ប្រទេសឡាវ

ប្រទេសឡាវ នៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយនឹងប្រទេសចិន


យើងមកមើលពីទំនាក់ទំនងពាណិជ្ជកម្មរវាងចិនជាមួយប្រទេស ឡាវ ដែលជាប្រទេសជិតខាងយើងវិញម្ដង ឃើញថា នៅរយៈពេល ៨ខែ ដើមឆ្នាំ ២០២១នេះ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ២ របស់ប្រទេសឡាវ ដោយសម្រេចនូវទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ២ពាន់ ៣រយលានដុល្លារអាមេរិក ខណៈប្រទេសចិន ក៏ជាអ្នកវិនិយោគច្រើនជាងគេបង្អស់នៅក្នុងប្រទេសឡាវផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Vientiane Times កាលពីពេលថ្មីៗនេះ។
រូបភាព ទង់ជាតិ ប្រទេសចិន និងប្រទេសឡាវ
ដោយ

គិត​ចាប់ពី​ខែមករា ដល់​ខែសីហា កន្លង​ទៅ​នេះ ប្រទេស​ឡាវ​សម្រេច​នូវ​ការ​នាំ​ចេញ​ទំនិញ​ប្រមាណ ១​ពាន់ ៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​កាន់​ប្រទេស​ចិន និង​នាំ​ចូល​មក​វិញ​ជិត ៩​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឲ្យ​ឡាវ សម្រេច​នូវ​អតិរេក​ពាណិជ្ជកម្ម​ជាង ៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង ៥ របស់​ប្រទេស​ឡាវ គឺ ចិន​កាន់កាប់​ចំណែក​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​ឡាវ​ច្រើន​ជាងគេ ហើយ​បន្ទាប់​ពី​នោះ គឺ​មាន​ប្រទេស​ថៃ វៀតណាម អា​ល្លឺ​ម៉​ង់ និង​អា​មេ​រិ​ក​។

មុខទំនិញ​សំខាន់​ៗ ដែល​ឡាវ​នាំ​ចេញ​ទៅ​កាន់​ចិន រួម​មាន រ៉ែ​ទង់ដែង និង​ផលិតផល​កសិកម្ម ជា​ពិសេស អង្ករ កៅស៊ូ និង​ដំឡូង​មី ហើយ​ឡាវ ក៏​នាំ​ចូល​មក​វិញ​នូវ ផលិតផល​ដែក ឧបករណ៍​មេកានិច និង​គ្រឿង​បង្គុំ​អគ្គិសនី​ជាដើម​។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រទេស​ឡាវ បាន​ចូលរួម​ក្នុង​បណ្តាញ​ទំនាក់ទំនង​ជាមួយ បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចិន និង​អឺរ៉ុប ហើយ​នៅ​ពេល​ដែល ផ្លូវដែក​ត​ភ្ជាប់​ប្រទេស​ឡាវ និង​ចិន បើក​ដំណើរការ ឡាវ រំពឹង​នឹង​ទទួល​បាន​ឱកាស​ពាណិជ្ជកម្ម និង​វិនិយោគ​បន្ថែម ជា​បន្តបន្ទាប់​។

បើ​តាម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ឡាវ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង វៀងចន្ទន៍ បាន​ឲ្យ​ដឹង​ថា ផ្លូវ​រថភ្លើង​ត​ភ្ជាប់​រវាង​ឡាវ និង​ចិន ប្រវែង​ប្រមាណ ៥០០​គីឡូម៉ែត្រ ដែល​ចំណាយ​ទុន​វិនិយោគ​ជិត ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក អាច​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ នៅ​ក្នុង​ខែធ្នូ ឆ្នាំ ២០២១​នេះ​។

រដ្ឋាភិបាល​ឡាវ ក៏​កំពុង​តែ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស និង​ដៃគូ​ពាណិជ្ជកម្ម ដោយ​បាន​ដក​ចេញ​នូវ របាំង​ពាណិជ្ជកម្ម​ដែល​មិន​ចាំបាច់ ផ្តល់​ការ​លើកទឹកចិត្ត​ពិសេស ការ​រៀបចំ​គោលនយោបាយ និង​បទបញ្ញត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​។

បើ​តាម ធនាគារពិភពលោក បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​ឡាវ អាច​នឹង​សម្រេច​កំណើន ៣,៦% ក្នុង​ឆ្នាំ ២០២១​នេះ នឹង​កើន​ដល់ ៤,៥% ក្នុង​ឆ្នាំ ២០២២​ខាង​មុខ​។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ ២០២០​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ប្រទេស​ចិន និង​ឡាវ សម្រេច​បាន​ជាង ២​ពាន់ ៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ ឡាវ សម្រេច​នូវ​អតិរេក​ពាណិជ្ជកម្ម ៣៤០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបញ្ចុះបញ្ចូលអូស្ត្រាលីឲ្យជួយគាំទ្រខ្លួនចូលក្នុងកិច្ចព្រៀងពាណិជ្ជកម្មតំបន់ CP TPP

ព័ត៌មាន
បើទោះបីជា កំពុងស្ថិតនៅក្នុងជម្លោះពាក្យសម្ដីជាមួយគ្នាក្ដ៏ ប៉ុន្ដែថ្មីៗនេះ ប្រទេសចិនកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលអូស្ត្រាលីដើម្បីឲ្យជួយគាំទ្រខ្លួន …

វៀតណាម និងជប៉ុនចុះកិច្ចព្រមព្រៀងលើវិស័យយោធោ ចំពេលមានការព្រួយបារម្ភពីឥទ្ធិពលចិន

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ប្រទេស វៀតណាម និងជប៉ុន បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា ស្របពេលដែលភាគីទាំងពីរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ