គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម

គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម គ្រោងបញ្ចប់ការសិក្សានៅចុងឆ្នាំនេះ


ទោះបីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យសកម្មភាពមួយចំនួនត្រូវបានអាក់ខាន តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការសិក្សាគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនោះទេ។ បើតាមមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការនិងដឹកជញ្ជូន គម្រោងសាងសង់មជ្ឈមណ្ឌលនេះ គ្រោងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នក្រុមហ៊ុន YCH របស់សិង្ហបុរីកំពុងពិចារណាថា តើត្រូវមកសិក្សាដោយផ្ទាល់ ឬពឹងដៃគូនៅកម្ពុជាឲ្យសិក្សាជំនួស។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)

អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក​រំពឹង​ថា មជ្ឈមណ្ឌល​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ ជា​ពិសេស​រួមចំណែក​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ការ​កកស្ទះ​ចរាចរណ៍​។

ប្រធាន​ការិយាល័យ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នៃ​នាយកដ្ឋាន​សហប្រតិបត្តិការ​ភស្តុ​ភារ​កម្ម​នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​កម្ម លោក លី រតនសម្បត្តិ បាន​បញ្ចា​ក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​បាន​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការ​សិក្សា​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ​នោះ​ទេ ពោល​គឺ​ការ​សិក្សា​នៅ​តែ​បន្ត​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​។ តែ​យ៉ាងណា ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន YCH របស់​សិង្ហ​បុរី ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សិក្សា​លើ​គម្រោង​នេះ ត្រូវ​មក​សិក្សា​ដោយ​ផ្ទាល់​បន្ថែម​ទៀត​។

បើ​តាម​ប្រធាន​ការិយាល័យ​រូប​នេះ ក្រុមហ៊ុន YCH អាច​នឹង​មក​សិក្សា​ចុង​ក្រោយ​ខ្លួនឯង​ផ្ទាល់ ប្រសិនបើ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា និង​សិង្ហ​បុរី​មាន​ភាព​ធូរស្បើយ​។ មួយវិញទៀត ក្រុមហ៊ុន​នេះ​ទំនងជា​អាច​ពឹងពាក់​ដៃគូ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​សិក្សា​ជំនួស​ខ្លួន​ក្នុង​ករណី​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​ប្រទេស​ទាំង​ពីរ​មិន​អំណោយផល​ឲ្យ​ខ្លួន​អាច​មក​កាន់​កម្ពុជា​បាន​។ ទោះបី​យ៉ោ​ង​នេះ​ក្តី មន្ត្រី​រូប​នេះ បាន​គូស​បញ្ចា​ក់ថា ការ​សិក្សា​លើ​គម្រោង​នេះ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ នេះ ខណៈ​វេលា​សាងសង់​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​សិក្សា​ចេញ​មក​ជា​មុន​សិន​។  

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​កាលពី​ពេល​កន្លង​មក​ថា ក្រុមហ៊ុន YCH របស់​សិង្ហ​បុរី នឹង​បញ្ជូន​ក្រុមការងារ​ជំនាញ​ឲ្យ​មក​សិក្សា​លើ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ដោយ​ផ្ទាល់ ក្រោយ​ស្ថានភាព នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្បើយ​។ ឯកឧត្តម​រំពឹង​ថា គម្រោង​នេះ​នឹង​បញ្ចប់​ការ​សិក្សា​ក្នុង​រយៈពេល​៩​ខែ​តាម​ការ​គ្រោងទុក មុន​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់​ការ​សិក្សា និង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០២២​។

អគ្គនាយកដ្ឋាន​រូប​នេះ​ជឿជាក់​ថា មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ នឹង​ក្លាយជា​កន្លែង​បែងចែក​ទំនិញ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ហើយ​វា​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ខេត្ត​ផ្សេង​ៗ​កាន់តែ​មាន​ភាព​ងាយស្រួល ដ្បិត​ភ្នំពេញ​ជា​ចំណុចប្រសព្វ​ជាមួយ​ខេត្ត​នានា​។

ជាមួយ​គ្នា​នេះ​ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​ភស្ដុ​ភារ​កម្ម​ភ្នំពេញ មិន​គ្រាន់តែ​ជា​ម៉ូ​លបែង​ចែង និង​ចែកចាយ​ទំនិញ ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ស្ថាប័ន​ធំ​ៗ​ដូច​ជា​គយ កន្លែង​ត្រួតពិនិត្យ​ទំនិញ និង​ស្ថាប័ន​ផ្តល់​សេវាកម្ម​ផ្សេង​ៗ ដែល​អាច​ជួយ​សម្រួល​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ឆាប់រហ័ស​ជាង​មុន​។

មិន​ខុស​គ្នា​ពី​ឧកញ៉ា ស៊ិ​ន ច​ន្ធី នោះ​ទេ លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន​ទំនិញ​រំពឹង​ថា ក្រុមហ៊ុន YCH នឹង​ពាំនាំ​បច្ចេកវិទ្យា​ថ្មី​ៗ​ពាក់ព័ន្ធ​វិស័យ​ដឹក​ជញ្ជូន​នៅ​ប្រទេស​សិង្ហ​បុរី មក​អភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ទំនើប​ជាង​មុន​។ ព្រោះ​សិង្ហ​បុរី​ជា​ប្រទេស​នាំមុខ​គេ​មួយ​លើ​វិស័យ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់​។

គួរ​បញ្ជាក់​ថា មុន​កម្ពុជា​សម្រេច​ជ្រើសរើស​ឲ្យ​ក្រុមហ៊ុន YCH របស់​សិង្ហ​បុរី​សិក្សា​លើ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ​នេះ កម្ពុជា​បាន​ពឹង​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB សិក្សា​ម្តង​រួច​មក​ហើយ​។ ក្រោយ​ការ​សិក្សា ADB អះអាង​ថា គម្រោង​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន ហើយ​ថែម​ទាំង​អាច​ផ្តល់​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដាក់​ឱ្យ​ដំណើរការ “គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន ៥០​លាន​ដុល្លារ” ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម

ព័ត៌មាន
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្តីសោមនស្សក្រៃលែង ក្នុងការប្រកាសដាក់ឱ្យដំណើរការនូវ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS)”…

រដ្ឋបាលខេត្តកំពត កំពុងសិក្សាគម្រោងពង្រីក និងកែលម្អឆ្នេរព្រែកថ្មី ដើម្បីស្រូបទាញភ្ញៀវទេសចរកាន់តែច្រើន

ព័ត៌មាន
ក្នុងបរិបទកូវីដ-១៩ ខេត្តកំពត ក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោរបំផុតមួយរបស់កម្ពុជា ដោយមានទេសចរទៅកម្សាន្តច្រើនជាងគេ។ ជាក់ស្ដែង បើតាមរបាយកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ