ការចិញ្ចឹមសត្វ

សហគមន៍អ្នកចិញ្ចឹមគ្រំចំពុះទានៅកោះកុង ទទូចស្វែងរកទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នពឹងខ្លាំងលើទីផ្សារថៃ និង វៀតណាម


គ្រំចំពុះទា ត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង ដោយក្នុងមួយឆ្នាំៗអាចប្រមូលផលបានជាង៣ពាន់តោន ហើយតម្លៃរបស់វាមាន ជាង១ពាន់រៀល ទៅ២ពាន់រៀលក្នុងមួយគីឡូក្រាមសម្រាប់គ្រំនៅទាំងសម្បក ប៉ុន្ដែសម្រាប់សាច់គ្រំសុទ្ធវិញ មានតម្លៃចន្លោះពី៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ។ បើតាមអ្នកចិញ្ចឹមគ្រំចំពុះទានេះ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្ន ទីផ្សារដ៏ធំនៃគ្រំចំពុះទា គឺត្រូវបានបញ្ជាទិញដោយឈ្មួញពីប្រទេសថៃ និងវៀតណាម ដោយមិនសូវមានតម្រូវការទីផ្សារនៅក្នុងស្រុកនោះទេ។
សហគមន៍អ្នកចិញ្ចឹមគ្រំចំពុះទានៅកោះកុង ទទូចស្វែងរកទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នពឹងខ្លាំងលើទីផ្សារថៃ និង វៀតណាម
ដោយ

ប្រជាសហគមន៍ ស្នើដល់ រដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធសូមជួយរកទីផ្សារក្នុងស្រុកបន្ថែម ដ្បិតថា ការពឹងផ្អែកតែលើឈ្មួ្ញញកណ្ដាលពីប្រទេសជិតខាងនេះ គឺមានប្រឈមនឹងបញ្ហាច្រើនណាស់។ 

គ្រំចំពុះទា ឬអ្នកខ្លះហៅថាខ្យងចំពុះទា មានចិញ្ចឹមនៅតែខេត្តកោះកុងមួយគត់ ក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា។ នៅក្នុងនោះដែរ ការចិញ្ចឹមគ្រំនេះ មាននៅក្នុងឃុំចំនួន៣ប៉ុណ្ណោះ គឺឃុំពាមក្រសោប នៃស្រុកមណ្ឌលសីមា និងឃុំកាពិនិងឃុំជ្រោយប្រស់ នៃស្រុកកោះកុង ដោយការចិញ្ចឹមនៅលើផ្ទៃសរុបប្រមាណ៥០០ហិកតា ហើយក្នុងមួយឆ្នាំៗទិន្នផលគ្រំចំពុះទាមានប្រមាណ ៥ ទៅ៦ពាន់តោន ដោយក្នុងមួយគ្រួសារអាចរកចំណូលបានចន្លោះពី៤ពាន់៥រយ ទៅ៦ពាន់ដុល្លារក្នុងមួយឆ្នាំៗ។

គ្រំចំពុះទា ស្រស់ទាំងសំបកមានអាចលក់បានក្នុងតម្លៃ ជាង១ពាន់រៀល ទៅ២ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈដែលសាច់គ្រំសុទ្ធ មានតម្លៃចន្លោះពី៤ម៉ឺនរៀលទៅ៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ។

លោក វង្ស តារា សមាជិកក្រុមប្រឹក្សាឃុំពាមក្រសោប និងជាអ្នកចិញ្ចឹមគ្រំចំពុះទានេះ ជិត៣០ឆ្នាំមកហើយដែរនោះ បានរៀបរាប់ប្រាប់ក្រុមការងារខេមបូណូមីសថា ការចិញ្ចឹមគ្រំប្រភេទនេះ គឺចិញ្ចឹមតាមបែបធម្មជាតិ ដោយមិនមានការផ្តល់ចំណីអ្វីទេ គឺពលរដ្ឋគ្រាន់តែចំណាយលុយទិញបង្គោលឈើ និងខ្សែសម្រាប់វាតោងប៉ុណ្ណោះ ដោយត្រូវប្រមូលផលរៀងរាល់មួយឆ្នាំម្តង នៅអំឡុងខែកញ្ញា ដល់ខែធ្នូ។

លោក វង្ស តារា បានបន្ថែមថា ទីផ្សារសំខាន់របស់គ្រំចំពុះទានេះគឺ ប្រទេសថៃជាង៨០% ខណៈដែលនាំចេញទៅវៀតណាមជាង១៥% និងមានតិចតួចប៉ុណ្ណោះសម្រាប់ទីផ្សារក្នុងស្រុក។ លោក វង្ស តារាអះអាងថា សហគមន៍ពាមក្រសោប កំពុងមានការព្រួយបាម្ភចំពោះបញ្ហាទីផ្សារនេះ ដោយសារសព្វថ្ងៃពឹងតែលើប្រទេសជិតខាង មិនទៀងទាត់ ដោយលោកស្នើឲ្យក្រសួងក៏ដូចជា ភាគីពាក់ព័ន្ធជួយស្វែងរកទីផ្សារក្នុងស្រុកបន្ថែម ជៀសវាង ការចិញ្ចឹមបានហើយ គ្មានទីផ្សារដូចកាល២ឆ្នាំមុន។

បើតាមលោកលោក វង្ស តារា សម្រាប់ឃុំទាំង៣ ដែលមានចិញ្ចឹមគ្រំចំពុះទានេះ អាចប្រមូលផលបានមួយឆ្នាំប្រមាណ៥ពាន់ទៅ៦ពាន់តោន ដោយឈ្មួញថៃទៅចាំទិញគ្រំទាំងសំបកតែម្តងនៅ    សមុទ្រ ដែលគេនឹងយកទៅសំអាតនៅរោងចក្រនិងកែឆ្នៃធ្វើជាប្រេងខ្យង។

លោកថា បើសិនគ្រំបកសំបករួចលក់សាច់ គឺបានថ្លៃជាងមែន ប៉ុន្តែ បើបូកបញ្ជូលទាំងការចំណាយកម្លាំងពលកម្ម ចំណាយពេលបក គឺមិនចំណេញ ដូចការលក់ទាំងសំបកនោះទេ។ ម្យ៉ាងវិញទៀត គ្រំសាច់សុទ្ធ មួយគីឡូ ស្មើនឹងគ្រុះសំបកពី ១២ ទៅ១៥គីឡូ ដូចនេះពលរដ្ឋទាំងអស់ គឺនិយមលក់គ្រំចំពុះទានេះទាំងសំបកតែម្ដង។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានអះអាងថា ចំពោះបញ្ហាទីផ្សារនេះដែរ បន្ទាប់ពីក្រសួងបរិស្ថានបានចុះទៅដល់សហគមន៍ពាមក្រសោបហើយ មើលឃើញថា គ្រំចំពុះទានេះ មានសក្តានុពល ដែលអាចក្លាយជាអាហារដ៏ពេញនិយមរបស់អ្នកទេសចរណ៍ផងនោះ ក្រសួងបានបង្កើតគម្រោងមួយដែលឈ្មោះថា  "និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា" នៃក្រសួងបរិស្ថាន ដោយក្រសួងនឹងប្រមូលទិញគ្រំចំពុះទានេះពីពលរដ្ឋដែលចងក្រងគ្នាជាសហគមន៍រួចហើយ បន្ទាប់មក ក្រសួងនឹងទាក់ទង ដើម្បីចែកចាយដល់ផ្សារម៉ាក្រូ ផ្សារទំនើបនានា ក៏ដូចជាសណ្ឋាគារធំៗ នៅទីក្រុងភ្នំពេញ។

សូមជម្រាបថា ក្រៅពីការនាំចេញដើម្បីកែច្នៃធ្វើជាប្រេងខ្យងហើយ គ្រំចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាដែលតែងតែទៅកម្សាន្ដនៅសហគមន៍ពាមក្រសោបនេះ និយមចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅ ឬញាំ សម្លរខ្ទិះ ឆាគ្រឿង ខណៈដែលកាកសំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរជាដើម៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជំនាញ៖ ទិន្នផលអំបិលឆ្នាំនេះមានការធ្លាក់ចុះ តែអាចប្រើគ្រប់ដោយមិនចាំបាច់នាំចូលនោះទេ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបង្ហាញពីទិន្នផលអំបិលធ្នាក់ចុះប្រមាណជាង១០% នៅឆ្នាំ២០២១ បើធៀបនឹង...

ក្រុមហ៊ុនចិនធំមួយបោះទុនជាង២០០លានដុល្លារបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ក្នុងខេត្តព្រះសីហនុ

ព័ត៌មាន
ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះថា ជាំងស៊ូ ចេន័រ៉ល សាយអិន ថិកណូឡូជី (Jiangsu General Science Technology) បានប្រកាសថា ខ្លួននឹងបោះទុនវិន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ