បំណុលសាធារណៈនិងឯកជនប្រទេសឡាវ

បំណុលសាធារណៈ និងឯកជនប្រទេសឡាវនឹងហក់ឡើងលើស ១០០% នៃGDP នៅឆ្នាំ២០២២


បើទោះបីជាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅដើមឆ្នាំ២០២២ក្ដី ប៉ុន្ដែ បើតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក ប្រទេសឡាវនៅតែប្រឈមនឹងបញ្ហាជាច្រើនដូចជា ការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណជាតិ និងអតិផរណាកើនខ្ពស់។ របាយការណ៍បានកត់សម្គាល់ឃើញទៀតថា ទន្ទឹមនឹងបញ្ហាតម្លៃរូបិយបណ្ណធ្លាក់ចុះ និងអតិផរណាកើនខ្ពស់នេះ បំណុលសាធារណៈ និងសេវាធានាបំណុលសាធារណៈរបស់ប្រទេសនេះ ត្រូវបានព្យាករថា នឹងកើនឡើងលើស ១០០% នៃ GDP នៅត្រឹមចុងឆ្នាំ២០២២។
បំណុលសាធារណៈ និងឯកជនប្រទេសឡាវនឹងហក់ឡើងលើស ១០០% នៃGDP នៅឆ្នាំ២០២២
ដោយ

របាយការណ៍​ត្រួតពិនិត្យសេដ្ឋកិច្ច​ប្រទេសឡាវ​សម្រាប់ខែតុលាឆ្នាំ២០២២របស់ធនាគារពិភពលោក ស្ដីពី ការដោះស្រាយបញ្ហាម៉ាក្រូសេដ្ឋកិច្ចដែលងាយរងគ្រោះ ដែលបានចេញផ្សាយ​នៅថ្ងៃទី ២១ ខែវិច្ឆិកា បាន​គូសបញ្ជាក់​ពី​កំណែទម្រង់​ពោរពេញដោយមហិច្ឆតា ដែលអាចជួយឲ្យប្រទេស​ជិតខាង​កម្ពុជាមួយនេះ អាចស្ដារបានឡើងវិញ​នូវ​ស្ថិរភាព​សេដ្ឋកិច្ច និងកំណើនចីរភាព។

របាយការណ៍នេះ បានកត់សម្គាល់ឃើញថា ប្រាក់គីប​របស់​ឡាវ បានធ្លាក់ចុះតម្លៃ​ប្រមាណ ៦៨% ធៀបនឹងប្រាក់ដុល្លារអាមេរិក បើគិតតាំងពីដើមឆ្នាំមកទល់ខែតុលាឆ្នាំ២០២២ ហើយបញ្ហានេះបាន​ធ្វើឲ្យដំណើរការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចឡាវត្រូវដើរថយក្រោយ និងជំរុញឲ្យមាន​ការកើនឡើងអតិផរណា​ខ្ពស់ផងដែរ។ ប្រការនេះ បានធ្វើឲ្យ​មានការដាក់សម្ពាធទៅលើ​ការចំណាយប្រើប្រាស់ និងការវិនិយោគ។ ទន្ទឹមគ្នានេះ បំណុលសាធារណៈ និងសេវាធានាបំណុលសាធារណៈ​របស់ប្រទេសឡាវ ត្រូវបានព្យាករថា នឹងមានលើស​១០០% នៃផលិតផលក្នុងស្រុកសរុប​នៅត្រឹមចុងឆ្នាំ២០២២នេះ ខណៈដែលធនាគារពិភពលោក ក៏បាន​បន្ទាប់​ការព្យាករកំណើនសេដ្ឋកិច្ច​របស់ប្រទេសនេះមកនៅត្រឹម ២,៥%ប៉ុណ្ណោះ នៅឆ្នាំ២០២២ ខណៈពីមុនធ្លាប់ព្យាករថា នឹងមានដល់ ៣,៨%។

ទោះបីជា ភាពមានការងារធ្វើបានកើនឡើង​នៅពាក់កណ្ដាល​ឆ្នាំ២០២២ក្ដី ប៉ុន្ដែប្រាក់ចំណូល​របស់ប្រជាជនឡាវគឺកើនឡើងមិនទាន់​នឹងកម្រិតអត្រាអតិផរណា​នោះទេ។ អតិផរណា​តម្លៃទំនិញប្រើប្រាស់​ពីមួយឆ្នាំទៅមួយឆ្នាំបានកើនឡើង ៣៧% បើគិតត្រឹម​ខែតុលាឆ្នាំ២០២២ ជាមួយនឹង​អតិផរណាតម្លៃម្ហូបអាហារ​បានកើនឡើង​ជិត​៣៩%។ ទាំងនេះ គឺជាផលប៉ះពាល់​ដល់​ប្រជាជន​ក្រីក្រ​​រស់នៅក្នុងទីក្រុង ដោយគ្រួសារ​មួយចំនួន​ត្រូវបង្ខំចិត្ត​កាត់បន្ថយ​ការចំណាយនានា។

សម្រាប់​ស្ថានភាពរបស់ប្រទេសឡាវនាពេលនេះ ធនាគារពិភពលោក រួមជាមួយនឹងដៃគូអភិវឌ្ឍ​បាន​ពិភាក្សាគ្នា​ជាមួយនឹង​រដ្ឋាភិបាល អំពីផែនទីបង្ហាញផ្លូវ​នៃកំណែទម្រង់​ដែលអាចធ្វើឲ្យស្ថានការវិលមករកភាពល្អប្រសើរឡើងវិញ។ ក្នុងនោះ មានកំណែទម្រង់សំខាន់ៗចំនួន​៥ ត្រូវបានស្នើឡើងដូចជា ទី១ ការកាត់បន្ថយ​ការលើកលែងពន្ធដែលមានតម្លៃខ្ពស់ ដើម្បីបង្កើនចំណូលសាធារណៈ និងគាំពារការចំណាយសង្គម។ ទី២ កែលម្អអភិបាលកិច្ច​នៃការវិនិយោគសាធារណៈ និងការវិនិយោគរវាងសាធារណៈ និងវិស័យឯកជន និងសហគ្រាសគ្រប់គ្រងដោយរដ្ឋ។ ទី៣ រៀបចំរចនាសម្ព័ន្ធបំណុលសាធារណៈឡើងវិញ តាមរយៈ​ការចរចាដែលកំពុងបន្ដ។ ទី៤ ការពង្រឹងនូវ​ស្ថិរភាពផ្នែកហិរញ្ញវត្ថុ តាមរយៈ​យន្ដការច្បាប់ និងបទប្បញ្ញត្តិ។ និងទី៥ កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់​ការនាំចេញ តាមរយៈកំណែទម្រង់បទប្បញ្ញត្តិប្រកបដោយ​ប្រសិទ្ធភាព។

សូមបញ្ជាក់ថា របាយការណ៍របស់ធនាគារពិភពលោកនេះ ក៏បានផ្ដល់នូវទស្សនវិស័យ​រយៈពេលមធ្យម​ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសឡាវផងដែរ ដែលត្រូវបានជំរុញដោយវិស័យ​ទេសចរណ៍ និងការនាំចេញ ទោះបីជា​វា​អាស្រ័យលើការចរចាបំណុលដោយជោគជ័យជាមួយនឹង​ម្ចាស់បំណុលទ្វេភាគីក៏ដោយ។ បន្ថែមពីនេះ ទស្សនវិស័យសេដ្ឋកិច្ចនេះ ក៏នឹងត្រូវមានប្រឈមនឹង​ហានិភ័យ​ខាងក្រៅជាច្រើនផងដែរ ដូចជា​ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច​សាកលកាន់តែតឹងរ៉ឹង និងផលប៉ះពាល់យូរអង្វែង​នៃសង្គ្រាម​នៅអ៊ុយក្រែនជាដើម៕




អត្ថបទបន្ទាប់


កាន់តែពិសេសខ្លាំង ពីបុរី ប៉េង ហួត! ទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ប្រភេទ Business Class ទៅក្រៅប្រទេស

ព័ត៌មាន
រាជធានីភ្នំពេញ៖ បានទាំងផ្ទះ បានទាំងឈ្នះ ដំណើរកម្សាន្ត VIP ប្រភេទ Business Class ទៅក្រៅប្រទេស។ បុរី ប៉េង ហួត សូមផ្ដល់ជូនកាដូដ៏ពិសេសនេះ…

រឿងរ៉ាវចំនួន៥ សំខាន់ៗបានកើតឡើង ក្រោយជំនួបកំពូលៗចំនួន៣ត្រូវបានបញ្ចប់នៅខែវិច្ឆិកានេះ

ព័ត៌មាន
អស់រយៈពេល១២ថ្ងៃក្នុងខែវិច្ឆិកានេះ តំបន់អាស៊ីអាគ្នេយ៍បានក្លាយទៅជាចំណុចកណ្តាល ជាទីលានដែលមេដឹកនាំមហាអំណាចធំៗមកជំនុំគ្នា និងខ្លះថែមទាំងប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ