បុណ្យចូលឆ្នាំថ្មីប្រពៃណី​ខ្មែរ

អ្នកស្រុកកំពង់លែងអបអរឆ្នាំថ្មីជាមួយនឹង«សង្ក្រាន្តភ្នំទូកមាស»ដ៏ធំបំផុត រៀបចំឡើងដោយមូលនិធិរបស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ


ខេត្តកំពង់ឆ្នាំង -- នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អ្នកស្រុកអ្នកភូមិចាស់ក្មេងប្រុសស្រីដ៏ច្រើនកុះករមកពីគ្រប់ទិសទី នាថ្ងៃទី១៤ ខែមេសា ត្រូវនឹងថ្ងៃទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បាននាំគ្នាមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍«សង្ក្រាន្តភ្នំទូកមាស» រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ដែលសហការរៀបចំឡើងដោយមូលនិធិ អ៊ឹង ហ្វោនដេសិន (ING Foundation) របស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
អ្នកស្រុកកំពង់លែងអបអរឆ្នាំថ្មីជាមួយនឹង«សង្ក្រាន្តភ្នំទូកមាស»ដ៏ធំបំផុត រៀបចំឡើងដោយមូលនិធិរបស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ

នេះជាលើកដំបូងបង្អស់ហើយសម្រាប់ប្រជាជននៅស្រុកកំពង់លែងដែលបានសប្បាយរីករាយបុណ្យចូលឆ្នាំថ្មី ជាមួយនឹងព្រឹត្តិការណ៍ដ៏ធំបំផុតបែបនេះ ដោយមានការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំសិល្បៈបុរាណសម័យ ការប្រគំតន្ត្រី ល្ខោន និងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត សម្រាប់រយៈពេលបីយប់បីថ្ងៃពេញតែម្ដង ។

ឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងជាប្រធានមូលនិធិ ING Foundation បានថ្លែង នៅក្នុងពិធីបើកកម្មវិធី«សង្ក្រាន្តភ្នំទូកមាស» ថា ការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារឹកនិងដ៏សប្បាយរីករាយនាពេលនេះ អាចធ្វើទៅបាន គឺដោយសារប្រទេសមានសុខសន្តិភាពនិងស្ថិរភាពពេញលេញ និងជាពិសេស ដោយសារកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយជោគជ័យ ដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញ និងបើកការប្រារព្ធបុណ្យចូលឆ្នាំថ្មីឡើងវិញ នៅទូទាំងប្រទេស ។ 

ឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងជាប្រធានមូលនិធិ ING Foundation ចូលរួមលែង​បាញ់ព្រួញ​ក្នុង​ពិធីសង្ក្រាន្តភ្នំទូកមាស ថ្ងៃទី១៤ មេសា​ ២០២២។

ឧកញ៉ា អុឹង ប៊ុនហ៊ូវ បានថ្លែងដូច្នេះថា ៖ «សង្ក្រាន្តភ្នំទូកមាស»ប្រារព្ធឡើងស្ថិតក្រោមដំបូលម្លប់សន្តិភាព និងដើម្បីរំឭកគុណដល់បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវប្រពៃណីនិងវប្បធម៌ដ៏ល្អផូរផង់សម្រាប់កូនចៅជំនាន់ក្រោយ ។» 

ឧកញ៉ាបានថ្លែងបន្តថា ៖ «ព្រឹត្តិការណ៍នេះរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់វប្បធម៌ដល់ប្រជាជនខ្មែរពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស សំដៅអប់រំផ្សព្វផ្សាយអំពីវប្បធម៌និងសីលធម៌ ឱ្យចេះរួបរួមគ្នាជាធ្លុងមួយ ប្រកបដោយឆន្ទៈម្ចាស់ការថែរក្សាការពារ និងបណ្ដុះគំនិតលើកតម្កើងកេរដំណែលវប្បធម៌ជាតិ ទាំរូបី និងអរូបី ឱ្យបានស្ថិតស្ថេរគង់វង្ស ។» 

ឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងជាប្រធានមូលនិធិ ING Foundation ថតរូបអនុស្សាវរីយ៍ជាមួយសិល្បករ ក្នុងពិធីសង្ក្រាន្ត ភ្នំទូកមាស ថ្ងៃទី១៤ មេសា ២០២២។

ឧកញ៉ា អុឹង ប៊ុនហ៊ូវ ក៏បានគូសបញ្ជាក់ផងដែរថា ការដែលរៀបចំព្រឹត្តិការណ៍នៅក្នុងទីកន្លែងហ៊ុមព័ទ្ធទៅដោយព្រៃព្រឹក្សាជុំវិញដូចនេះ គឺក្នុងគោលបំណងជំរុញឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប«ចាប់អារម្មណ៍និងងាកមកស្រឡាញ់ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ ដែលមាននៅលើកទឹកដីដ៏អច្ឆរិយៈនៃយើង និងដើម្បីការពារភពផែនដីដ៏ស្រស់បំព្រង រក្សាបាននូវលក្ខខណ្ឌធម្មជាតិដែលនឹងផ្ដល់ត្រឡប់មកឱ្យយើងវិញ ។» 

គួរបញ្ជាក់ថា «សង្ក្រាន្តភ្នំទូកមាស» រយៈពេលបីយប់បីថ្ងៃនេះ ធ្វើឡើងនៅក្នុងភូមិដំណាក់កកោះ ឃុំពោធ៍ ស្រុកកំពង់លែង ដែលជាស្រុកកំណើតកើតជារបស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងជាតំបន់ដែលឧកញ៉ាបាននិងកំពុងអភិវឌ្ឍឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិនិងវប្បធម៌ទំហំប្រមាណ ២០០ហិកតា ។ 

ការសម្ដែងរបាំក្នុងពិធីសង្ក្រាន្តភ្នំទូកមាស នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ នាថ្ងៃទី១៤​ មេសា ២០២២។

ថ្លែងនៅក្នុងពិធីបើក«សង្ក្រាន្តភ្នំទូកមាស»នេះដែរ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការនិងជាតំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ការសហការគ្នារៀបចំព្រឹត្តិការណ៍ប្រពៃណីវប្បធម៌នាពេលនេះ រវាងក្រសួងវប្បធម៌ និង មូលនិធិ អ៊ឹង ហ្វោនដេសិន គឺជាគំរូសនៃកិច្ចសហប្រតិបត្តិការដ៏ត្រឹមត្រូវនិងមានគុណតម្លៃមួយ រវាងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការសហការរួមគ្នាថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ ។ 

ឯកឧត្ដម ហាប់ ទូច មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «កាយវិការគាំទ្រដ៏ប្រពៃនេះ គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលបាននិងកំពុងអនុវត្តក្នុងឆ្នាំថ្មីៗនេះ ដែលណែនាំឱ្យស្ថាប័នសាធារណៈសហការជាមួយដៃគូឯកជនដើម្បីធ្វើសកម្មភាពគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ។» 

នៅក្នុងព្រឹត្តិការណ៍«សង្ក្រាន្តភ្នំទូកមាស»នេះ បើតាមលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប៉ាន់ស្មានថា អាចនឹងមានប្រជាជនប្រហែល ២ម៉ឺននាក់ មកចូលរួមលេងកម្សាន្តនៅក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅភូមិដំណាក់កកោះនេះ សម្រាប់រយៈពេល ៣ថ្ងៃ៣យប់នេះ ។ 

កញ្ញា ស្រីម៉ុច មកពីភូមិកណ្ដាល ស្រុកកំពង់លែង ចូលរួមលេងកម្សាន្តក្នុងពិធីសង្ក្រាន្តភ្នំទូកមាស ថ្ងៃទី១៤ មេសា ២០២២។

យុវតី ស្រីម៉ុច មកពីភូមិកណ្ដាល ស្រុកកំពង់លែង ដែលបានមកលេងកម្សាន្តក្នុងពិធីបុណ្យនឹងគេដែរ បាននិយាយទាំងសប្បាយរីករាយថា «ការរៀបចំព្រឹត្តិការណ៍នេះមានប្រយោជន៍ ធ្វើឱ្យគេស្គាល់វប្បធម៌របស់យើង និងធ្វើឱ្យក្មេងៗជំនាន់ក្រោយស្គាល់ល្បែងប្រជាប្រិយខ្មែរ ។ ចង់ឱ្យធ្វើបែបហ្នឹងរាល់ឆ្នាំ ព្រោះអីសប្បាយ ។»

អ្នកស្រី ឆៃឡាក់ ពលរដ្ឋ​មកពីភូមិកណ្ដាល ស្រុកកំពង់លែង ចូលរួមលេងកម្សាន្តក្នុងពិធីសង្ក្រាន្តភ្នំទូកមាស ថ្ងៃទី១៤ មេសា ២០២២។

ស្រ្តីមេផ្ទះមួយរូបទៀត ឈ្មោះ ឆៃឡាក់ ដែលមកពីភូមិកណ្ដាលដែរ បាននិយាយថា គាត់បានលេងចោលឈូង និងរាំកម្សាន្តជាមួយគេឯង ។ 

អ្នកស្រី ឆៃឡាក់ និយាយយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ដែលបានមកលេងភូមិស្រុកខ្ញុំ ធ្វើឱ្យស្រុកភូមិខ្ញុំសប្បាយ ចង់ឱ្យមកលេងរហូត ។» 

អ្នកស្រុកអ្នកភូមិរាំលេងកម្សាន្ត នាពិធីសង្ក្រាន្ត ភ្នំទូកមាស ស្រុកកំពង់លែង ថ្ងៃទី១៤ មេសា ២០២២ ។

គួរបញ្ជាក់ថា សង្ក្រាន្តភ្នំទូកមាស រៀបចំឡើងដោយមូលនិធិ អ៊ឹង ហ្វោនដេសិន របស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅក្នុងតំបន់ភ្នំទូកមាស ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ដែលឧកញ៉ាគ្រោងអភិវឌ្ឍឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនិងវប្បធម៌ ដែលនឹងមានកសាងព្រះវិហារវត្តអារាម មណ្ឌលវិបស្សនា សាលាពុទ្ធិកសិក្សា ស្រះទឹកដ៏ធំល្វឹងល្វើយ ព័ទ្ធជុំវិញដោយកន្លែងកម្សាន្តបែបធម្មជាតិ ដែលស័ក្ដិសមបំផុតជាកន្លែងសម្រាកលំហែកាយសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ៕  

ការលេងល្បែងប្រជាប្រិយលាក់កន្សែង នាពិធីសង្ក្រាន្ត ភ្នំទូកមាស ស្រុកកំពង់លែង ថ្ងៃទី១៤ មេសា ២០២២ ។
ការសម្ដែងសៀក នាពិធីសង្ក្រាន្ត ភ្នំទូកមាស ស្រុកកំពង់លែង ថ្ងៃទី១៤ មេសា ២០២២ ។


ទស្សនាវីដេអូ ៖ ឧកញ៉ា អុឹង ប៊ុនហ៊ូវ នឹងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង




អត្ថបទបន្ទាប់


តោះ! លេងចោលឈូងចូលឆ្នាំថ្មី និងឈ្នះរង្វាន់ជាមួយ CamID/eMoney

ព័ត៌មាន
ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតរបស់កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតយុទ្ធនាការដ៏គួរឱ្យរំភើបមួយ …

ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ប្រារព្ធសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងសប្បាយរីករាយ និងអធិកអធម!

ព័ត៌មាន
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានប្រារព្ធឡើង យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅទីតាំងស្នាក់ការក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ