ការអភិវឌ្ឍ​លំនៅដ្ឋាន​

ឧកញ៉ា លី ហួរ គ្រោងបោះទុនធំ សង់​លំនៅដ្ឋាន​១ម៉ឺន​ខ្នង នៅតាម​ផ្លូវ​ជាតិ៦A


ឧកញ៉ាលី ហួរ ដែលត្រូវបានគេស្គាល់ថា ជាសេដ្ឋីខ្មែរមួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងវិស័យជំនួញ ពីអាជីវកររកស៊ីប្តូរប្រាក់តាមផ្សារ មកក្លាយជាសេដ្ឋីអចលនទ្រព្យដ៏លេចធ្លោរនោះ បានប្រកាសថា លោកគ្រោងនឹងវិនិយោគគម្រោងបុរីលំនៅដ្ឋានថ្មីមួយទៀត ដោយចំណាយទុនធំជាងរាល់ដង សាងសង់ផ្ទះរហូតដល់ ១ម៉ឺនខ្នង នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ខណៈដែលបច្ចុប្បន្នគម្រោងបុរីលំនៅដ្ឋានវិមានភ្នំពេញរបស់ក្រុមហ៊ុនលី ហួរ បាននិងកំពុងសាងសង់ ២ទីតាំងហើយ នៅតំបន់នោះ។
ឧកញ៉ា លី ហួរ គ្រោងបោះទុនធំ លើគម្រោងបុរីលំនៅដ្ឋានថ្មីមួយទៀត នៅតាមផ្លូវជាតិ៦A
ដោយ

ហេតុផល​ធំមួយ​នៅពី​ក្រោយ​ការ​បោះទុន​​រាប់លាន​ដុល្លារ​​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​រាប់ពាន់ ​ម៉ឺន​ខ្នងនេះ ត្រូវបាន​​ឧកញ៉ាលី ហួរ ឲ្យដឹងថា ការវិនិយោគ​នេះ គឺឆ្លើយ​តបទៅ​នឹង​តម្រូវ​ការលំនៅដ្ឋាន​នៅ​កម្ពុជា សម្រាប់​អ្នក​ចំណូល​មធ្យម ដែល​នឹងកើន​ដល់​ជិត ១លានខ្នង នៅឆ្នាំ២០៣០។

បើតាម​ការបង្ហើប​ឲ្យដឹង​ពីលោក​ឧកញ៉ា​ លី ហួរ នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦A នេះ ក្រុមហ៊ុន​របស់​លោក​បាន និងកំពុង​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ចំនួន ២ទីតាំង​ហើយ ខណៈ​ដែល​លោក​ត្រៀម​នឹង​អភិវឌ្ឍ​គម្រោង​ធំមួយ​បន្ថែម​ទៀត​នៅ​តំបន់​នេះ ដែល​អាច​ធំជាង​គម្រោង​ដែលមាន​បច្ចុប្បន្ន​រហូត​ដល់ ៣ ដង ពោលគឺ​មានចំនួន​ផ្ទះ​សរុប ប្រមាណ ៨ពាន់ ទៅ​១ម៉ឺន​ខ្នងឯ​ណោះ។ លោក​ឧកញ៉ាលី ហួរ បាន​បញ្ជាក់​ទៀតថា ក្រុមហ៊ុន​លោក​​បាន​ត្រៀម​ទីតាំងសម្រាប់​អភិវឌ្ឍ​គម្រោង​ធំនេះ​រួចរាល់​ហើយ។ ប៉ុន្ដែ គម្រោងនេះ នឹងចាប់​ផ្ដើមពេល​ណា និងទុន​វិនិយោគ​ប៉ុន្មាន​នោះ លោកមិន​ទាន់អាច​បញ្ជាក់​បាននៅ​ឡើយទេ។ 

បើគិត​គម្រោង​សរុប​របស់​ក្រុមហ៊ុន​បុរីវិមាន​ភ្នំពេញ មកទល់​ពេលនេះ មាន​៩គម្រោង​ហើយ។

នាពេលថ្មីៗនេះ ក្រុមហ៊ុន​លី ហួរ គ្រុប ក៏ទើប​តែបាន​បុកគ្រឹះ​សាងសង់​គម្រោង​លំនៅដ្ឋាន​ទី ៩របស់​ខ្លួន នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ដោយ​គម្រោង​នេះ មាន​ទំហំធំ​ជាង​គម្រោង​មុនៗទៅ​ទៀត ពោលគឺ បាន​សាងសង់​លើផ្ទៃដី​រហូត​ដល់ ៣០ ហិកតា និង​គ្រោង​សាងសង់​ផ្ទះ​ចំនួន ​៣ ពាន់ខ្នង ដែលមាន​តម្លៃ​ចាប់ពី ៤ម៉ឺនដុល្លារ ដល់​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក និងមាន​សាងសង់​អគារ​ការិយាល័យ​កម្ពស់​ ៦ជាន់ ចំនួន ៥អគារ​ផងដែរ។

បើតាម​ផែនការ​របស់​ក្រុមហ៊ុន​លី ហួរ គម្រោង​លំនៅ​ដ្ឋាននេះ នឹងសាងសង់​រួចរាល់​នៅរយៈ​ពេល ៣ ទៅ ៥ឆ្នាំ​ខាងមុខ​ទៀត។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បានលើក​ឡើង​ថា ពីមុនតំបន់​ជាយ​រាជធានី​ភ្នំពេញ ដូចជា​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦A នេះ គេតែ​គិតថា មានចម្ងាយ​ឆ្ងាយ​ណាស់​ពីរាជធានី​ភ្នំពេញ ប៉ុន្ដែ សម្រាប់​បច្ចុប្បន្ន​តំបន់​នេះលែង​ឆ្ងាយ និង​ស្ងប់ស្ងាត់​ដូចពីមុន​ទៀត​ហើយ។ លែងឆ្ងាយ​ព្រោះថា ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ បាន​រីកសាយភាយ​ទៅតំបន់​ជុំវិញ​កាន់តែ​ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ។

គួរជម្រាបថា នៅតាម​​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A នេះ បច្ចុប្បន្ន​​មាន​ក្រុមហ៊ុន​សាងសង់​បុរីលំនៅ​ដ្ឋាន​​ធំៗ មិនតិច​ជាង ៥ ក្រុមហ៊ុន ដែល​បាន​និងកំពុង​​អភិវឌ្ឍ​សាងសង់​នៅតំបន់​នោះ។ 

យ៉ាងណាក៏ដោយចុះ តំបន់​ផ្លូវ​ជាតិលេខ​៦A នេះ ក៏ធ្លាប់​ត្រូវបាន​ក្រុម​អ្នកអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​​លើក​ឡើងថា ហាក់​មិនទាន់​មានប្លង់​មេ​ច្បាស់​លាស់​ទាក់ទង​​នឹងប្រព័ន្ធ​លូបង្ហូរ​ទឹក​នៅឡើយ​ទេ ហើយ​ពួកគេ​ក៏ស្នើឲ្យ​អាជ្ញាធរ​​គួរតែ​ពន្លឿន​​គិតគូរ​ពី​បញ្ហានេះ ឲ្យ​ទាន់​ទៅនឹង​ល្បឿន​​អភិវឌ្ឍន៍​ដ៏ឆាប់​រហ័ស​នៃតំបន់​នោះ។

បើតាមមន្ត្រី​ជាន់ខ្ពស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យ​ដឹងថា ក្នុងរយៈពេល ៨ខែ​នៃ​ឆ្នាំនេះ គម្រោង​អភិវឌ្ឍន៍​បុរីលំនៅ​ដ្ឋានថ្មីៗ មាន​រហូត ៣០ទីតាំង និងអគារ​ខ្ពស់ៗ​ចំនួន ៧១ អគារ ប៉ុន្តែ​បើគិត​រហូត​បច្ចុប្បន្ន​វិញ គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​លក្ខណៈ​បុរី​សរុប ២១៧​ទីតាំង និងអគារ​ខ្ពស់ៗ​មាន​ជាង ១ពាន់អគារ។

ក្នុង​៨ខែ​ ឆ្នាំ​២០១៨​ដដែលនេះ ក្រសួង​រៀបចំដែន​ដី​បានផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ជិត ២ពាន់​គម្រោង ដែលមាន​ទុន​វិនិយោគ​សរុប​ជិត ៣ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័ន​រដ្ឋ ឯកជន និង​ស្ថានទូត​បរទេស​ចូលរួម​ទិវា​សម្អាត​ពិភព​លោក នៅ​កម្ពុជា

ព័ត៌មាន
អ្នកស្ម័គ្រចិត្ត​រាប់រយនាក់ មកពីក្រសួង​រដ្ឋ សាលារាជធានី​ភ្នំពេញ ស្ថានទូត​បរទេស និងក្រុមហ៊ុន​ឯកជន ក្នុង​នោះ មាន​ក្រុមហ៊ុន ប៉េង ហួត គ្រុប …

ដំឡូងមី​ខ្មែរ​បាន​និង​កំពុង​ជួប​គ្រោះ​ដោយសារ​ជំងឺ​ម៉ូសាអ៊ិក

ព័ត៌មាន
បន្ទាប់​ពី​មាន​ការ​លេច​ឡើង​នូវ​ជំងឺ​ម៉ូសាអ៊ិក​លើ​ដំណាំ​ដំឡូង​មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ឥណ្ឌា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ