វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា

កម្ពុជាទិញវ៉ាក់សាំងចិន Sinovac ចំនួន ១,៥លានដូសទៀតនឹងមកដល់នៅថ្ងៃទី២៦មីនានេះ


វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន នឹងត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងការថ្លែងសារពិសេសមួយនៅថ្ងៃទី១៩ មីនា។
វ៉ាក់សាំង Sinopharm ដែលឧបត្ថម្ភដោយប្រទេសចិន ដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២១ រូបភាព៖ Xinhua
ដោយ

ស្របពេលការឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរីករាលខ្លាំងនៅតាមតំបន់មួយចំនួនជាពិសេសរាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុកម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Sinovac ចំនួន១,៥លានដូសពីប្រទេសចិន ដើម្បីចាក់ជូនពលរដ្ឋនៅតាមតំបន់ ដែលរងការរីករាលដាលខ្លាំងពីជំងឺកូវីដ-១៩។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ភាគីចិនបានជូនដំណឹងមកកម្ពុជាថា វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាបញ្ជាទិញពីខ្លួននឹងដល់នៅចុងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ក្នុងការថ្លែងសារពិសេសយ៉ាងដូច្នេះថា៖«ក្នុងពេលដែលជំងឺរាតត្បាតនៅទីក្រុងភ្នំពេញធ្ងន់ធ្ងរ ហើយនៅក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា នេះបើតាមការជូនដំណឹងពីភាគីមិត្តចិន ដែលយើងបានទិញ Sinovac ចំនួន១លាន៥សែនដូស»។

ទន្ទឹមនឹងនេះសម្តេច ហ៊ុន សែន រំពឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Sinopharm ចំនួន៤០ម៉ឺនដូស ដែលជាជំនួយរបស់ចិនក្នុងដំណាក់កាលទី២ នឹងមកដល់នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

សម្តេចបានបន្ថែមថា៖«ខ្ញុំសូមគូសបញ្ជាក់អំពី​អាទិភាពនៃការប្រើប្រាស់ AstraZeneca ដែលយើងត្រូវប្រមូលផ្តុំចាក់សម្រាប់អ្នកដែលមានអាយុ​លើសពី ៦០ឆ្នាំឡើង។ ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ នៅតាមមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏បានផ្តល់ឲ្យអ្នកមានអាយុក្រោម ៦០ឆ្នាំបានចាក់ AstraZeneca ផងដែរ ដែលបញ្ហានេះធ្វើឲ្យខុសជាមួយគោលនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល»។

សម្តេច ស្នើឲ្យមន្ទីរពេទ្យមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលយកវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចាក់ឲ្យអ្នកមានអាយុក្រោម​៦០ឆ្នាំ ផ្អាកការចាក់ជាបណ្តោះអាសន្ន។ បច្ចុប្បន្នកម្ពុជានៅសល់​វ៉ាក់សាំងកូវីដ-១៩ Astra Zeneca ជាង១០ម៉ឺនដូស ដែលអាចចាក់ឲ្យពលរដ្ឋបានចំនួនជាង៥ម៉ឺននាក់។

ជាមួយគ្នានេះ សម្តេច ជំរុញឲ្យលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបង្កើតឡើងថ្មីៗ រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់ចែងរៀបចំចាក់សាំងកូវីដ-១៩ AstraZeneca ដែលនៅសល់​ដល់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី​មីយ៉ាន់ម៉ា​អះអាងថា បាន​ផ្ដល់​សំណូក​ទៅ​ឲ្យ​ អ៊ុងសានស៊ូជី ខណៈ​ដែល​របប​យោធា​បង្កើន​ការវាយប្រហារ

ព័ត៌មាន
មហាសេដ្ឋី​មីយ៉ាន់ម៉ា ឈ្មោះ Maung Waik បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋ​ដោយ​អះអាងថា លោក​បាន​ផ្ដល់សំណូក​ជា​លុយ​សុទ្ធ ៥សែន​ដុល្លារ​អាម…

40 ចំណុចដែលបញ្ជាក់ថា Ford Ranger XLT 2021 មានប្រៀបជាងដៃគូប្រកួតប្រជែង

ព័ត៌មាន
បច្ចុប្បន្ននេះយើងសង្កេតឃើញថាទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមជាមួយគ្នានេះដែរក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ