ទន្លេ​មេគង្គ​ប្រឈមនឹង​ភាពរាំងស្ងួត​ដ៏គួរ​ឲ្យ​បារម្ភ!

មន្រ្តី​កម្ពុជា​ថា ទន្លេ​មេគង្គ​រាក់​ជា​ប្រវត្តិ​សាស្ត្រ​នេះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ


ខណៈ​ដែល​ទន្លេ​មេគង្គ​កំពុង​ទទួល​រង​នូវ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត មន្រ្តី​ជាន់​ខ្ពស់​​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អះអាង​ថា នេះ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ មិនមែន​ដោយសារ​ទំនប់​វារី​អគ្គិសនី​ណា​មួយ​នៅ​ប្រទេស​ឡាវ​នោះ​ទេ។
លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ថា ទន្លេ​មេគង្គ​កំពុងតែ​មាន​ទឹក​រាក់​​បំផុត​ក្នុង​​រយៈពេល​យ៉ាង​ហោច​ណាស់ ៦០​ឆ្នាំ​ចុង​ក្រោយ​នេះ។ រូបភាព​ឯកសារ៖ ហេង ភារម្យ
ដោយ

យោងតាម​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ថា ទន្លេ​មេគង្គ​កំពុងតែ​មាន​ទឹក​រាក់​​បំផុត​ក្នុង​​រយៈពេល​យ៉ាង​ហោច​ណាស់ ៦០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​មន្ត្រី​មក​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម កាលពី ថ្ងៃ​អង្គារ ទី២៦ ខែ​វិច្ឆិកា បាន​អនុម័ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំងស្ងួត​សម្រាប់​ឆ្នាំ​២០២០-​២០២៥ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំងនេះ​រៀបចំ​និង​គ្រប់គ្រង​គ្រោះ​រាំងស្ងួត​ជា​សមូហភាព។

លោក តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍​នៃ​គណ:កម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ នៅថ្ងៃ​អង្គារ ទី២៦ ខែ​វិច្ឆិកា ដូច្នេះ​ថា ”ជាក់ស្តែង យើង​ដឹង​ហើយ​ថា ឆ្នាំ​នេះគឺ​ទឹក​ភ្លៀងតិច បញ្ហា​គឺ​អាកាសធាតុ​ប្រែប្រួល ទឹក​ភ្លៀង​តិច នៅក្នុង​អាង​ទន្លេ​មេគង្គ​ទាំងមូល យើង​ឃើញ​ហើយ​ចាប់​ពី​ខែ​មករា មក​ដល់​ខែ​កក្កដា គឺ​អត់​មាន​ភ្លៀង​ទេ ភ្លៀង​តិចតួច​ក្រោម​កម្រិត​មធ្យម​ប្រចាំ​ឆ្នាំ។”

កាលពី​ខែតុលា កន្លង​ទៅ ប្រទេស​ឡាវ​បាន​ដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម ទំនប់​វារី​អគ្គិសនី​ទីមួយ ឈ្មោះថា សាយ៉ាប៊ូរី នៅផ្នែក​ទន្លេ​មេគង្គ​ក្រោម ខណៈ​ដែល​មាន​ការតវ៉ា​ពី​អ្នកភូមិ​ក្នុង​ប្រទេស​ថៃ​ដែល​និយាយ​ថា ទំនប់​នេះ​និង​ទំនប់​មួយ​ចំនួន​ផ្សេង​ទៀត នឹង​បំផ្លាញ​ជីវភាព​របស់​ពួកគាត់។ នេះបើ​យោង​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។

ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី គ្រាន់តែ​ជា​គម្រោង​ទីមួយ​ក្នុង​ចំណោម​គម្រោង​វារី​អគ្គិសនី​ យ៉ាង​តិច​ចំនួន​៩ បន្ថែម​ទៀត ដែល​កំពុង​សាងសង់​ឬ​គ្រោង​នឹង​សាងសង់ នៅតាម​ដង​ទន្លេ​មេគង្គ​ក្រោម ក្នុង​ប្រទេស​ឡាវ។ ​នេះ​បើ​យោង​តាម​រ៉យទ័រ។

នៅពេល​ដែល​សួរ​ម្តង​ទៀត​ថា ទំនប់​វារី​អគ្គិសនី​នៅ​ឡាវ ពិត​ជា​មិន​បាន​ជះ​ឥទ្ធិពល​នៅ​អាង​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ នៅ​តែ​រក្សា​ជំហរ​ថា បញ្ហា​គឺ​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

លោក តែ ណាវុធ បាន​អះអាង​ដូច្នេះ​ថា “មិនមែន​ទេ។ យើង​សង្កេត​មើល​ទឹក​ភ្លៀង យើង​មើល​ភាព​ជាក់ស្តែង​ បច្ចេកទេស គឺ​ភ្លៀង​តិច​ណាស់​ ប្រហែល៦០-​៧០​ភាគរយ​ទេ ប៉ែក​ខាង​លើ។ ប៉ែក​ខាង​ក្រោម យើង​ក៏​បាន ៧០-៨០​ភាគរយ​ដែរ វា​តិច​ណាស់ តិចជាង​មធ្យម​ភាគ​ប្រចាំឆ្នាំ។”

លោក តែ ណាវុធ បាន​បន្ត​ថា ”យើង​ត្រូវ​ទទួល​ស្គាល់ បើ​មេឃ​មិន​ភ្លៀង អត់​មាន​ទឹក​ទេ ហើយ​វារី​អគ្គិសនី នៅពេល​ហ្នឹង គាត់​ខំ​ស្តុក​ទឹក​ទុក ជាក់ស្តែង ដូច​យើង​មាន​ពាង ខំ​ត្រង​ទុក​ទៅ​វិញ​ទេ ដឹងតែ​មិន​ស្រួល ខ្វះ​ទឹក”៕




អត្ថបទបន្ទាប់


ការកំណត់កែសម្រួលថ្លៃទឹកស្អាតថ្មី មិនបង្ហាញពីឥទ្ធិពលប៉ះពាល់ដល់ទីផ្សារភាគហ៊ុនកម្ពុជាឡើយ

ព័ត៌មាន
កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីសម្រេចកែសម្រួលថ្លៃទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេ...

សាច់ជ្រូកនៅកម្ពុជាហក់ឡើងថ្លៃ ក្រោយពេលវៀតណាមឈប់នាំចូលមក និងបញ្ជាទិញពីកម្ពុជាត្រឡប់ទៅវិញ!

ព័ត៌មាន
សមាគមចិញ្ចឹមជ្រូកកម្ពុជា បានអះអាងថា តម្លៃជ្រូកលើទីផ្សារ សព្វថ្ងៃនេះ កំពុងឡើងថ្លៃខ្លាំង ហើយចាប់ពីម៉ោងនេះទៅ ក៏មិនមានសញ្ញាថយចុះដែរ ដោយសា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ