កូវីដ១៩នៅម៉ាឡេស៊ី-បិទខ្ទប់

ម៉ាឡេស៊ីបន្ថែមថវិកា ៣៦ពាន់លានដុល្លារជួយពលរដ្ឋ ចំពេលប្រទេសបន្ដការបិទខ្ទប់


រដ្ឋាភិបាលម៉ាឡេស៊ីក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ម៉ូយីស៊ីន យ៉ាឌីន នៅ ដើមសប្ដាហ៍នេះ បានបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ៣៦ពាន់លានដុល្លារបន្ថែមទៀតដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ ជាពិសេសដោះស្រាយផលប៉ះពាល់អំឡុងការបិទខ្ទប់ក្នុងប្រទេសដែលបន្តអូសបន្លាយយូរទៅមុខទៀត ដោយមិនទាន់ដឹងថា ថ្ងៃណានឹងបើកឡើងវិញនោះទេ ពោលគឺត្រូវរង់ចាំទាល់តែករណីឆ្លងកូវីដ-១៩ ស្រកចុះមកវិញ។ នេះបើយោងតាមការចុះផ្សាយ Channel News Asia។
ប្រទេសម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ូយីស៊ីន យ៉ាឌីន បានបញ្ជាក់ឲ្យដឹង អំឡុងពេលលោកថ្លែងសារជាសាធារណៈលើកញ្ចក់ទូរទស្សន៍ថា កញ្ចប់ថវិកានេះនឹងយកមកប្រើប្រាស់ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជៀសវាងជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ ថែមទាំងជួយស្តារឡើងវិញនូវចរន្តសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។

ក្នុងចំណោមថវិកាជំរុញសេដ្ឋកិច្ចទាំងជាង ៣៦ពាន់លានដុល្លារ មានជាង ១ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់គម្រោងជំនួយកូវីដ-១៩ពិសេស ដើម្បីជួយទំនុកបម្រុងជាសាច់ប្រាក់ ឲ្យមនុស្សចាស់ និងអ្នកមិនទាន់មានគ្រួសារសរុបប្រមាណ ១១លាននាក់នៅម៉ាឡេស៊ី។ ក្នុងនោះ ពលរដ្ឋម្នាក់អាចទទួលបានសាច់ប្រាក់ពីចន្លោះ ៦០ដុល្លារអាមេរិកដល់ជាង ៣០០ដុល្លារអាមេរិក។

ក្រៅពីនោះ កញ្ចប់ថវិកានឹងត្រូវបែងចែក ជាង១២០លានដុល្លារទៀត សម្រាប់អ្នកដែលបានបាត់បង់ការងារ និងបាត់បង់ចំណូលនៅអំឡុងពេលកូវីដ១៩ ចំនួនជាង១លាននាក់ ដោយក្នុងម្នាក់នឹងទទួលបានប្រាក់ ១២០ដុល្លារ។ ចំណែកឯ សហគ្រាស និងអាជីវកម្មធុនតូច និងមធ្យមក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកាឆ្នាំនេះផងដែរ។

បន្ថែមពីលើសាច់ប្រាក់ដែលម៉ាឡេស៊ីបានឧបត្ថម្ភដល់ពលរដ្ឋខ្លួន រដ្ឋាភិបាលលោក យ៉ាស៊ីនក៏បានប្រកាសជួយកាត់បន្ថយចំណាយសាធារណៈរបស់ពលរដ្ឋ តាមរយៈការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីពី ៥%ដល់៤០% ក្នុងមួយខ្នងផ្ទះសម្រាប់រយៈពេល៣ខែ ចាប់ពីខែកក្កដាខាងមុខនេះ។

គួររំឭកថា នេះមិនមែនជាកញ្ចប់ថវិកាជំនួយកូវីដ១៩លើកទីមួយរបស់ម៉ាឡេស៊ីនោះទេ ពោលគឺប្រទេសសមាជិកអាស៊ានមួយនេះ ក៏ធ្លាប់បានទម្លាក់កញ្ចប់ថវិកាជំនួយក្នុងទំហំ ១០ពាន់លានដុល្លារម្តងរួចមកហើយដែរ កាលពីដើមខែមិថុនា គ្រាដែលមានការបិទខ្ទប់ភ្លាមៗ។

ប្រទេសម៉ាឡេស៊ីបានស្ថិតក្នុងការបិទខ្ទប់ប្រទេសចាប់តាំងថ្ងៃទី១ខែមិថុនាមកដល់បច្ចុប្បន្ន ក្រោយរលកឆ្លងកូវីដ១៩បានបន្តបោកបក់ឥតឈប់ឈរ។ ជាក់ស្តែង កាលនៅថ្ងៃទី២៨មិថុនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសហើយថា ប្រទេសរបស់ខ្លួននឹងនៅតែបន្តការបិទខ្ទប់ រហូតដល់ករណីវិជ្ជមានប្រចាំថ្ងៃធ្លាក់មកនៅក្រោមចំនួន ៤ពាន់នាក់។

សូមបញ្ជាក់ថា ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ១៩ថ្មីប្រចាំថ្ងៃជាមធ្យមចំនួនជាង ៥៥០០នាក់ ខណៈដែរអ្នកឆ្លងសរុបនៅទូទាំងប្រទេសមានជាង ៧៤ម៉ឺននាក់ និងស្លាប់៥ពាន់នាក់៕




អត្ថបទបន្ទាប់


វៀតណាមគ្រោងសាកល្បងទទួលអ្នកដំណើរពីក្រៅប្រទេស ដោយកាត់បន្ថយមកនៅ៧ថ្ងៃវិញ

ព័ត៌មាន
ប្រទេសវៀតណាម រៀបចំផែនការសាកល្បងកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេស ពី២១ថ្ងៃ មកនៅត្រឹម៧ថ្ងៃវិញ ដោយផែនការសាកល្បងនេះ គ្រោងនឹង…

រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៩ហើយ! មាន៤ចំណុចសំខាន់ដែលអ្នកគួរដឹង!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២១ បានសម្រេចដាក់ចេញនូវវិធានការជុំទី៩ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដែលបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ