ករណីកូវីដ-១៩នាំចូលក្នុងប្រទេសឡាវបន្ដហក់ឡើងខ្លាំង

ករណីកូវីដ-១៩នាំចូលក្នុងប្រទេសឡាវបន្ដហក់ឡើងខ្លាំង ខណៈរដ្ឋាភិបាលបន្តវិធានការបិទខ្ទប់


ប្រទេសឡាវកាលពីពេលថ្មីៗនេះ បានប្រកាសបន្តពន្យារពេលការបិទខ្ទប់ប្រទេសរបស់ខ្លួនរហូតដល់ដើមខែសីហា ក្រោយពីករណីឆ្លងកូវីដ១៩ក្នុងប្រទេសដែលភាគច្រើនជាករណីនាំចូល បន្តកើនឡើងក្នុងចំនួនគួរឲ្យព្រួយបារម្ភជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ប្រទេសឡាវ។
ឡាវពន្យារបិទខ្ទប់ប្រទេសដល់ខែសីហា
ដោយ

ការកើនឡើងករណីវិជ្ជមានកូវីដ១៩ ដែលភាគច្រើនជាករណីនាំចូលពីប្រទេសជិតខាង បានជំរុញ​ឲ្យរដ្ឋាភិបាលរដ្ឋធានីវៀងចន្ទន៍ សម្រេចបន្តបិទខ្ទប់ប្រទេសរយៈពេល១៥ថ្ងៃបន្តទៀតចាប់ពីថ្ងៃទី២០កក្កដា រហូតដល់ថ្ងៃទី៣សីហាឆ្នាំ២០២១។

ទន្ទឹមនឹងការបន្តបិទខ្ទប់ រដ្ឋាភិបាលឡាវ​ក៏បានសម្រេច​បន្ធូរបន្ថយវិធានការ​សុវត្ថិភាព​ខ្លះអំឡុង​ពេលបិទខ្ទប់នេះ ដើម្បីបញ្ជៀសពីផលប៉ះពាល់ធ្ងន់ធ្ងររបស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ពលរដ្ឋឡាវ។ ជាក់ស្តែង សម្រាប់ខេត្ត ឬតំបន់ណា ដែលមិនមានករណីនាំចូល ឬមិនមានករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ ត្រូវបានអនុញ្ញាតឲ្យ​បើកដំណើរការឡើងវិញនូវកន្លែងលេងកីឡា និងហាត់ប្រាណសម្រាប់ពលរដ្ឋ។ ស្របពេលកន្លែងស្ប៉ា និងម៉ាស្សាក៏ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចគ្នា ប៉ុន្តែបុគ្គលិកនិងម្ចាស់អាជីវកម្មត្រូវតែទទួលវ៉ាក់សាំងរួចចំនួន២ដូសជាមុនសិន និងអនុញ្ញាតឲ្យបើកត្រឹមម៉ោង ៨យប់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះ ខេត្តមួយចំនួននៃប្រទេសឡាវ ដែលត្រូវបានចាត់ទុកថា ជាតំបន់ក្រហម ត្រូវបន្តវិធានការសុវត្ថិភាពដដែល​ ដូចជា ការលក់គ្រឿងស្រវឹងត្រូវបន្តហាមឃាត់ ខារ៉ាអូខេ ក្លឹបកំសាន្ត និងរោងកុនត្រូវបន្តបិទទ្វារ ខណៈវិធានការសុខាភិបាលនៅតែបន្តអនុវត្តតឹងរឹងដូចមុនដដែល។

ប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍ទី២២កក្កដា ម្សិលមិញបានបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន ២៥៦ករណីបន្ថែម ដែលក្នុងនោះ២ករណីជាការចម្លងក្នុងសហគមន៍នៃខេត្តចម្ប៉ាស័ក និង២៥៤ករណីផ្សេងទៀតជាករណីនាំចូល។ 

ការផ្ទុះឡើងនៃជំងឺកូវីដ១៩កាន់តែខ្លាំង វិធានការសុខាភិបាលតឹងរឹង ការបិទខ្ទប់ និងភាពគ្មានការងារធ្វើក្នុងប្រទេសថៃ បានបង្ខំឲ្យ​ពលរដ្ឋឡាវជាច្រើន​ដែលធ្លាប់តែធ្វើការនៅទីនោះ សម្រុកវិលត្រលប់ចូលប្រទេសឡាវយ៉ាងច្រើន។ ក្នុងមានជាង១៥%នៃពលករឡាវសរុបដែលត្រលប់ពីប្រទេសថៃវិញ បាននាំយកកូវីដ១៩មកជាមួយពួកគេ។

គិតត្រឹមថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ ឡាវកត់ត្រាពីចំនួនអ្នកឆ្លងកូវីដ១៩សរុបជាង ៤.១០០ករណី ស្លាប់៥ករណី និងជាសះស្បើយជាង ២.១០០ករណី។

សូមជម្រាបថា នេះជាលើកទី៦ហើយដែលរដ្ឋាភិបាលឡាវ បានសម្រេចបន្តការបិទខ្ទប់ប្រទេស ដោយការបិទខ្ទប់ដំបូងបំផុតបានចាប់ផ្តើមអនុវត្តឡើងតាំងពីថ្ងៃទី ២២ខែមេសាមកម្ល៉េះ៕

 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកនាំពាក្យអាកាសចរស៊ីវិល៖ កូវីដ-១៩ មិនបានធ្វើឲ្យគម្រោងសាងសង់អាកាសយានដ្ឋានថ្មីៗត្រូវពន្យារពេលទេ!

ព័ត៌មាន
បច្ចុប្បន្ន កម្ពុជាកំពុងមានការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិធំៗជាច្រើនដូចគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី អាកាសយាន្ដអន្តរជាតិភ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ