បញ្ហាវិស័យថាមពល

ក្រុមហ៊ុនចិនធំៗកំពុងតាមចែចូវទិញឧស្ម័នធម្មជាតិរាវ LNG ពីអាមេរិក ដើម្បីផលិតថាមពលដែលកំពុងខ្វះខាត


បញ្ហាវិស័យថាមពលសកលកំពុងតែមានស្ថានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើងៗ ប្រការនេះបាននឹងកំពុងបង្កជាក្ដីបារម្ភធំមួយសម្រាប់ការលូតលាស់នៃកំណើនសេដ្ឋកិច្ចសកលលោក។ វិបត្តិថាមពលនេះ កំពុងធ្វើឲ្យប្រទេសជាច្រើនរួមទាំងប្រទេសមហាអំណាចធំៗផងដែរ កំពុងឈឺក្បាលវិលមុខកាន់តែខ្លាំង ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាកង្វះខាតថាមពលជាសកលនេះ ពិសេសប្រទេសចិនតែម្ដង។
ក្រុមហ៊ុនចិនធំៗកំពុងតាមចែចូវទិញឧស្ម័នធម្មជាតិរាវ LNG

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ធំ​ៗ​មួយ​ចំនួន កំពុង​តែ​តាម​ចែចូវ​ជាមួយនឹង​ក្រុមហ៊ុននាំចេញ​របស់​អា​មេ​រិ​ក ដើម្បី​អាច​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ LNG ពី​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន ខណៈ​ដែល​បញ្ហា​តម្លៃ​ហ្គា​ស​ឡើងថ្លៃ និង​កង្វះខាត​ថាមពល​ប្រើប្រាស់​ក្នុងស្រុក​កាន់តែ​ធ្ងន់ធ្ងរ កំពុង​បង្កក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​សន្ដិសុខ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​ចិន​។​នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

ប្រភព​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​ចិន​ធំ​ៗ​ចំនួន ៥​ក្រុមហ៊ុន រួម​ទាំង ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន Sinopec Corp និង China National Offshore Oil Company និង​ក្រុមហ៊ុន​ចែកចាយ​ថាមពល ដែល​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​មូលដ្ឋាន​របស់​ចិន Zhejiang Energy ជាដើម បច្ចុប្បន្ន កំពុង​ចរចា​ជាមួយនឹង​ក្រុមហ៊ុននាំចេញ​របស់​អា​មេ​រិ​ក ទាក់ទង​នឹង​ការ​ផ្គង់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ LNG ពី​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ចិន​។

កិច្ចចរចា​រវាង​ក្រុមហ៊ុន​ចិន និង​អា​មេ​រិ​ក​ទាំងនេះ ត្រូវ​បាន​គេ​ដឹង​ថា អាច​នឹង​មាន​កិច្ចព្រមព្រៀង ក្នុង​តម្លៃ​ជា​ទឹកប្រាក់​រហូត​ដល់​ទៅ​រាប់​សិប​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​វា​អនុញ្ញាត​ឲ្យ​ចិន​អាច​នឹង​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ LNG ពី​អា​មេ​រិ​ក​ក្នុង​បរិមាណ​ដ៏​ច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ស្រប​ពេល​ដែល​បច្ចុប្បន្ន​ចិន​កំពុង​ជួប​បញ្ហា​កង្វះខាត​ថាមពល​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​។

គេ​នៅ​ចាំ​ថា នៅ​អំឡុង​ពេល​ដែល​ចិន និ​អា​មេ​រិ​ក​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើន​កម្ដៅ​ខ្លាំង​នៅ​ឆ្នាំ​២០១៩ ពាណិជ្ជកម្ម​ឧស្ម័ន ត្រូវ​បាន​ផ្អាក​ក្នុង​មួយ​រយៈពេល​ខ្លី​។ យ៉ាងណាមិញ រោងចក្រ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​រាវ LNG នៅ​អា​មេ​រិ​ក អាច​នឹង​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ដើម្បី​សាងសង់ ហើយ​មាន​គម្រោង​រោងចក្រ​មួយ​ចំនួន​នៅ​អា​មេ​រិ​ក​ខាងជើង កំពុង​ដំណើរការ ប៉ុន្ដែ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មិន​ទាន់​អាច​ចាប់ផ្ដើម​នាំ​ចេញ​ឧស្ម័ន​បាន​នៅឡើយ​ទេ រហូត​ដល់​៥​ឆ្នាំ​ក្រោយ​ឯណោះ​។

កិច្ច​ពិភាក្សា​រវាង​ចិន​ជាមួយនឹង​អ្នក​ផ្គត់​អា​មេ​រិ​ក បាន​ចាប់ផ្ដើម​តាំងពី​ដើមឆ្នាំ​មក​ម្ល៉េះ ប៉ុន្ដែ ត្រូវ​បាន​ព​ន្លឿ​ន​ការ​ចរចា​ខ្លាំង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ចំ​ពេល​ដែល​ប្រទេស​ចិន ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ផលិត​ថាមពល​ធំ​ជាងគេ​ក្នុង​ពិភពលោក​ដែរ​នោះ បែរជា​កំពុង​ជួបនឹង​បញ្ហា​កង្វះខាត​ថាមពល​ប្រើប្រាស់​ធ្ងន់ធ្ងរ​។ មិនមែន​តែ​ចិន​ទេ ដែល​កំពុង​ពិបាក​ដោះស្រាយ​បញ្ហា​ថាមពល​នេះ បញ្ហា​នេះ កំពុង​កើត​មាន​ជាស​កល​ទៅ​ហើយ តួយ៉ាង តម្លៃ​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​តំបន់​អាស៊ី បាន​កើនឡើង​ដល់​ទៅ​ជាង ៥​ដង​នៅ​ក្នុងឆ្នាំនេះ ដែល​កំពុង​បង្ក​ជា​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ការ​ខ្វះខាត​ថាមពល​ប្រើប្រាស់​នៅ​ក្នុង​រដូវរងា​ខាង​មុខ​នេះ​។

យ៉ាងណាមិញ សម្រាប់​កិច្ចចរចា​រវាង​ក្រុមហ៊ុន​អា​មេ​រិ​ក និង​ចិន​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ LNG នេះ គឺ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ប្រកាស​ពី​ការ​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ ជាមួយនឹង​បរិមាណ​បញ្ជា​ទិញ​ថ្មី​ដែល​នឹង​ត្រូវធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ នឹង​ជួយ​ពង្រឹង​ជំហរ​របស់​ចិន ក្នុង​នាម​ជា​កំពូល​ប្រទេស​បញ្ជា​ទិញ​ឧស្ម័ន​ធម្មជាតិ​រាវ​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​នេះ ពោល​គឺ​ឈរ​លើ​កំពូល​តារាង​លើ​ប្រទេស​ជប៉ុន​ទៅ​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្ម បានចាត់តាំងក្រុមហ៊ុន Beyond Retail Business Cambodia Co.,Ltd ដើម្បីគ្រប់គ្រងលើផ្នែកពាណិជ្ជកម្មនៃពន្លាជាតិកម្ពុជានៅក្នុងពិព័រណ៍ពិភពលោកក្នុងឆ្នាំ២០២០នៅទីក្រុងឌូបៃ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចាត់តាំងឱ្យក្រុមហ៊ុន Reyond Retail Business Cambodia Co.,Ltd ជាក្រុមហ៊ុនឯកជនមួយ ដែលមានជំនាញក្នុង…

ចិនបញ្ជូនទូររថភ្លើងល្បឿនលឿនទៅឲ្យឡាវ និងគ្រោងដាក់ដំណើរការសាកល្បងឆាប់ៗនេះ

ព័ត៌មាន
ក្តីសុបិន្តរបស់ប្រជាជនឡាវកំពុងក្លាយជាការពិត ខណៈដែលទូររថភ្លើងល្បឿនលឿនស្តង់ដារផលិតរបស់ចិន ត្រូវបានបញ្ជូនមកដល់រដ្ឋធានីវៀងច័ន្ទហើយកាលពីថ្ងៃទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ