសពីនេះទៀត ការស្ទង់មតិបានបង្ហាញថា ការបញ្ជាទិញថ្មីបានកើនឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ដោយផ្អែកលើការវិលមកវិញដ៏គំហុកនៃការចំណាយសម្រាប់ការធ្វើដំណើរ និងទេសចរណ៍។

ជាទូទៅ ទំនុកចិត្តលើអាជីវកម្មសម្រាប់ឆ្នាំខាងមុខក៏នៅតែមានភាពរឹងមាំដែរ ដោយសន្ទស្សន៍តាមផ្នែក ដូចជាការងារជាដើម បានកើនឡើងដល់កម្រិតខ្ពស់បំផុត។ លោក ធីម ម័រ បាននិយាយថា មានប្រហែល ៤ ដង ដែលអ្នកផ្តល់សេវាជាច្រើនរំពឹងថានឹងមានការកើនឡើងនៃសកម្មភាពក្នុងវិស័យសេវាកម្ម បើធៀបនឹងអ្នកដែលព្យាករពីការធ្លាក់ចុះនៃវិស័យនេះ៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានៅតែរឹងមាំនៅដើមឆ្នាំនេះ

ព័ត៌មាន
ការដួលរលំនៃធនាគារធំៗជាបន្ដបន្ទាប់នៅអាមេរិក កំពុងត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗមួយចំនួនដូចជា IMF ចាត់ទុកថា គឺជាហានិភ័យមួយដែល…

មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងប្តេជ្ញាធ្វើសហប្រតិបត្តិការលើវិស័យសន្តិសុខ ស្របពេលមានការគំរាមពីកូរ៉េខាងជើង

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល បានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ