ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនបដិសេធទទួលការបញ្ជាទិញ

ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនបដិសេធទទួលការបញ្ជាទិញ ដោយសារតែមានកង្វះកម្លាំងពលកម្មពីកម្មករចំណាកស្រុក


ក្រុមហ៊ុនមួយចំនួននៅប្រទេសម៉ាឡេស៊ីចាប់រាប់ចាប់ពីអាជីវកម្មចម្ការដូងប្រេងរហូតដល់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកំពុងតែបដិសេធការបញ្ជាទិញពីក្រៅប្រទេស និងបានបង្ខំចិត្តបោះបង់ចោលការលក់ក្នុងតម្លៃរាប់ពាន់លានដុល្លារ ដោយសារតែកង្វះខាតកម្លាំងកម្មករជាងមួយលាននាក់ ដែលបានគំរាមកំហែងដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើតាមទីភ្នាក់ងាររ៉យទ័របានឱ្យដឹងនៅថ្ងៃនេះ។
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនបដិសេធទទួលការបញ្ជាទិញ ដោយសារតែមានកង្វះកម្លាំងពលកម្មពីកម្មករចំណាកស្រុក

ក្រុមហ៊ុន និង​អ្នកការទូត​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា ទោះបីជា​ម៉ា​ឡេ​ស៊ី​អនុញ្ញាត​ឱ្យ​មានការ​ជ្រើសរើស​កម្មករ​ពី​ក្រៅប្រទេស ឡើង​វិញ​តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០២២​ក៏​ដោយ ក៏​ប្រទេស​មួយ​នេះ មិន​បានឃើញ​ពលករ​ចំណាកស្រុក​បរទេស​ត្រឡប់​មក​ធ្វើការ​វិញ​នោះ​ដែរ ដោយសារ​តែ​ការ​អនុម័ត​យឺតយ៉ាវ​របស់​រដ្ឋាភិបាល និង​ការ​ចរចា​អូស​បន្លាយពេល​យូរ​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​បង់​ក្លា​ដេ​ស​ជុំវិញ​ការ​ការពារ​កម្មករ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​នេះ គឺជា​ប្រភព​កម្មករ​បរទេស​ដ៏​សំខាន់​របស់​ម៉ា​ឡេ​ស៊ី​។

ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ និង​ចំណុច​ត​ភ្ជាប់​ដ៏​សំខាន់​នៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​នោះ បាន​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​កម្មករ​បរទេស​រាប់​លាន​នាក់​សម្រាប់​ការងារ​នៅ​តាម​ចម្ការ​ដំណាំ ពិសេស​ដូងប្រេង រោងចក្រ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​ជាដើម​។

ក្រុមហ៊ុន​ផលិត​មួយ​ចំនួន​ដែល​បង្កើត​បាន​ជិត​មួយ​ភាគ​បួន នៃ​សេដ្ឋកិច្ចជាតិ​មានការ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​អតិថិជន​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត នៅ​ពេល​ដែល​កំណើន​តម្រូវការ​កំពុង​តែ​កើនឡើង​។

លោក សុះ ធៀន ឡៃ (Soh Thian Lai) ប្រធាន​សហព័ន្ធ​ក្រុមហ៊ុន​ផលិត​នៅ​ម៉ា​ឡេ​ស៊ី ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន​ជាង ៣​ពាន់​៥​រយ​ក្រុមហ៊ុន​នោះ​បាន​និយាយ​ថា "​ទោះបីជា​មាន​សុទិដ្ឋិនិយម​កាន់តែ​ខ្លាំង​នៅ​ក្នុង​ទស្សនវិស័យ និង​ការ​កើនឡើង​នៃ​ការ​លក់​ក៏​ដោយ ក៏​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ជួប​ឧបសគ្គ​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​បំពេញ​តាម​ការ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​"​។

លោក ខាល់ បេ​ក នែ​ល​សេន (Carl Bek-Nielsen) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ដាំដូង​ប្រេង United Plantations បាន​និយាយ​ថា ក្រុមហ៊ុន​ដាំដូង​ប្រេង​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ខាតបង់ ហើយ​លោក​បាន​បន្ត​ថា​«​ស្ថានការណ៍​គឺ​ធ្ងន់ធ្ងរ​ណាស់​»​។

ប្រទេស​ម៉ា​ឡេ​ស៊ី​ខ្វះ​កម្លាំង​កម្មករ​យ៉ាងតិច ១​លាន​២​សែន​នាក់​នៅ​ទូ​ទាំង​ផលិតកម្ម នៅ​តាម​ចម្ការ និង​សំណង់ ហើយ​បញ្ហា​នេះ កំពុង​វិ​វត្ត​កាន់តែ​អាក្រក់​ទៅ​ៗ​ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​តម្រូវការ​ទីផ្សារ​កំពុង​កើនឡើង ស្រប​ពេល​ដែល​មានការ​ថយ​ចុះ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ឧស្សាហកម្ម​និង​ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​។

ក្រុមហ៊ុន​ផលិត​ជា​ច្រើន​នៅ​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ពួក​គេ​ខ្វះ​កម្មករ ៦០ ម៉ឺន​នាក់​។ ក្រុមហ៊ុន​សំណង់​ត្រូវការ​កម្មករ ៥៥ ម៉ឺន​នាក់​។ ឧស្សាហកម្ម​ប្រេងដូង​រាយការណ៍​ពី​កង្វះ​កម្មករ ១២ ម៉ឺន​នាក់ ហើយ​ក្រុមហ៊ុន​ផលិត​បន្ទះ​សៀគ្វី​ខ្វះ​កម្លាំង​ពលកម្ម​ជាង​១​ម៉ឺន​៥​ពាន់​នាក់ រីឯ ក្រុមហ៊ុន​ផលិត​ស្រោមដៃ​វេជ្ជសាស្ត្រ​វិញ និយាយ​ថា ពួក​គេ​ត្រូវការ​កម្មករ​ជាង​១​ម៉ឺន​២​ពាន់​នាក់​។ បញ្ហា​នេះ កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​មិន​អាច​បំពេញ​ឆ្លើយ​តប​តាម​តម្រូវការ​បាន​នោះ​ទេ​។

លោក Wong Siew Hai ប្រធាន​សមាគម​ឧស្សាហកម្ម​គ្រឿង​អេ​ឡិច​ត្រូ​និក​នៅ​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​កំពុង​ព្រ​លែង​អតិថិជន​របស់​ខ្លួន​ចោល​ហើយ ដោយសារ​តែ​ការ​ផលិត មិន​ទាន់​តាម​តម្រូវការ​បញ្ជា​ទិញ​។ ពលរដ្ឋ​ក្នុងស្រុក​ម៉ា​ឡេ​ស៊ី​មិន​ចាប់អារម្មណ៍​ធ្វើ​ការងារ​ក្នុង​ឧស្សាហកម្ម​នេះ​ទេ ហើយ​មនុស្ស​ជា​ច្រើន ដែល​ចូលរួម​ការងារ​នេះ បាន​ឈប់​ពី​ការងារ​នេះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកនេះ​។

ដោយឡែក ឧស្សាហកម្ម​ប្រេងដូង​ដែល​រួមចំណែក ៥% ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ បាន​ព្រមាន​ថា ផលដំណាំ​ចំនួន ៣ លាន​តោន​អាច​នឹង​ត្រូវ​បាត់បង់​នៅ​ឆ្នាំ​នេះ ដោយសារ​ផ្លែ​ដូងប្រេង​នឹង​ត្រូវ​ស្អុយរលួយ មិន​មានកម្ម​ករ​បេះ ដែល​វា​នឹង​ធ្វើ​ឱ្យ​ខាតបង់​ជាង ៤ ពាន់​លាន​ដុល្លារ​។ ឧស្សាហកម្ម​ស្រោមដៃ​កៅស៊ូ​ប៉ាន់​ប្រមាណ​ដែរ​ថា ប្រាក់​ចំណូល ៧០០ លាន​ដុល្លារ​នឹង​បាត់បង់​នៅ​ឆ្នាំ​នេះ​ប្រសិនបើ​នៅ​តែ​ខ្វះ​កម្លាំង​ពលកម្ម​បែប​នេះ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន បារម្ភថា វិបត្តិសេដ្ឋកិច្ចសកលអាចកើតឡើង ខណៈវិបត្តិប្រេង និងស្បៀងអាហារកំពុងបង្កការគំរាមកំហែងខ្លាំង

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភពីស្ថានការណ៍ពិភពលោក ដែលកំពុងរងការគំរាមកំហែង ដោយសារតែវិបត្តិកូវីដ-១…

ក្រុមអ្នកជំនាញ៖តម្លៃស្រូវអង្ករនៅអាស៊ីនឹងឡើងថ្លៃតាមនិន្នាការស្បៀងអាហារសកល ប៉ុន្តែមិនទាន់ចោទជាបញ្ហាខ្លាំងឡើយ

ព័ត៌មាន
តម្លៃស្បៀងអាហារសកលបាន និងកំពុងបន្តឡើងថ្លៃឥតឈប់ឈរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ប្រការនេះត្រូវបានក្រុមអ្នកឃ្លាំមើលទីផ្សារប៉ាន់ប្រមាណថា តម្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ