ការនាំចេញស្វាយទៅចិន

ក្រសួងកសិកម្ម ប្រាប់ឲ្យក្រុមហ៊ុននាំចេញស្វាយចំនួន ២០ រួសរាន់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីនាំចេញស្វាយទៅចិន


រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីនាំចេញស្វាយចំនួន ២០ រួសរាន់រៀបចំខ្លួនឲ្យបានរួចរាល់ តាមរយៈការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងការតម្រូវស្ដង់ដារនៃភូតគាមអនាម័យ ដើម្បីអាចនាំចេញស្វាយទៅកាន់ប្រទេសចិននៅពេលខាងមុខនេះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ស្ដាំ) និងលោក លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា (ឆ្វេង) ក្នុងពិធីចុះហត្ថលេខា​លើពិធីសារ​នាំចេញស្វាយ
ដោយ

ការអះអាង​របស់​​ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ គឺធ្វើឡើយ ក្រោយពេលដែល ក្រសួង​ទើបតែបាន​ចុះហត្ថលេខា​ជាមួយនឹង​ភាគីចិន លើពិធីសារ​ បើកផ្លូវ​សម្រាប់​ការនាំចេញ​ផ្លែស្វាយស្រស់​ពីកម្ពុជា​ទៅកាន់ប្រទេសចិន កាលពីព្រឹក​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០។ បើតាម​ការអះអាង​​របស់​ឯកឧត្តម វេង សាខុន ក្រោយពីចុះហត្ថលេខ​​លើពិធីសារនេះ កម្ពុជាអាចនឹង​ចាប់ផ្ដើម​នាំចេញស្វាយ​ទៅកាន់ទីផ្សារប្រទេសចិនបានហើយ ប៉ុន្ដែមុននឹងអាច​នាំចេញ​ទៅបាន ក៏តម្រូវ​ឲ្យ​គោរព​ទៅតាម​ស្ដង់ដារ​ភូមគាម​អនាម័យ​ ដែលកំណត់​ដោយភាគីចិនផងដែរ ខណៈដែល​ក្រុមហ៊ុន​ទាំង ២០ ដែលបានចុះបញ្ជី​ស្នើសុំ​នាំចេញ​ស្វាយ​ទៅចិននោះ គឺ​មិនទាន់បាន​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ អាចឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ តម្រូវ​បាននៅឡើយទេ។ ដូច្នេះហើយ ទើបក្រសួង​កសិកម្ម អំពាវនាវ​ឲ្យ ក្រុមហ៊ុន​ទាំង ២០នោះ រួសរាន់​ កសាង​នូវហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់​ការ​​នាំចេញស្វាយ​​របស់ខ្លួន ឲ្យបាន​ឆាប់រួចរាល់ ដើម្បីឲ្យរដ្ឋបាល​គយចិន ចុះមកត្រួតពិនិត្យ និងវាយតម្លៃ​មុននឹងអាចនាំចេញបាន។

ឯកឧត្តម វេង សាខុន បាន​ឲ្យដឹងថា បើទោះបីជាមាន​ការចុះ​ហត្ថលេខា​បើកផ្លូវ​នាំចេញ​ស្វាយ​ជាមួយភាគី​ចិន​រួចហើយ​ក៏ពិតមែន ប៉ុន្ដែ ដើម្បីអាច​នាំចេញ​ផ្លែស្វាយ​ទៅកាន់ប្រទេសចិន ភាគីកម្ពុជា​ ដែលជា​ក្រុមហ៊ុន​​ឯកជន​ត្រូវ​ធ្វើការងារ​ជាច្រើនទៀត តាមរយៈ​ការកសាង​នូវហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់​ដំណើរការនាំចេញ​ដូចជា​​ ការដំឡើងម៉ាស៊ីន​កម្ចាត់មេរោគនៅលើ​ផ្លែស្វាយ និងការវេចខ្ចប់​នាំចេញជាដើម។ នៅពេលដែល ក្រុមហ៊ុន​នាំចេញស្វាយ​ទាំង ២០ ​ធ្វើការងារទាំងនេះ បានរួចរាល់​ពេលណានោះ ខាងក្រសួងកសិកម្ម និងអញ្ជើញ​ខាង​​រដ្ឋបាលគយ​នៃប្រទេសចិន ឲ្យមកធ្វើការត្រួតពិនិត្យ និងវាយតម្លៃ​មុន​នឹង​ធ្វើការនាំចេញបាន។

ឯកឧត្តម វេង សាខុន បញ្ជាក់​យ៉ាងដូច្នេះថា «​ដូចខ្ញុំ​បាន​បញ្ជាក់អញ្ចឹង គឺក្រុមហ៊ុន​នីមួយៗ​ត្រូវ​រៀបចំ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ ជាពិសេស​គឺគ្រឿងយន្ដដែល​ត្រូវ​បញ្ចេញ​ចំហាយ​ទឹកក្ដៅនោះ​ សម្លាប់​សមាសភាព​ចង្រៃ​ចេញ​ពីផ្លែស្វាយ​មុននឹង​ខ្ចប់វិញ​ធ្វើការ​នាំចេញ​។ ដូច្នេះ កន្លងទៅនេះ ក្រោយពីចុះវាយតម្លៃ​យើងឃើញថា មានក្រុមហ៊ុន​ Hyundai មួយ ដែលមានលទ្ធភាព​ធ្វើការ​នាំចេញ​។ ប៉ុន្ដែ ដោយឡែក យើងមិនទាន់​​ឃើញ​ក្រុមហ៊ុន​ណាមួយ​នៅកម្ពុជា ចាប់ផ្ដើម​ដំណើរការនៃការ​​កសាងហេដ្ឋារចនា​សម្ព័ន្ធ​នោះទេ»។​

បើតាមឯកឧត្តម វេង សាខុន ​សម្រាប់​ប្រជាកសិករ​ដាំដុះស្វាយ​លក្ខណៈ​គ្រួសារ ឬចម្ការតូចៗវិញ នឹងមិនមានលទ្ធភាព​គ្រប់គ្រាន់ ដើម្បី​​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើដល់​ការនាំចេញ​ស្វាយ​ដោយខ្លួនឯងបានទេ។ ដូច្នេះហើយ វាចាំបាច់​ត្រូវការ​វិស័យឯកជន ក៏ដូចជា​ក្រុមហ៊ុន​នាំចេញ​ធំៗ ត្រូវសហការ​ជាមួយនឹង​សហគម​ន៍​​ជាអ្នកដាំដុះស្វាយ តាមរយៈ​ការ​ធ្វើកិច្ចសន្យា​កសិកម្ម​ជាមួយពួកគាត់ ដើម្បី​​ទិញស្វាយបន្ដ​ពីកសិករ​​ ​យកមកវេចខ្ចប់​នាំចេញ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ទៀតថា «កសិករ​ដែលដាំដោយខ្លួនឯង ពុំមាន​លទ្ធភាព​បង្កើត​រោងចក្រ​ដោយខ្លួនឯងទេ​ បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កំពុងតែ​រៀបចំ​កញ្ចប់ថវិកា​ ដើម្បីឲ្យ​វិនិយោគិន​​នៅក្នុងប្រទេស​កម្ពុជា​ ក្នុងការស្រូបយក​នូវហេដ្ឋារចនាសម្ព័ន្ធ​ ដោយខ្ចីធនធាននេះ​ដើម្បីយក​ទៅកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ខ្ញុំគិតថា កសិករ​កម្ពុជា ពុំទាន់​មានលទ្ធភាពទេ។ ដូច្នេះ យើងពឹងអាស្រ័យ​ទៅលើ​វិស័យឯកជន​ ដែលចូលរួម​ធ្វើការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធនេះ ហើយដូចខ្ញុំ​បានអំពាវនាវ​មិញអញ្ចឹង​ គឺថា​ឲ្យ​វិស័យឯកជន​ហ្នឹង ធ្វើកិច្ចសន្យា​​ក្នុងការប្រមូលទិញ​ ហើយកិច្ចសន្យាហ្នឹង​ត្រូវមាន​លក្ខខណ្ឌ​ជាមួយប្រជាជន​ថាតើ​យើង​ត្រូវ​ធ្វើការ​ដាំដុះ​យ៉ាងដូចម្តេច ដើម្បីឆ្លើយតប​ទៅនឹង​សេចក្ដី​ត្រូវការ ​តម្រូវការ​នៃភូតគាម​អនាម័យ នៃការនាំចេញស្វាយស្រស់​ទៅកាន់​ប្រទេសចិន នៅពេលខាងមុខ»។

លោក លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ដែរថា ជាការកត់សម្គាល់​របស់លោក ប្រទេស​កម្ពុជា គឺជាប្រទេស​ដែលសម្បូរ​ទៅដោយ​ធនធាន​កសិកម្ម ខណៈដែលប្រទេសចិន គឺមានទីផ្សារ​ធំទូលាយ​សម្រាប់​កសិផល​កម្ពុជាទាំងនោះ ដូច្នេះ កិច្ចសហការ​លើ​វិស័យកសិកម្មនេះ គឺជាកិច្ចសហប្រតិបត្តិការ​ដែលមានសក្ដានុពល​ធំទូលាយមួយ។ លោក វ៉ាង បន្ថែមទៀតថា ចំពោះ​ផ្លែស្វាយរបស់កម្ពុជា គឺជា​ផលិតផល​​ផ្លែឈើស្រស់​ទី២ហើយ ដែលត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចេញ​ដោយផ្ទាល់​ពីកម្ពុជា​ទៅកាន់ប្រទេសចិន បន្ទាប់ពី​ផ្លែចេក ហើយលោក​សង្ឃឹមថា ភាគីទាំងពីរ​​នឹង​ធ្វើការងារ​កាន់តែជិតស្និទ​ថែមទៀត ដើម្បី អាចនាំចេញ​កសិកផល​កម្ពុជា​ជាច្រើន​ផ្សេងទៀត ទៅកាន់ទីផ្សារចិន។

បើតាម​ស្ថានទូតចិន​ ក្រោយពី​មាន​ការចុះហត្ថលេខា​លើពិធីសារ​នាំចេញស្វាយទៅចិននេះ កម្ពុជា​អាចនឹង​ផ្គត់ផ្គង់ស្វាយ​ទៅកាន់ទីផ្សារប្រទេសចិន​ប្រមាណ កន្លះលានតោន​ជារៀងរាល់ឆ្នាំ។

បើតាម​រដ្ឋមន្ត្រីក្រសួងកសិកម្ម​បានអះអាងដែរថា ភាគីទាំងពីរ គឺកម្ពុជា-ចិន បាននិងកំពុងពិភាក្សា​អំពី​នីតិវិធីនិងលក្ខខណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួន​ដើម្បីឈាន​ទៅធ្វើការ​អនុម័ត​លើឯកសារ​សំណើ​នាំចេញផលិតផល​កសិកម្ម​កម្ពុជា​​ជាច្រើនមុខទៀត​ រួមមាន​ ម្រេច មានប៉ៃលិន ក្រូចថ្លុង ទុរេន និងទឹកមាត់ត្រចៀកកាំជដើម​។ ក្រសួងកសិកម្ម សង្ឃឹមថា​កិច្ចការនេះនឹង​អាចចាប់​ផ្តើមធ្វើការ​នាំចេញនាពេលឆាប់ៗខាងមុខនេះ។ 

បើតាម​ក្រសួងកសិកម្ម ចំពោះដំណាំស្វាយនេះ នៅកម្ពុជា​មានការដាំដុះ​ពូជស្វាយ​រហូតដល់​ទៅ ១៨ពូជ ប៉ុន្ដែ ពូជស្វាយ​ដែល​មានការពេញនិយម​ដាំដុះច្រើន​បំផុត គឺពូជស្វាយ​កែវរមៀត។ បើ​គិតត្រឹមឆ្នាំ២០១៩ ការដាំដុះស្វាយ​មានផ្ទៃដី​សរុប ជាង ១២ម៉ឺន​ហិកតា ក្នុងនោះ ផ្ទៃដី​ដែលអាចប្រមូលផលបាន​មានចំនួន ជាង ៩ម៉ឺនហិកតា ដែលជាមធ្យម​កម្ពុជា​អាច​មាន​ផលិតផល​ស្វាយស្រស់​ប្រមាណជាង ១លាន ៤សែនតោន ក្នុងមរួយរដូវ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុត្រា​ច្បង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងជា​ប្រធាន​យុវជនគណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល

ព័ត៌មាន
លោក ហ៊ុន ម៉ាណែត ដែល​ជា​បុត្រា​ច្បង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា (ស៊ីភីភី) ដំឡើង​ឋា…

ក្រសួងកសិកម្ម និងសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា យល់ឃើញផ្ទុយគ្នាជុំវិញរឿងសាច់ជ្រូកហក់ឡើងថ្លៃ

ព័ត៌មាន
តម្លៃសាច់ជ្រូកបានហក់ឡើងថ្លៃជាលំដាប់តាំងពីមុនពេលការផ្ទុះឡើងនៃកូវីដ-១៩ រហូតមកទល់ពេលនេះ ហើយបើតាមអ្នកជំនាញ តម្លៃសាច់ជ្រូកនឹងឈប់ឡើងត្រឹមន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ