វិបត្តិប្រេងឥន្ធនៈនៅឡាវ

វិបត្តិប្រេងឥន្ធនៈនៅឡាវ៖ សាំងមួយលីត្រតម្លៃជិត២ដុល្លារ ខណៈពលរដ្ឋតម្រង់ជួរចាំចាក់


តម្លៃប្រេងនៅប្រទេសឡាវក្នុងថ្ងៃសុក្រទី១៣ឧសភានេះ បើគិតជាប្រាក់រៀលបានហក់ឡើងដល់៧៥០០រៀលក្នុងមួយលីត្រ ហើយអាជ្ញាធរថែមទាំងដាក់កំណត់ថា ក្នុងពលរដ្ឋម្នាក់អាចចាក់ប្រេងនៅតាមស្ថានីយម្ដងបានច្រើនបំផុតត្រឹមតម្លៃ៥សែនគីប ឬដែលស្មើនឹងប្រមាណ៤០ដុល្លារអាមេរិកប៉ុណ្ណោះ។ បើទោះបីជា ប្រេងឡើងថ្លៃខ្ពស់ក្ដី ប៉ុន្ដែ ពលរដ្ឋឡាវតម្រង់ជួរតាំងពីព្រឹកព្រហាមដើម្បីចាំចាក់ ដ្បិតថាប្រេងកំពុងខ្វះខាតខ្លាំងនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
ពលរដ្ឋឡាវតម្រង់ជួរតាំងពីព្រឹកព្រហាមដើម្បីចាំចាក់ប្រេង ដ្បិតថាប្រេងកំពុងខ្វះខាតខ្លាំងនៅទូទាំងប្រទេស។

កំពុងជួបវិបត្តិខ្វះខាតប្រេងនៅក្នុងប្រទេស ពលរដ្ឋឡាវនាំគ្នាក្រោកតាំងព្រឹកព្រហាមថ្ងៃមិនទាន់រះ ដើម្បីមកតម្រង់ជួរយ៉ាងកកស្ទះរង់ចាំចាក់ប្រេងនៅតាមស្ថានីយ៍នានា ក្នុងប្រទេស។ ក្រុមហ៊ុននាំចូលប្រេង ដែលជាក្រុមហ៊ុន​របស់រដ្ឋធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្ននេះ ពួកគេអាចនាំចូលបានត្រឹមតែ ២០លានលីត្រប៉ុណ្ណោះក្នុងមួយខែ ខណៈដែលជាធម្មតាពួកគេនាំចូលប្រេងឥន្ធនៈ ១២០ លានលីត្រជារៀងរាល់ខែ។

ស្របពេលដែលតម្លៃប្រេងនៅប្រទេសឡាវ មួយលីត្រឡើងដល់ទៅ៧៥០០រៀល ឬជិត​២ដុល្លារអាមេរិកទៅហើយ ក្រុមហ៊ុនទទួលបាន​សិទ្ធិផ្តាច់មុខ​នៃស្ថានីយ៍​ប្រេងឥន្ធនៈ PTT នៅក្នុងរដ្ឋធានីវៀងចន្ទន៍កាលពីប៉ុន្មានថ្ងៃមុន បានកំណត់ឲ្យពលរដ្ឋ​ត្រូវតែ​ទិញកាហ្វេដែលមានលក់​នៅ​តាមស្ថានីយរបស់ខ្លួន​ជាមុនសិន ទើបចាក់ប្រេងឥន្ធនៈឲ្យ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Laotian Times។

ប្រការនេះបានបង្កការមិនពេញចិត្ត ព្រមទាំងរិះគន់យ៉ាងខ្លាំងពីពលរដ្ឋឡាវ ពិសេសនៅលើបណ្តាញសង្គម។ ដំបូងឡើយម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT បានបដិសេធការអះអាងរបស់ពលរដ្ឋ ដោយបានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយថា ការបង្ហោះនៅលើបណ្តាញសង្គមទាំងនោះ​ជារឿងមិនពិត ហើយអះអាងថា វាជាសកម្មភាពរបស់​ជនខិលខូច ដែលប៉ុនប៉ងធ្វើឱ្យ​ប៉ះពាល់​ដល់កេរ្តិ៍ឈ្មោះ និងអាជីវកម្មរបស់ខ្លួន។

យ៉ាងណាមិញ ដោយសារតែការរិះគន់ និងមានការ​បង្ហាញ​នូវ​ភស្តុតាងមានកាន់តែច្រើន​ទៅៗ បាននាំឲ្យម្ចាស់ស្ថានីយ៍ PTT នៅឡាវ ចេញមកសុំទោសជាសាធារណៈ​ចំពោះ​ការបង្ខំអតិថិជនឱ្យទិញកាហ្វេមុន​អនុញ្ញាតឱ្យទិញប្រេងឥន្ធនៈនេះ។

គួរជម្រាបថា វិបត្តិខ្វះប្រេងឥន្ធនៈ​ដែលកំពុងបន្តកើត​ឡើង​នៅឡាវ ហាក់មិនងាយ​បិទ​បញ្ចប់ក្នុងពេលឆាប់ៗ​នោះទេ។ រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានបើកកិច្ចប្រជុំបន្ទាន់​មួយកាលពីម្សិលមិញ ដើម្បីព្យាយាមរកច្រកចេញពីវិបត្តិនេះ ក៏ដូចជាដើម្បីរក្សាស្ថិរភាពរូបិយបណ្ណក្នុងប្រទេស ដែលកំពុងតែធ្លាក់ចុះ។

ជាដំណោះស្រាយរយៈពេលខ្លី ធនាគារពាណិជ្ជ​ត្រូវបានស្នើ ឲ្យ​បញ្ចេញរូបិយបណ្ណ​បរទេសនៅប៉ុន្មានថ្ងៃខាងមុខនេះ សម្រាប់ក្រុមហ៊ុន​នាំចូលប្រេង​មួយចំនួន ដែលត្រូវបានរដ្ឋជ្រើសរើស និងជាក្រុមហ៊ុន​ដែលបានប្រាក់ចំណូល​ពីការលក់​ធនធានធម្មជាតិ និងប្រតិបត្តិការ​រុករករ៉ែ។

បច្ចុប្បន្នក្រៅតែពីការនាំចូលប្រេង​ពីប្រទេសថៃ និងវៀតណាម ឡាវដែលជាអ្នកជិតខាងកម្ពុជាមួយដែរនោះ បាននិងកំពុងស្វែងរក​ការផ្គត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ីបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាដែលខ្លួនកំពុងជួបប្រទះ។ ប៉ុន្ដែមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ​ អះអាងថា ការបញ្ជាទិញនេះ គឺទាមទារនិតីវិធីច្រើន និងចំណាយពេលយូរ។

យោងតាមការសែត Laotian Times វិបត្តិនៅក្នុងប្រទេសឡាវ បានកើតឡើងនៅពេលដែលសេដ្ឋកិច្ចរងគ្រោះ​ដោយសារកូវីដ១៩ ផលប៉ះពាល់នៃការកើនឡើង​តម្លៃប្រេងពិភពលោក និងការធ្លាក់ចុះនៃរូបិយបណ្ណក្នុងស្រុក។ ការខ្វះខាតប្រេងឥន្ធនៈនេះ បានកើតឡើងនៅតាមបណ្តាខេត្តអស់ជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែវាទើបបានរាលដាលមកដល់​រដ្ឋធានីវៀងចន្ទន៍ កាលពីរសៀលថ្ងៃចន្ទ ដើមសប្តាហ៍ និងកំពុង​វិវត្ត​កាន់តែធ្ងន់ធ្ងរឡើង​មកទល់ពេលនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូង ខណៈ ៣៥ ម៉ឺននាក់ទៀតមានរោគសញ្ញាសង្ស័យ

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងតិច ៦ នាក់បានស្លាប់ដោយគ្រុនក្ដៅខ្លួន ក្នុងនោះមានម្នាក់បានបញ្ជាក់ថា បានក…

ស្រីលង្ការកបាននាយករដ្ឋមន្រ្តីថ្មីហើយ ប៉ុន្ដែហាក់មិនសូវពេញចិត្តពីពលរដ្ឋ

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa រកបាននាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពី បងប្រុសរបស់លោក គឺលោក ម៉ាហ៊ីនដា លាលែងចេញពីតំណែងនេះក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ