អ្នកសារព័ត៌មានត្រូវគេសម្លាប់

របាយការណ៍៖ឆ្នាំ២០២២មានអ្នកកាសែត៦៧នាក់ត្រូវបានសម្លាប់កើនឡើង៥០%ធៀបឆ្នាំ២០២១


មានអ្នកកាសែតយ៉ាងហោចណាស់ ៦៧នាក់ត្រូវបានគេសម្លាប់នៅជុំវិញពិភពលោកក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ភាគច្រើននៃករណីស្លាប់បាត់បង់ជិវិតទាំងនេះ គឺបណ្តាលមកពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អំពើហិង្សានៅម៉ិចសិចកូ ប្រទេសហៃទី និងការវាយប្រហារអ្នកកាសែតផ្សេងទៀត។ នេះបើតាមរបាយការណ៍ចុងក្រោយមួយចេញផ្សាយកាលពីថ្ងៃអង្គាទី២៤មករាឆ្នាំ២០២៣ ដោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន AP។
សាច់ញាត់អ្នកកាសែតដែលស្លាប់អំឡុងពេលរាយការណ៍ពីសង្គ្រាមនៅអ៊ុយក្រែន (រូបភាព៖ AP)

របាយការណ៍ពីកម្មាធិការការពារអ្នកកាសែតមានស្នាក់ការនៅទីក្រុងញូយកសហរដ្ឋអាមេរិក ឱ្យដឹងថា កាលពីឆ្នាំ២០២២យ៉ាងហោចណាស់មានអ្នកកាសែត៦៧នាក់ ត្រូវបានសម្លាប់នៅទូទាំងពិភពលោក ដែលចំនួននេះជាអត្រាខ្ពស់បំផុតមិនធ្លាប់មានរាប់ពីឆ្នាំ២០១៨មក ខណៈបើធៀបឆ្នាំ២០២១ ចំនួននេះមានកំណើន៥០%។

របាយការណ៍បានសង្កត់ធ្ងន់ថា មានអ្នកកាសែតភាគច្រើនបានអះអាងពីសម្ពាធការងារ ភាពស្ត្រេសច្រើនជាងមុន នៅពេលដែលពួកគេត្រូវធ្វើការងារក្រោមការគំរាមកំហែងដល់អាយុជីវិត។

ជាក់ស្តែង គ្រាន់តែនៅប្រទេសហៃទី ដែលជាប្រទេសដីកូនកោះតូចមួយសោះ មានអ្នកកាសែតដល់ទៅ៧នាក់ត្រូវបានសម្លាប់។ ក្នុងនោះ ៥នាក់ត្រូវបានក្រុមបងធំសម្លាប់នៅតាមផ្លូវ នៅពេលប្រទេសដែលមានប្រជាជនជាង១២លាននាក់មួយនេះ ស្ថិតក្នុងអស្ថិរភាព ក្រុមបងធំសង្គមងងឹតអុកឡុកពេញទីក្រុង។ ក្រៅពីនោះ មានអ្នកកាសែត២រូបទៀត ត្រូវបានប៉ូលីសបាញ់សម្លាប់។

កម្មាធិការការពារអ្នកកាសែតកត់សម្គាល់ទៀតថា ច្រើនជាងពាក់កណ្តាលនៃតួលេខស្លាប់របស់អ្នកកាសែតទាំង ៦៧នាក់ គឺបានកើតឡើងតែក្នុង៣ប្រទេសប៉ុណ្ណោះ ក្នុងនោះមានហៃទីដែលបានរៀបរាប់ខាងលើ ប្រទេសអ៊ុយក្រែនដែលកំពុងមានសង្គ្រាម និងនៅម៉ិចស៊ិចកូ ជាទីដែលមានការបាញ់ប្រហារនិងអំពើកាប់សម្លាប់ច្រើន ពីក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ មានអ្នកយកព័ត៌មាន ១៣នាក់ត្រូវបានសម្លាប់នៅម៉ិចសិច ខណៈ ១៥ត្រូវបានសម្លាប់នៅអ៊ុយក្រែន កាលពីឆ្នាំមុន។ អ្នកកាសែតរាយការណ៍ពីសង្គ្រាមមួយនេះ រងហានិភ័យជាងគេធៀបនឹងអ្នកកាសែតផ្សេងទៀត។

បើតាមគណៈកម្មាធិការដដែល ៤១ក្នុងចំណោមអ្នកកាសែត៦៧ នាក់ ត្រូវបានសម្លាប់ ដោយសារតែការបំពេញវិជ្ជាជីវៈរបស់ពួកគេ ខណៈករណី២៦នាក់ផ្សេងទៀតកំពុងស៊ើបអង្កេតនៅឡើយ។

សូមជម្រាបថា ក្រៅតែពីនៅ៣ប្រទេសសំខាន់ៗដែលមានហានិភ័យខ្ពស់ អ្នកកាសែត៤នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅហ្វីលីពីន ២នាក់នៅកូឡំប៊ី ម្នាក់នៅប្រេស៊ីល ហុងដូរ៉ាស់ និងសហរដ្ឋអាមេរិក ២នាក់នៅបង់ក្លាដេស ឥណ្ឌា សូម៉ាលី ប្រទេសឆាត និងចុងក្រោយ២នាក់ទៀតនៅមីយ៉ាន់ម៉ា ជាទីដែលភាពវឹកវរបាននិងកំពុងបន្តកើតមាន។

អង្គការការពារអ្នកកាសែតនានា បានដាស់តឿនថា ការមិនអើពើ និងបណ្តោយឲ្យមានឃាតកម្មលើអ្នកកាសែត ត្រូវរួចទោស គឺនឹងមិនត្រឹមតែធ្វើឲ្យអំពើឧក្រិដ្ឋកម្មក្លាយជារឿងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាការជំរុញឲ្យប្រព្រឹត្តិឧក្រិដ្ឋកម្មថែមទៀត ហើយនិងបង្កការគំរាមកំហែង ធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងចំពោះអ្នកសារព័ត៌មាន។ ការប្រល័យអាយុជីវិតអ្នកសារព័ត៌មាន គឺបំផ្លាញសិទ្ធិសេរីភាព យកព័ត៌មាននិងទទួលបានព័ត៌មាន ព្រមទាំងបង្ខើចខ្លីសមត្ថភាពពលរដ្ឋក្នុងការដឹងឮនិងសម្រេចចិត្ត ហើយនេះជាការវាយប្រហារសិទ្ធិមនុស្ស យ៉ាងពេញទំហឹង៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការបោះផ្សាយលក់បណ្ណបំណុលរដ្ឋបច្ចុប្បន្ន គ្រាន់តែដើម្បីសាកល្បងមើលពីសម្ទុះទីផ្សារប៉ុណ្ណោះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនៅឆ្នាំ៣០០លានដុល្លារ នៅ២០២២ និងត្រៀមបោះផ្សាយប…

ហេតុអ្វីកម្ពុជានៅតែរំពឹងលើចិនខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣?

ព័ត៌មាន
ពិភពលោក រួមទាំងកម្ពុជាបានចាត់ទុកអ្នកដំណើរ និងវិនិយោគិនចិន គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច នៅក្រោយពេលដែលប្រទេសចិនច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ