ចូបៃឌិនគ្រោងជួបមេដឹកនាំ G7

លោកចូបៃឌិនគ្រោងជួបមេដឹកនាំ G7 ដើម្បីរកដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ខណៈអឺរ៉ុបគ្រោងផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីត្រឹមចុងឆ្នាំនេះ


ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬហៅថា G7 នៅសប្តាហ៍នេះ អំពីការដាក់ទណ្ឌកម្មបន្ថែមដ៏មានសក្តានុពលថ្មីទៀត ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការបន្តឈ្លានពានលើអ៊ុយក្រែន។
ចូបៃឌិនគ្រោងជួបមេដឹកនាំ G7

សេចក្តីថ្លែងការណ៍របស់លោកចូ បៃឌិន ធ្វើឡើងស្របពេលដែល លោកស្រីប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen នៅសប្ដាហ៍នេះ ក៏ទើបតែបានបង្ហាញពីសំណើដាក់បម្រាមទូទាំងសហភាពអឺរ៉ុបលើការកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់មួយរបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Reuters និង សារព័ត៌មាន Euronews។

លោក ចូ Biden បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នឹង​បើក​កិច្ច​ពិភាក្សា​ជាមួយ​សមាជិក G7 នៅ​ស​ប្តា​ហ៍​នេះ​អំពី​អ្វី​ដែល​នឹង​ត្រូវធ្វើ​បន្ថែម​ទៀត​លើ​បញ្ហា​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន ខណៈ​ការ​ឆ្លើយ​តប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ក៏​ទើបតែ​បាន​ស្នើ​ដាក់​ទណ្ឌកម្ម​ដ៏​តឹងតែង​បំផុត​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​រុ​ស្ស៊ី​ជា​ថ្មី​ទៀត ដោយ​ក្នុង​នោះ​សហភាព​អឺរ៉ុប គ្រោង​នឹង​ឈប់​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នៅ​ត្រឹម​ដំណាច់ឆ្នាំ​២០២២​នេះ​។ មន្ត្រី​សេត​វិមាន​អា​មេ​រិ​ក លោកស្រី Jen Psaki បាន​និយាយ​ថា អ្នកមាន​ឥទ្ធិពល​ធំ​ៗ​មួយ​ចំនួន​របស់​រុ​ស្ស៊ី (Oligarch) នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​មិន​បាន​បញ្ចា​ក់​ឈ្មោះ​លម្អិត​នោះ​ទេ ខណៈ​សហរដ្ឋអាមេរិក​កំពុង​បន្ត​ពិនិត្យ​មើល​ជម្រើស​របស់​ខ្លួន​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​លោកស្រី Janet Yellen បាន​អះអាង​ថា លោកស្រី​ជឿជាក់​ថា ទណ្ឌកម្ម​របស់​លោក​ខាងលិច​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រុ​ស្ស៊ី​យ៉ាង​សម្បើម ដោយ​រារាំង​ការ​វិនិយោគ​បរទេស និង រារាំង​រុ​ស្ស៊ី​ពី​ការ​ទទួល​បានការ​ផ្គត់ផ្គង់​ទំនិញ​ចាំបាច់​ផ្សេង​ៗ ដើម្បី​ប្រកួតប្រជែង​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​រយៈពេល​វែង​។

គួរ​កត់​សម្គាល់ថា ការ​ដាក់​ទណ្ឌកម្ម​ហ៊ុម​ព័ទ្ធ​ប្រេង​រុ​ស្ស៊ី​របស់​សហភាព​អឺរ៉ុប​នឹង​ត្រូវ​បាន​រៀបចំ​ឡើងជា​បណ្តើរ​ៗ ដោយ​គណកម្មការ​អឺរ៉ុប​នឹង​ផ្ដល់​ពេលវេលា​៦​ខែ ដល់​សមាជិក​របស់​ខ្លួន​ដើម្បី​ដក​ចេញ​នូវ​ការ​បញ្ជា​ទិញ​ប្រេង​ឆៅ​ពី​រុ​ស្ស៊ី ហើយ​រហូត​ដល់​ដំណាច់ឆ្នាំ​២០២២ គឺ​ត្រូវ​ឈប់​ទិញ​ប្រេង​ទាំង​អស់ពី​រុ​ស្ស៊ី​។

ទោះបីជា​យ៉ាងណា​ក្តី គណៈកម្មការ​អឺរ៉ុប មិន​រាប់​បញ្ចូល ប្រទេស​ហុង​គ្រី និង ស្លូ​វ៉ា​គី នៅ​ក្នុង​ការ​ចូលរួម​ហ៊ុម​ព័ទ្ធ​ហាមឃាត់​លើ​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​នោះ​ទេ ខណៈ​ប្រទេស​ហុង​គ្រី និង​ស្លូ​វ៉ា​គី ត្រូវ​បាន​គេ​ដឹង​ថា គឺ​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​ពី​រុ​ស្ស៊ី ហើយ​ប្រទេស​ហុង​គ្រី ក៏​បាន​បញ្ជាក់​រួច​ហើយ​ពួក​គេ​នឹង​មិន​ចូលរួម​គាំទ្រ​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​នោះ​ឡើយ​។

គួរ​ឭ​កថា ទណ្ឌកម្ម​ទី ៦ ថ្មី ដែល​បាន​ប្រកាស​ដោយ​សហភាព​អឺរ៉ុប​រួម​មាន ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ធនាគារ​កំពូល​របស់​រុ​ស្ស៊ី និង ការ​ហាមប្រាម​បណ្តាញ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​ពី​ព័ត៌មាន​មិន​ពិត ក៏​ដូច​ជា​ការ​កាត់​ផ្តាច់ ការ​ទិញ​ប្រេង​ឆៅ​ពី​ប្រទេស​នេះ​ផង​ដែរ​។ ក្នុង​នោះ ប្រទេស​អា​ឡឺ​ម៉​ង់ គឺជា​កត្តា​សម្រេចចិត្ត​សំខាន់​នៅ​ពីក្រោយ​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដាក់​ចេញ​នៅ​ទណ្ឌកម្ម​ទី​៦​នេះ បន្ទាប់​ពី​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​សហភាព​អឺរ៉ុប​មួយ​នេះ បាន​គ្រប់គ្រង​ស្ដុក​ប្រេង​របស់​ខ្លួន​បាន​ល្អ កាត់​បន្ថយ​ការ​ពឹងផ្អែក​ខ្លាំង​ពី​រុ​ស្ស៊ី ពោល​គឺ កាលពីមុន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កើតឡើង អា​ល្លឺ​ម៉​ង់ បាន​ពឹងផ្អែក​លើ​ប្រេង​នាំ​ចូល​ពី​រុ​ស្ស៊ី​ដល់​ទៅ ៣៥% ប៉ុន្ដែ គិត​នៅ​ក្នុង​ខែឧសភា​នេះ បាន​ធ្លាក់​មក​នៅ​ត្រឹម​១២%​ប៉ុណ្ណោះ​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​លោកស្រី Janet Yellen បាន​និយាយ​ថា ការ​ជំរុញ​របស់​សហភាព​អឺរ៉ុប​ឱ្យ​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នៅ​ឆ្នាំ​នេះ អាច​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ ហើយ​បាន​និយាយ​ថា លោកស្រី​ត្រូវ​ពិនិត្យ​មើល​ពី​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ទាំង​អស់នេះ​។

លោ​ស្រី អូ​សូ​ឡា វ័ន​ឌ័​រ លី​យិ​ន ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ចំពោះ​មុខ​សភា​អឺរ៉ុប​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ឧសភា​ថា ការ​ដាក់​ចេញ​នៅ​ទណ្ឌកម្ម​ទី ៦ នេះ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ខណៈ​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ពឹងផ្អែក​លើ​ប្រេង​របស់​រុ​ស្ស៊ី​យ៉ាង​ខ្លាំង ប៉ុន្តែ​សហភាព​អឺរ៉ុប​ត្រូវ​តែ​ធ្វើ​ជា​ចាំបាច់ ដើម្បី​ជា​ផ្នែក​មួយ​នៃ ការ​ហ៊ុម​ព័ទ្ធ​ប្រេង​រុ​ស្ស៊ី តំណាង​ឱ្យ​ការ​ដាក់​ទណ្ឌកម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​ប្លុក​នេះ​ត្រូវធ្វើ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី ដើម្បី​កាត់​ផ្តាច់​សក្តានុពល​ប្រភព​ចំណូល​ពី​វិមាន​ក្រឹម​ឡាំង​។

គួរ​ជម្រាប​ថា សហភាព​អឺរ៉ុប​គឺជា​អ្នកទិញ​ប្រេង​កំពូល​មួយ​របស់​រុ​ស្ស៊ី ដោយ​បាន​ទិញ​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​ចម្រាញ់​រួច​ប្រហែល​ជាង ៣,៥ លាន​បារ៉ែល​ជា​រៀងរាល់ថ្ងៃ ខណៈ​កាលពី​ឆ្នាំ​មុន ប្លុក​នេះ​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង ៧៣ ពាន់​លាន​ដុល្លារ​លើ​ប្រេង​រុ​ស្ស៊ី ដែល​ជា​ការ​ចំណាយ​ដ៏​ធំ​បំផុត​លើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​រុ​ស្ស៊ី​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មាន New York Times៖ ចារកម្មអាមេរិកកំពុងជួយអ៊ុយក្រែនសម្លាប់មេទ័ពរបស់រុស្ស៊ី

ព័ត៌មាន
សហរដ្ឋអាមេរិកបានផ្តល់ការណ៍សម្ងាត់ អំពីអង្គភាព ទីតាំង និង មូលដ្ឋានរបស់កងទ័ពរុស្ស៊ីជាច្រើន ដែលវាបានអនុញ្ញាតឱ្យទាហានអ៊ុយក្រែនអាចកំណត់បានយ…

កូរ៉េខាងជើងសាកល្បងមីស៊ីលមួយគ្រាប់ទៀត ផ្គើនអាមេរិកដែលស្នើUNបោះឆ្នោតបន្ថែមទណ្ឌកម្មមកលើខ្លួន

ព័ត៌មាន
សេចក្តីរាយការណ៍ពីភាគីកូរ៉េខាងត្បូងឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទៀតហើយ កាលពីថ្ងៃពុធទី០៤ឧសភាកន្លងទៅថ្មីៗនេះ។ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ