សម្ដេចតេជោ ហ៊ុន សែន កោតសរសើរអគ្គនាយកដ្ឋានពន្ធដារ

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរអគ្គនាយកដ្ឋានពន្ធដារចំពោះការប្រមូលចំណូលលើសផែនការ នៅឆ្នាំ២០២២


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតកោតសរសើរជូនអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មដោយជោគជ័យ និងបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការ។
ឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋនពន្ធដារ

ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់និងលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ចំនួន១២២,៥៤% ស្មើនឹង ៦៣៥លានដុល្លារ ដែលជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា។

យោងតាមលិខិតរបស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវការកោតសរសើរ ជូនឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋនពន្ធដារ ព្រមទាំងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងអស់ចំពោះការខិតខំ ក្នុងការបំពេញបេសកកម្មដោយជោគជ័យ។ ដ្បិតថា នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ជារយៈពេលដែលកម្ពុជា ស្ថិតក្នុងស្ថានភាពលំបាកដោយសារការរាតត្បាតជំងឺកូវីដ១៩ តែអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់ និងលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និង២០២២។ ជាក់ស្ដែង កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២% នៃផែនការប្រចាំឆ្នាំ។ ដោយឡែក សម្រាប់ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ថ្មីៗនេះវិញ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់និងលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ចំនួន ១២២,៥៤%។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការប្រមូលចំណូលលើសផែនការរបស់អគ្គនាយកដ្ឋានពន្ធដារ គឺជាលទ្ធផលគួរឲ្យស្ញប់ស្ញែង និងជាសមិទ្ធផលដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាក ស្របពេលដែលកម្ពុជាបានជួបប្រទះនូវបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជា ការរីករាលដាលនៃជំងឺកូវីដ-១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល, ការកើនឡើងសម្ពាធអតិផរណា, និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេស ជាដើម។ សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន។

បើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗ ក្នុងរយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជា ទទួលបានថវិកាជាតិសរុបជាង ៦ពាន់លានដុល្លារ ឬស្មើនឹង ១២៧% នៃផែនការច្បាប់ដែលបានកំណត់។ ក្នុងនោះ ថវិកាដែលទទួលបានពីការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ មានជាង ៣ពាន់លានដុល្លារ ស្មើនឹងជាង១២២%នៃច្បាប់ថវិកាឆ្នាំ២០២២។ ចំណែកឯ ថវិកាដែលប្រមូលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានជាង ២ពាន់លានដុល្លារ ស្មើនឹងជិត១០៥%នៃច្បាប់ថវិកាសម្រាប់២០២២៕




អត្ថបទបន្ទាប់


IMF ព្យាករថា ឥណ្ឌា និងប្រទេសសេដ្ឋកិច្ចធំៗទាំង៥នៅអាស៊ាន នឹងមានកំណើនសេដ្ឋកិច្ចយឺតក្នុងនៅឆ្នាំ២០២៣

ព័ត៌មាន
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ដែលបានចេញផ្សាយនៅថ្ងៃអង្គារទី៣១មករាបានបង្ហាញថា ប្រទេសសេដ្…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បរិច្ចាគឈាម និងថវិកា ៤០លានរៀលដល់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បាននាំយកថវិកាដែលទទួលបានពីអតិថិជន និងបុគ្គលិក អេ អឹម ខេ ចំនួន ៤០លាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ