វិនិយោគិនក្នុងស្រុក

វិនិយោគិនក្នុងស្រុកឈរកំពូលតារាង ដែលបានវិនិយោគដល់ទៅជាងពាក់កណ្ដាលនៃគម្រោងវិនិយោគសរុបនៅកម្ពុជាឆ្នាំ២០២២


យោងតាមរបាយការណ៍ដែលផ្ដល់ឲ្យដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ១៨៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារ ថយចុះជាង ៣០០លានដុល្លារបើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ វិនិយោគិនក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ ដោយបានក្ដោបយកការវិនិយោគរហូតជាង ៥០% ឯណោះ នៃទុនវិនិយោគសរុបរបស់កម្ពុជា នៅក្នុងឆ្នាំ២០២២។
វិនិយោគិនក្នុងស្រុកឈរកំពូលតារាង ដែលបានវិនិយោគដល់ទៅជាងពាក់កណ្ដាលនៃគម្រោងវិនិយោគសរុបនៅកម្ពុជាឆ្នាំ២០២២

ក្រុមអ្នកជំនាញបានមើលឃើញថា នៅឆ្នាំ២០២២នេះ ស្ថានភាពនៃលំហូវិនិយោគនៅកម្ពុជា នៅតែមានសកម្មភាពល្អប្រសើរ តាមរយៈសន្ទុះនៃវិនិយោគិនក្នុងស្រុក បើទោះបីជា វិនិយោគិនមកពីបរទេស មានការថយចុះ ក៏ពិតមែន។

នៅឆ្នាំ២០២២ វិនិយោគិនក្នុងស្រុកបាននាំមុខគេក្នុងការវិនិយោគនៅកម្ពុជា ដោយមានចំណែកដល់ទៅជាង ៥៣% នៃទុនវិនិយោគសរុប ខណៈកាលពីឆ្នាំ២០២១ ធ្លាប់មានត្រឹមតែជិត២៨% ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ សម្រាប់ការវិនិយោគពីបរទេស ចិននៅតែជាប្រទេសដែលបានបណ្ដាក់ទុនវិនិយោគមកកម្ពុជាច្រើនជាងគេ និងតាមពីក្រោយដោយប្រទេសថៃ និងជប៉ុនជាដើម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺមានការរួមចំណែកដ៏សំខាន់របស់អ្នកវិនិយោគក្នុងស្រុក ជាពិសេសអំឡុងពេលដែលពិភពលោកបាន និងកំពុងជួបនូវវិបត្តិសាកល ដូចជា ការរាតត្បាតជំងឺកូវីដ១៩ វិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន និងផ្សេងៗ ដែលជាកត្តារាំងស្ទះធ្វើឲ្យអ្នកវិនិយោគពីបរទេសមិនអាចចូលមកវិនិយោគនៅកម្ពុជា។ លោកបន្តថា កត្តាទាំងនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា។

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ការវិនិយោគបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាការកត់សម្គាល់របស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ វិស័យសំខាន់ៗ ដែលមានភាពលេចធ្លោរ រួមមាន៖ វិស័យកាត់ដេរ វិស័យកសិកម្ម និងការកែច្នៃនៃកសិឧស្សាហកម្ម ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការខិតខំប្រឹងប្រែងកំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចរបស់រដ្ឋាភិបាល ទោះបីប្រទេសប្រឈមនឹងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចសកល ក៏ដោយចុះ។

យ៉ាងណាមិញ សម្រាប់ស្ថានភាពវិនិយោគនៅកម្ពុជា នៅឆ្នាំ២០២៣នេះ អ្នកជំនាញក្នុងវិស័យវិនិយោគ និងសេដ្ឋកិច្ច នៅតែមើលឃើញពីភាពវិជ្ជមានបន្ថែមទៀត តាមរយៈលំហូរចូលនៃក្រុមវិនិយោគបរទេសឡើងវិញ បន្ទាប់ពីស្ថានភាពពិភពលោក កាន់តែមានភាពធូរស្បើយ និងល្អប្រសើរឡើងវិញ។ ក្រុមអ្នកជំនាញបានបង្ហាញនូវគំនិតសុទិដ្ឋិនិយមទៀតថា ការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អ ការមានទំនាក់ទំនងពាណិជ្ជកម្មល្អ ជាមួយបណ្ដាប្រទេសជាដៃគូ និងការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគ នៅឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចំនួន ១៨៦គម្រោង នៅរយៈពេលពេញមួយឆ្នាំ២០២២ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១៦៣គម្រោង។ រីឯ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៩គម្រោង។ ដោយឡែកវិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មានចំនួន ៩គម្រោង និងវិស័យទេសចរណ៍ មានចំនួន ៥គម្រោង៕




អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យឆ្នាំ ២០២៣ នឹងអាចប្រសើរឡើងជាងឆ្នាំ ២០២២ ឬយ៉ាងណា?

ព័ត៌មាន
គិតមកទល់ពេលនេះមានរយៈពេលប្រមាណ៣ឆ្នាំហើយ ដែលទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាលើពិភពលោករងភាពរង្គោះរង្គើ ដែលបង្កឡើងដោយការឆ្លងរាត…

វណ្ណដា ក្លាយជាទូតសុឆន្ទៈរបស់ កូកា-កូឡា ដើម្បីនាំយកភាពរីករាយពិតៗជូនអ្នកគាំទ្រនៅកម្ពុជា និងជុំវិញពិភពលោក

ព័ត៌មាន
លោក វណ្ណដា ដែលជាតារាហ៊ីបហបកម្ពុជាដ៏ល្បីរន្ទឺបានចូលរួមជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងនាមជាទូតសុឆន្ទៈដើម្បីផ្តល់ជូនភាពស្រស់ស្រាយដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ