តារាសម្ដែង​ស្រី​ប្រចាំប្រទេស​កូរ៉េ ក្លាយជា​សេដ្ឋីអចលនទ្រព្យ

អ្នកនាង Jun Ji-hyun តារាស្រីដ៏ល្បីប្រចាំកូរ៉េខាងត្បូង ក្រៅពីអាជីពសម្ដែង នាងក៏ជាសេដ្ឋីនីអចលនទ្រព្យមួយរូបផងដែរ


តារាភាពយន្ដស្រីដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង អ្នកនាង Jun Li-hyun ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងដ៏ល្បី The Legend of th Blue Sea ត្រូវបានសារព័ត៌មានអន្តរជាតិរាយការណ៍ថា ក្រៅពីអាជីពសម្ដែងភាពយន្ដនាងក៏ជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោ និងជាសេដ្ឋីនីមួយរូបនៅក្នុងប្រទេសកូរ៉េផងដែរ ខណៈដែលកាលពីឆ្នាំ២០១៧ នាងទើបតែបានទិញអគារមួយតម្លៃជាង២៨,៥ លានដុល្លារអាមេរិក នៅសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP។
អ្នកនាង Jun Ji-hyun តារាស្រីដ៏ល្បីប្រចាំកូរ៉េខាងត្បូង ក្រៅពីអាជីពសម្ដែង នាងក៏ជាសេដ្ឋីនីអចលនទ្រព្យមួយរូបផងដែរ (រូបភាព៖ SCMP)

ជាមួយគ្នានេះ នៅអំឡុង​ពេល​ផ្ទុះរាលដាល​នៃកូវីដ-១៩ នាពេលថ្មីៗនេះ អ្នកនាង Jun ក៏បាន​ចូលរួម​ធ្វើ​សប្បុរសធម៌​ជាច្រើនផងដែរ។

តារាសម្ដែង​ស្រី​កូរ៉េខាងត្បូង​មួយនេះ បាន​ចាប់ផ្ដើម​ល្បីឈ្មោះខ្លាំង​កាលពីឆ្នាំ២០០១ ជាមួយនឹង​ខ្សែភាពយន្ដ​រឿង My Sassy Girl និង​បន្ត​លេចធ្លោ​កាន់តែខ្លាំងថែមទៀត ពិសេស​នៅឆ្នាំ​២០១៦-២០១៧ ដែលនាង​បានសម្ដែង​តួឯក​ក្នុងរឿង​ The Legend of the Blue Sea ជាមួយនឹង​តារាសម្ដែងប្រុស Lee Min Ho។

តាម​រយៈ​ទិន្នន័យ​ដែលបាន​បង្ហាញដោយ​ The Toplist បច្ចុប្បន្ន​នាង​គិតតម្លៃខ្លួន​ដល់ទៅ ៨៤.០០០ ដុល្លារអាមេរិក​សម្រាប់​ការថតរឿង​មួយភាគ (ប្រភេទរឿងដុំកូរ៉េ ឬហៅថា K-dramas)។

តើ​ក្នុង​រយៈពេល​២០ឆ្នាំ​នៃភាពជោគជ័យ​លើ​វិស័យ​ភាពយន្ដ តើ​អ្នក​បាន​ប្រើប្រាស់​ប្រាក់ចំណូល​របស់​អ្នក​ទៅលើ​អ្វីខ្លះ?

ដើមឡើយ អ្នកនាង Jun Ji-hyun មាន​អាជីព​ជាអ្នកបង្ហាញម៉ូដ នៅពេលដែលមិត្តភក្ដិ​របស់នាង​បាន​ណែនាំនាង​ទៅកាន់​អ្នកថតរូប ហើយនាង​បាន​ថត​រូបភាពម៉ូដ​ដំបូង​ដាក់​ឲ្យ​ក្របមុខ​ទស្សនាវដ្ដី Ecole។

បន្ទាប់ពីរយៈពេល​៦ឆ្នាំ​ក្នុង​ការបង្ហាញខ្លួន​តាម​ខ្សែភាពយន្ដ និង​ការថតផ្សាយពាណិជ្ជកម្ម នាង​បាន​ចាប់ផ្ដើម​វិនិយោគ​លុយដែល​នាង​រកបាន​ទៅលើការទិញ​អចលនទ្រព្យ។ ប្រភពព័ត៌មាន​បាន​ឲ្យដឹងថា នាងបាន​ទិញ​យក​អគារ​មួយកន្លែង​កម្ពស់​៥ជាន់​ ដែលមានតម្លៃ ៧,១លាន​ដុល្លារអាមេរិក នៅក្នុង​តំបន់ Nonhyeon-dong នៃទីក្រុង​សេអ៊ូល កាលពីខែ​តុលា​ឆ្នាំ២០០៧។

តារាស្រីប្រចាំប្រទេស​កូរ៉េ​រូបនេះ ក៏ធ្លាប់ត្រូវបាន​ក្រុមហ៊ុន​ Hollywood អាមេរិក​ទាំងទង​ថត​ខ្សែភាពយន្ដផងដែរ។

ទោះបីជា​នាង​មានការជោគជ័យ និងមមាញឹក​លើ​អាជីព​សម្ដែអ​ក៏ដោយ ប៉ុន្ដែ​អ្នកនាង Jun នៅតែ​បន្ដ​ការវិនិយោគ​លើ​អចលនទ្រព្យ​។ នៅក្នុងឆ្នាំ២០១៣ នាង​បាន​ទិញ​អគារ​កម្ពស់​២ជាន់​មួយទៀត​តម្លៃ ៤,៥​លាន​ដុល្លារ នៅក្នុង​តំបន់ Inchon-dong។

នៅខែ​កុម្ភៈ ឆ្នាំ២០១៤ នាង​បានលាតត្រដាងថា នាង​គឺជាម្ចាស់អគារ​នៅក្នុង​តំបន់ Nonhyeon-dong ដែលមាន​ផ្សារមួយផងដែរ សរុបតម្លៃទៅ ប្រមាណ ១៤លាន​ដុល្លារអាមេរិក។ ៤ខែក្រោយមក នាងបាន​ទិញយក​អគារ​របស់​ក្រុមហ៊ុន Hyundai តម្លៃ ៦,២លាន​ដុល្លារ នៅក្នុង​តំបន់​ Sameong-dong ថែមទៀត។ នៅក្នុង​ខែ ឧសភា​ឆ្នាំ២០១៥ នាងបាន​ទិញយក​អគារ​កម្ពស់​២ជាន់​មួយទៀត នៅតំបន់​ដូចគ្នានេះ ក្នុងតម្លៃ ៣,៦លាន​ដុល្លារ។

ខណៈដែល​មានភាព​លេចធ្លោខ្លាំង​នៅក្នុង​វិស័យ​អចលនទ្រព្យ នាង​ក៏បានចាយវាយ​លើ​ការ​ធ្វើសម្បុរសធម៌​ផងដែរ។ នៅឆ្នាំ២០១៥ អ្នកនាង​ Jun បាន​បរិច្ចាគ​ថវិកា​ជាង​៤៤ម៉ឺន​ដុល្លារ ទៅកាន់​កុមារ​ដែលមាន​ម្ដាយ​ជាស្ត្រី​មេម៉ាយ ដែល​ការផ្ដល់ជូននេះ គឺតំណាង​ឲ្យ​ក្រុមហ៊ុន​ម៉ាក​ម៉ូដ (Fashion Brand) របស់នាង ដែលមាន​ឈ្មោះថា Miss។ នៅឆ្នាំដដែលនោះ នាងក៏បាន​បន្ដ​ធ្វើសម្បុរសធម៌ជាបន្ដបន្ទាប់។

ភាពជោគជ័យខ្លាំង​លើ​ខ្សែភាពយន្ដ The Legend of the Blue sea នៅឆ្នាំ២០១៦ ត្រូវបាន​គេដឹងថា បានធ្វើឲ្យ​ទ្រព្យសម្បត្តិ​របស់នាង​កើនឡើងយ៉ាងខ្លាំង។ តាមរយៈ​ប្រភពព័ត៌មាន Soompi បានរាយការណ៍ថា នាង​បាន​ថត​ស្ពតពាណិជ្ជកម្ម​ចំនួន ១៤ រកចំណូលបាន​ប្រមាណ ជិត​១២​លាន​ដុល្លារ។ ក្នុងស្ពតពាណិជ្ជកម្ម​មួយ នាង​គិតតម្លៃខ្លួន​ ៨៥២.០០០ ដុល្លារអាមេរិក និងការថតរឿង​ដុំ មួយភាគតម្លៃ​ ៨៥.២០០ ដុល្លារអាមេរិក។

បន្ទាប់មក​នៅឆ្នាំ២០១៧ នាង​បាន​ធ្វើការវិនិយោគ​ដ៏​សម្បើមមួយ​ លើសពីអ្វីដែល​នាង​ធ្លាប់បាន​ធ្វើ​នាពេល​កន្លងមក​ដោយ​នាង​បាន​ទិញយក​អគារ​មួយ នៅ​សង្កាត់​ Gangnam ក្នុងតម្លៃ ២៨,៥​លាន​ដុល្លារ ដោយ​បង់​ជាប្រាក់សុទ្ធ។

៤ឆ្នាំក្រោយមក នាង Jun Ji-hyun បានត្រឡប់​ចូល​មក​ថតខ្សែភាពយន្ដ​ភាគចុងក្រោយ​រឿង Kingdom ដែលមាន​បញ្ចាំង​នៅលើ​Netflix។ អ្នកនាង Jun ក៏បាន​បរិច្ចាគ​ថវិកា​៨៤.០០០ ដុល្លារ​សម្រាប់​ជួយ​ដល់​អ្នកឆ្លង​មេរោគ​កូវីដ-១៩ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ គ្រោង​បញ្ចេញថវិកាជាង ១,៤ពាន់លានដុល្លារទៀត ជួយដល់ពលរដ្ឋរងគ្រោះព្រោះកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានត្រៀមរៀបចំនូវកញ្ចប់ថវិកាជាង ១,៤ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីចែកជូនទៅដល់ ប្រជាពលរដ្ឋ១៥លាននាក់របស់ខ្លួន ដែល…

ចិនចង់​បាន​"ព្រែក​ជីក"​​កាត់ប្រទេសថៃចូលទៅក្នុង​សមុទ្រ​ឥណ្ឌា

ព័ត៌មាន
ខណៈដែល​ភាពតានតឹង​រវាង​ចិន​និង​ឥណ្ឌា​កើនកម្ដៅ​កាន់តែខ្លាំងឡើងៗ ប្រទេស​ចិន​ចង់​កសាង​ព្រែក​ជីកមួយ​ ពុះកាត់​ជ្រោយ ក្រា របស់​ប្រទេសថៃ ដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ