អាជីវកម្ម​ហាង​កាហ្វេ

យីហោ​ហាង​កាហ្វេ​ក្នុង​ស្រុក​វៀតណាម​ធ្វើ​ឲ្យ​យីហោ​កាហ្វេ​អន្តរជាតិ​ខ្លះ​បិទ​ទ្វារ​បណ្ដើរៗ


ហាង​កាហ្វេ​ដែល​មាន​ការ​តុបតែង ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​បែប​បស្ចិម​ប្រទេស កំពុង​ក្លាយ​ជា​ផលិតផល​និង​សេវាកម្ម​មួយ ដែល​មាន​និន្នាការ​ថ្មី​អង្រួន​ចិត្ត​យុវវ័យ​វៀតណាម​ឲ្យ​បាក់​ចិត្ដ​លង់​ប្រាណ។
ហាង​កាហ្វេ​យី​ហោ​ក្នុង​ស្រុក​វៀតណាម ដូចជា Highlands Coffee (ក្នង​រូប​នេះ) កំពុង​ធ្វើ​ឲ្យ​ហាង​កាហ្វេ​ប៊្រែន​អន្តរជាតិ​ខ្លះ​បិទ​ទ្វារ​បណ្ដើរៗ។
ដោយ

ត្បិត​ថា ទីផ្សារ​នេះ​កំពុង​មាន​ភាព​ពេញ​និយម​ខ្លាំង ប៉ុន្ដែ មិន​មែន​គ្រប់​ហាង​កាហ្វេ​សុទ្ធ​តែ​អាច​ជោគជ័យ​នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើយ។ 

ជាក់ស្ដែង ថ្មីៗ​នេះ ហាង​កាហ្វេ​យីហោ​លំដាប់​អន្តរជាតិ​ជា​ច្រើន​ដែល​បាន​បោះ​ជើង​ចូល​រកស៊ី​នៅ​វៀតណាម ត្រូវ​បាន​ហាង​កាហ្វេ​យីហោ​ក្នុង​ស្រុក​វាយ​លុក​បាក់​ស្បាត រហូត​មាន​យីហោ​ខ្លះ​សម្រេច​ដក​ខ្លួន​ថយ​ពី​ទីផ្សារ​វៀតណាម​ផងដែរ។ 

តួយ៉ាង ហាង​កាហ្វេ​យីហោ Franchise ពីអូស្រ្តាលី Gloria Jean’s Coffee បាន​បិទ​ហាង​របស់​ខ្លួន​ទាំង​ស្រុង​ពី​ប្រទេស​វៀតណាម បន្ទាប់​ពី​មាន​វត្តមាន​ប្រមាណ​១០​ឆ្នាំ​នៅ​ប្រទេស​​មួយ​នេះ។ ហាង​កាហ្វេ និង​ភោជនីយ​ដ្ឋានFranchise ពី​សិង្ហ​បុរី NYDC ក៏​បាន​បិទ​ហាង​របស់​ខ្លួន​បន្ទាប់​ពី​មាន​វត្តមាន​៧​ឆ្នាំ​នៅ​វៀតណាម។

ទន្ទឹម​នឹង​នេះ យីហោ​ហាង​កាហ្វេ​អន្តរជាតិ​ល្បីៗ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​នៅ​បន្ត​មាន​វត្តមាន​​​នៅ​វៀតណាម ក៏​មិន​សូវ​ជា​រកស៊ី​កាក់កប​ប៉ុន្មាន​ដែរ តួយ៉ាង យីហោកាហ្វេ Franchise ពី​សហរដ្ឋ​អាមេរិក Bean & Tea Leaf ដែល​បាន​បើក​ជាង​៨​ឆ្នាំ​នៅ​វៀតណាម ទើប​តែ​មាន​១៥​សាខា​ប៉ុណ្ណោះ ខណៈ​ដែល​ហាង​កាហ្វេ​យក្ស Starbucks ទើប​តែ​មាន​២៤​សាខា​ប៉ុណ្ណោះ​នៅ​វៀតណាម បន្ទាប់​ពី​បាន​បើក​ដំណើរការ​ជាង​៤​ឆ្នាំ​មក​នេះ។

អ្វី​ដែល​ធ្វើ​ឲ្យ​យីហោ​ហាង​កាហ្វេ​លំដាប់​អន្តរជាតិ​ទាំង​អស់​នេះ រកស៊ី​មិន​សូវ​សម​ប្រកប​នៅ​វៀតណាម គឺ​ដោយសារ​តែ​ប្រជាជន​វៀតណាម មាន​ទំនោរ​និយម​ការ​ទទួល​ទាន​កាហ្វេ​ក្នុង​ស្រុក​ច្រើន​ជាង ដោយសារ​តែ​តម្លៃ និង​សេវា​កម្ម ជាមួយ​នឹង​​ការ​រចនាបថ​នៃ​ហាង មាន​ភាព​ទាក់ទាញ​មិន​ចាញ់​យីហោ Franchise ពី​ក្រៅ​ប្រទេស​នោះ​ឡើយ។ 

មិន​តែ​ប៉ុណ្ណោះ ការ​និយម​ទទួល​ទាន​កាហ្វេ​របស់​ប្រជាជន​វៀតណាម​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ឬ​ហៅ​ថា​ផឹក​ប្រចាំ​ថ្ងៃ ដូច្នេះ ពួកគេ​ត្រូវការ​ជ្រើស​រើស​យក​កាហ្វេ​ដែល​មាន​គុណភាព​អាច​ទទួល​យក​បាន និង​តម្លៃ​ដែល​អាច​ចំណាយ​ជា​ប្រចាំ​បាន។ 

ដូច្នេះ​ហើយ ទើប​យីហោ​កាហ្វេ​ក្នុង​ស្រុក​កំពុង​ពង្រីក​ខ្លួន​ដូច​ផ្សិត តួយ៉ាង ហាងកាហ្វេ Highlands ដែល​ជា​យីហោ​ប្រចាំ​ត្រកូល​នៅ​វៀតណាម បាន​ពង្រីក​សាខា​រហូត​ដល់​១៣០​សាខា។ ហាង The Coffee House បាន​ពង្រីក​ខ្លួន​៣០​សាខា ក្នុង​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ។ និង​ហាង​លក់​កាហ្វេ​គ្រាប់​កាហ្វេ Trung Nguyen បាន​ពង្រីក​សាខា​ជាង​១​ពាន់​កន្លែង​នៅ​វៀតណាម ខណៈ​ដែល​ហាង​នេះ​បាន​បើក​តាំង​ពី​ឆ្នាំ​១៩៩៦។ 

ងាក​មក​កម្ពុជា​យើង​ឯណេះ​វិញ ហាង​កាហ្វេ​មិន​ថា​ក្នុង​ស្រុក ឬ​មក​ពី​ក្រៅ​ស្រុក​នោះ​ទេ កំពុង​សម្រុក​បើក​បន្ត​កន្ទុយ​គ្នា ខណៈ​ដែល​អ្នក​ផឹក​កាហ្វេ​ក៏​នាំគ្នា​ផឹក​ដូច​ទឹក​បាក់​ទំនប់ តែ​ភាគ​ច្រើន​ផឹក​តែ​ហាង​ល្បីៗ ដែល​ជា​យីហោ​ពី​ក្រៅ​ស្រុក ឬ​ហៅ​ថា​ហាង​កាហ្វេ​ប្រ៊ែនៗ។ 

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ប្រជាជន ពិសេស យុវវ័យ ដែល​និយម​ផឹក​កាហ្វេ ចេះ​ផឹក​កាហ្វេ​ជា​ប្រចាំ នោះ​ពួកគេ​នឹង​ស្វែង​ជម្រើស​​ហាង​ណា​មួយ​ដែល​ស័ក្ដិ​សម​នឹង​ការ​ចំណាយ​ជា​ប្រចាំ​របស់​ពួកគេ​វិញ​ម្ដង និង​មិន​ខុស​ពី​ទីផ្សារ​នៅ​វៀតណាម​ប៉ុន្មាន​ទេ ពោល​គឺ កាហ្វេ​ប្រ៊ែនៗ​ដែល​ដាក់​លក់​តម្លៃ​ខ្ពស់ៗ អាច​នឹង​រីក​ខ្លាំង​ក្នុង​កាលៈទេសៈ​ទឹក​ឃ្មុំ​លើក​ដំបូង តែ​អាច​នឹង​រុះ​រោយ​ទៅ​វិញ​បន្តិច​ម្ដងៗ​នៅ​ពេល​ណា​មួយ៕




អត្ថបទបន្ទាប់


ប្រាក់​កម្ចី​ជិត​១០​លាន​ដុល្លារ ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បញ្ចេញ​សម្រាប់​ទិញ​​ស្រូវ​ស្ដុក

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ចេញ​ឥណទាន​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ស្ដុក​ទុក ចំនួន​ជិត​១០​លាន​ដុល្…

លុយរៀល​និង​លុយ​យ៉ន់​ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រើប្រាស់​លើ​ប្រតិបត្តិការ​ទូទាត់​ពាណិជ្ជកម្ម​​​កម្ពុជា​-ចិន

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​និង​ចិន​កំពុង​មាន​ភាព​ល្អូក​ល្អឺន​នឹង​គ្នា​បេះ​មិន​ដាច់​ឡើយ ទាំង​ផ្នែក​នយោបាយ​ការទូត និង​សេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ