សហគ្រិនភាព

ដើម្បីក្លាយជាសហគ្រិនជោគជ័យ ដំបូង អ្នកត្រូវចេះច្បាស់ជំនាញមូលដ្ឋានមួយសិន!


សហគ្រិន​ដែល​ជោគជ័យ​គ្រប់​គ្នា​ត្រូវការ​ជំនាញ​រាប់​មិន​អស់​ រាប់​ចាប់​តាំង​ពី​ការ​ច្នៃ​ប្រឌិត​ក្នុង​ការ​រៀបចំ​​តាក់តែង​​គម្រោង រហូត​ទៅ​ដល់​ការ​វិភាគ​ដោយ​ឯករាជ្យ​សមហេតុ​សមផល និង​ការ​សម្រេច​ចិត្ត។
ដើម្បី​ក្លាយ​ជា​សហគ្រិន​ដែល​ជោគជ័យ អ្នក​ត្រូវ​ចេះ​ជំនាញ​មួយ​ច្បាស់​សិន គឺ​សិល្បៈ​នៃ​ការទំនាក់​ទំនង។ រូបភាព៖ Pixabay.com

ជំនាញ​ទាំង​នោះ​គឺ​មាន​ភាព​ស្មុគស្មាញ និង​ខ្លះ​ទៀត​ប្រាកដ​ប្រជា ដែល​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​មាន​បទ​ពិសោធន៍ និង​ការ​សិក្សា​ដើម្បី​ប្រើប្រាស់​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ប៉ុន្តែ រាល់​សហគ្រិន​ជោគជ័យ​ទាំង​អស់​យល់​ស្រប​គ្នា​ថា មាន​ជំនាញ​មួយ​ចាំបាច់​បំផុត ហើយ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឲ្យ​ការងារ និង​មុខ​របរ​អាជីវកម្ម​ប្រកប​ដោយ​ជោគជ័យ​នោះ​គឺ សិល្បៈ​ក្នុង​ការ​ទំនាក់​ទំនង។ 

បើ​តាម​ទស្សនាវដ្តី​សហគ្រិនភាព បាន​ចុះ​ផ្សាយ​ថា អ្វីៗ​គ្រប់​យ៉ាង​គឺ​ចាប់​ផ្តើម​ពី​កិច្ច​សន្ទនា​មួយ។ ជំនាញ​ក្នុង​ការ​ទំនាក់​ទំនង​គឺ​ជា​កត្តា​កំណត់​មួយ​ដើម្បី​ឲ្យ​វិស័យ​ផ្សេងៗ​ទៀត​ដើរ​ទៅ​មុខ​ក្រោម​ការ​ដឹកនាំ​របស់​យើង។ 

ឧទាហរណ៍​ជាក់​ស្តែង យើង​ចាំបាច់​ត្រូវ​ប្រើ​ជំនាញ​ប្រកប​ដោយ​សិល្បៈ​ទំនាក់​ទំនង​ក្នុង​ការងារ​ជា​ច្រើន​ដូចជា៖

  1. ការធ្វើ​បទ​បង្ហាញ​គម្រោង​អាជីវកម្ម​ទៅ​កាន់​វិនិយោគិន
  2. បញ្ចុះ​បញ្ចូល​អតិថិជន
  3. សម្ភាស​ជ្រើសរើស​សមាជិក​ក្រុម
  4. កិច្ច​ប្រជុំ​នានា
  5. ការ​ចរចា​ធុរកិច្ច

ការពិត​ទៅ ទំនាក់​ទំនង​គឺ​ជា​ជំនាញ​មូលដ្ឋាន​មួយ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​គ្រប់​វិស័យ​ទាំង​អស់​នៃ​អាជីវកម្ម​របស់​យើង។ ប៉ុន្តែ បើ​និយាយ​ពី​ជំនាញ​នេះ​វិញ​ គឺ​គ្មាន​ថ្នាក់​បង្រៀន​ណា​មួយ​ជាក់​ច្បាស់​បង្ហាញ​អំពី​រូបមន្ត​ស័ក្ដិ​សិទ្ធ​ដើម្បី​ទំនាក់​ទំនង​របស់​យើង​នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​ការ​ប្រតិបត្តិ​របស់​យើង​ម្នាក់ៗ។ 

ថ្វី​ត្បិត​តែ​មិន​មាន​ថ្នាក់​បង្រៀន​ជាក់លាក់​ណា​មួយ​អំពី​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ជំនាញ​ទំនាក់​ទំនង​យ៉ាង​ណា​ក៏​ដោយ​ តែ​បើ​តាម​ទស្សនាវដ្តី​សហគ្រិន​ភាព​ យើង​អាច​ដុស​ខាត់​ជំនាញ​ទំនាក់​ទំនង​នេះ ឲ្យ​កាន់​តែ​​ប្រសើរ​ឡើង​តាម​គន្លឹះ​ទាំង​៥​ខាង​ក្រោម​នេះ៖

១. ផ្ចង់​អារម្មណ៍​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ 

មាន​អត្ថបទ​និង​ឯកសារ​ជា​ច្រើន​បាន​ប្រាប់​យើង​ឲ្យ​សម្តែង​ការ​យក​ចិត្ត​ទុកដាក់​តាមរយៈ​ការ​ប្រើ​ក្រសែ​ភ្នែក​ទំនាក់​ទំនង ងក់​ក្បាល ឬ​ថា​តាម​នូវ​អ្វី​ដែល​គេ​បាន​ប្រាប់​យើង។ ប៉ុន្តែ បើ​តាម​លោក​ស្រី សេឡេស ហេដលី (Celeste Headlee ) បាន​លើក​ឡើង​ថា ហេតុ​ដូចម្តេច​បាន​ជា​យើង​ចាំបាច់​ត្រូវ​សម្តែង​ធ្វើ​ជា​យក​ចិត្ត​ទុក​ដាក់ ក្នុង​ខណៈ​​ដែល​យើង​កំពុង​តែ​ផ្តោត​អារម្មណ៍​របស់​យើង។

មនុស្ស​មាន​កាយ​វិការ​និង​លក្ខណ​សម្បត្តិ​ក្នុង​ការ​ផ្ចង់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​តាម​បែប​ផែន​ផ្សេងៗ​គ្នា។ នៅពេល​ដែល​យើង​សន្ទនា យើង​ត្រូវ​ផ្ទៀងផ្ទាត់​ស្តាប់​គេ​និយាយ​ពី​អ្វី ដើម្បី​ឲ្យ​យើង​ក្រេប​បាន​ពី​ខ្លឹមសារ និង​​ប្រាស្រ័យ​ទាក់ទង​ត្រឡប់​ទៅ​វិញ​ដើម្បី​យល់​ឲ្យ​កាន់​តែ​ច្បាស់។

២. សួរ​សំណួរ​ដែល​មាន​ចម្លើយ​បើក​ទូលាយ 

ដំបូន្មាន​ទូទៅ​មួយ​សម្រាប់​ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​យើង​ប្រសើរ​ឡើង​នោះ គឺ​ការ​សួរ​សំណួរ​ឲ្យ​បាន​ច្រើន ប៉ុន្តែ នេះ​ជួយ​បាន​តែ​ពាក់​កណ្តាល​ទេ។ យើង​អាច​សួរ​សំណួរ​ខ្លះ​ដដែលៗ​ដើម្បី​គ្រាន់តែ​ចង់​បាន​​ចម្លើយ​មួយ​ល្អ​តែ​ប៉ុណ្ណោះ ប៉ុន្តែ បើ​សិន​ជា​យើង​សួរ​សំណួរ​បើក​ដោយ​ឲ្យ​អ្នក​ឆ្លើយ​អាច​បើក​ទូលាយ​បាន នោះ​យើង​នឹង​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត​ក្រៅ​ពី​ចម្លើយ។

៣. បណ្តោយ​ឲ្យ​ការ​សន្ទនា​ទៅ​តាម​ដំណើរ​របស់​វា 

ក្នុង​អំឡុង​​ពេល​យើង​ប្រាស្រ័យ​ទាក់ទង​គ្នា វា​នឹង​មាន​បញ្ហា និង​ចំណុច​ជា​ច្រើន​លេច​ឡើង​ក្នុង​ខណៈ​នោះ។ ចូរ​កុំ​ខំ​ប្រឹង​កម្រិត ឬ​ដាក់​ដែន​កំណត់​លើ​ការ​សន្ទនា​ទាំង​នោះ​ពេក ព្រោះ​វា​អាច​កម្រិត​នូវ​គំនិត​ថ្មីៗ​របស់​យើង​​ផង​ដែរ។ គោលបំណង​នៃ​កិច្ច​សន្ទនា​របស់​យើង​គឺ​រក្សា​ធ្វើ​ម៉េច​ឲ្យ​កិច្ច​សន្ទនា និង​ការ​ប្រាស្រ័យ​ទាក់ទង​សកម្ម​រស់​រវើក​និង​មាន​ភាព​វិជ្ជមាន។  

៤. កំហុស​ពី​ការ​ប្រយ័ត្ន​ពេក 

មនុស្ស​ជាច្រើន​នឹង​កត់​សម្គាល់​លើ​ពាក្យ​សម្តី​របស់​យើង អ៊ីចឹង​យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ឆ្លើយ​តប និង​ប្រាស្រ័យ​ទាក់ទង​នោះ។ ឧទាហរណ៍​ក្នុង​ករណី​អាជីវកម្ម​កុំព្យូទ័រ​មួយ បើសិន​ជា​អតិថិជន​ម្នាក់​​មក​សួរ​យើង​ថា តើ​អាច​សម្រួល​ធ្វើ​ម៉េច​ឲ្យ​ប្រព័ន្ធ Software របស់​គាត់ ឲ្យ​ត្រូវ​ជាមួយ​ម៉ាស៊ីន​ថ្មី​បាន​ឬទេ? ចូរ​កុំ​ឆ្លើយ​ថា បាន ភ្លាមៗ ក្នុង​ករណី​យើង​មិន​ច្បាស់​ តែ​ព្រោះ​តែ​ចង់​យក​ចិត្ត​អតិថិជន​ពេក។

វិធី​ល្អ​បំផុត​គឺ​បន្លាយ​ការ​សន្ទនា​ឲ្យ​បាន​វែង​ដើម្បី​ឆែក​ជាមួយ​ក្រុម​ការងារ ឬ​អ្នក​បច្ចេកទេស​សិន។ ចម្លើយ​ដែល​យើង​គួរ​ប្រើ​ក្នុង​ករណី​ចៀស​មិន​បាន គឺ​យើង​មិន​ដឹង​ច្បាស់​នោះ​ទេ ចាំ​ឆែក​បន្តិច​សិន។ 

៥. ប្រសិន​បើ​មិន​ចាំ​បាច់​ទេ រំលង​ចោល​ចំណុច​ណា​ពិស្តារៗ​ពេក 

ខ្លី តែ​ច្បាស់​លាស់ គឺ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ឥទ្ធិពល​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​របស់​យើង​មាន​ន័យ គេ​ស្តាប់​បាន។ អ៊ីចឹង មាន​ពេល​ខ្លះ រក្សា​កិច្ច​សន្ទនា​របស់​យើង​ឲ្យ​មាន​លក្ខណៈ​ខ្លី​ខ្លឹម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មាន​ការ​ភ្ញាក់​ផ្អើ​ល​និង​បារម្ភ​ ​ពេល​ឮ​ថា ចិន​នឹង​សង់​ព្រលាន​យន្តហោះ​ធំ​បំផុត​នៅ​វៀតណាម

ព័ត៌មាន
នៅ​ក្នុង​ប្រទេស​វៀតណាម មាន​ការ​ចោទ​ជា​សំណួរ​ទៅ​លើ​ជំនាញ​របស់​ក្រុមហ៊ុន​ចិន ដែល​ត្រូវ​គេ​ដាក់​ស្នើ​សុំ​ឲ្យ​កសាង​ព្រលាន​យន្តហោះ​ដ៏​ធំ​…

ផ្សារ Makro គ្រោង​ពង្រីក​៩​សាខា​នៅ​កម្ពុជា ខណៈ​សាខា​ទី១​សង់​រួច​នៅ​ចុង​ខែ​តុលា​ឆ្នាំនេះ

ព័ត៌មាន
តំណាង​ផ្សារ​លក់​ទំនិញ​បោះដុំ Makro នៅ​កម្ពុជា បាន​អះអាង​ប្រាប់ ខេមបូណូមីស ថា ចុង​ខែ​តុលា​ខាង​មុខ​នេះ អគារ​ផ្សារ Makro នឹង​ត្រូវ​​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ