អាជ្ញាបណ្ណអាជីវកម្មតាមប្រព័ន្ធអនឡាញ

ក្រសួងពាណិជ្ជកម្មត្រៀមចាត់ការ អាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលគ្មានអាជ្ញាបណ្ណ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១


ជាថ្មីម្តងទៀត ! ក្រសួងពាណិជ្ជកម្មបានកំណត់ឱសានវាទឲ្យក្រុមហ៊ុន សហគ្រាស និងបុគ្គលរកស៊ីតាមប្រព័ន្ធអនឡាញដែលកំពុងប្រតិបត្តិការនៅកម្ពុជា ឲ្យមកដាក់ពាក្យស្នើសុំលិខិត ឬ អាជ្ញាបណ្ណតាមប្រព័ន្ធអេឡិចត្រូនិកឲ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ក្រសួង ក៏ព្រមានពិន័យជាប្រាក់ ឬ ផ្អាកអាជីវកម្មរបស់អ្នករកស៊ីតាមអនឡាញណា ដែលបន្តរកស៊ីដោយគ្មានលិខិត ឬ អាជ្ញាបណ្ណអនុញ្ញាតចាប់ពីថ្ងៃដាក់ឱសានវាទនេះផងដែរ។
ក្រសួងពាណិជ្ជកម្មត្រៀមចាត់ការ អាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលគ្មានអាជ្ញាបណ្ណ

ការ​ព្រមាន និង កំណត់​ឱសានវាទ​នេះ ធ្វើ​ឡើង​ក្រោយ​ក្រសួងពាណិជ្ជកម្ម​សង្កេត​ឃើញ​ក្រុមហ៊ុន សហគ្រាស និង អ្នក​រកស៊ី​តាម Online មួយ​ចំនួន​ធំ កំពុង​ប្រតិបត្តិការ​ដោយ​គ្មាន​លិខិត ឬ​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​។ ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ពេល​ថ្មី​ៗ បាន​កំណត់​វិធាន និង​នីតិវិធី នៃ​ការ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​គ្មាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​កម្ពុជា​។

ក្រសួងពាណិជ្ជកម្ម បន្ត​ក្រើន​រំ​ឮ​ក​ដល់​ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​រកស៊ី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ឲ្យ​មក​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​នៅ​ក្រសួង​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ ជា​កំហិត បើ​មិន​ចង់​រង​ការ​ផាកពិន័យ​។ ការ​កំណត់​ឱសានវាទ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ក្រសួង​សង្កេត​ឃើញ​មាន​ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​រកស៊ី​តាម​អន​ឡាញ​ជា​ច្រើន នៅ​តែ​បន្ត​ធ្វើ​ប្រតិបត្តិការ ដោយ​គ្មាន​លិខិត ឬ​អាជ្ញា​បណ្ណ​អនុញ្ញាត ទោះបី​ក្រសួង​បាន​ដាស់តឿន​ជា​ច្រើន​លើក​ច្រើន​សា​ក៏​ដោយ​។

អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ឯកឧត្តម ប៉ែន សុ​វិជាតិ បាន​អះអាង​ថា ក្រសួងពាណិជ្ជកម្ម​នឹង​ចាត់វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន សហគ្រាស ឬ​បុគ្គល​ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដោយ​គ្មាន​លិខិត ឬ​អាជ្ញា​បណ្ណ​អនុញ្ញាត​ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ តទៅ​។ ទន្ទឹម​នឹង​ការ​ព្រមាន​នេះ ឯកឧត្តម ក៏​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍ ដែល​ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​រកស៊ី​តាម​អន​ឡាញ ទទួល​បាន​ពី​ការ​ស្នើ​សុំ​លិខិត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ផង​ដែរ​។ 

ពាក់ព័ន្ធ​ការ​រកស៊ី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ពេល​ថ្មី​ៗ​បាន​ដាក់​ចេញ​នូវ​វិធាន និង​នីតិវិធី​នៃ​ការ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម ដើម្បី​គ្រប់គ្រង​ការ​ប្រមូល​អាករ​លើ​តម្លៃបន្ថែម​លើ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌី​ជី​ថ​ល ឬ​សេវា​ឌី​ជី​ថ​ល ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​គ្មាន​ស្នាក់​ការ ឬ​គ្រឹះស្ថាន​នៅ​កម្ពុជា​។

អាករ​លើ​តម្លៃបន្ថែម​នេះ ត្រូវ​បាន​អនុវត្ត​ចំពោះ​អ​និវាស​ន​ជន ឬ​ហៅ​ថា បុគ្គល ដែល​ផ្គត់ផ្គង់​ទំនិញ​ឌី​ជី​ថ​ល ឬ​សេវា​ឌី​ជី​ថ​ល ឬ​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ពី​បរទេស​ចូល​មក​កម្ពុជា និង​អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ផ្គត់ផ្គង់​នេះ​។ ជាមួយ​គ្នា​នេះ ក៏​មាន​បុគ្គល​រកស៊ី​តាម​អន​ឡាយ ហើយ​មិន​ជាប់ពន្ធ​អាករ​លើ​តម្លៃបន្ថែម​នេះ​ផង​ដែរ​។ អាករ​លើ​តម្លៃបន្ថែម​ត្រូវ​កំណត់​តាម​អត្រា ១០% លើ​តម្លៃ​ជាប់​អាករ​ចំពោះ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌី​ជី​ថ​ល ឬ​សេវាកម្ម​ឌី​ជី​ថ​ល ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។

បើ​តាម​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​រកស៊ី​តាម Online ដោយ​គ្មាន​ការ​អនុញ្ញាត​នឹង​រង​ពិន័យ​ដោយ​ផ្អាក ឬ​បិទ​អាជីវកម្ម និង​ប្រាក់​រហូត​ដល់​១០​លាន​រៀល​។ ប៉ុន្តែ​ពាក់ព័ន្ធ​តម្លៃ​ចុះបញ្ជី​ឯកឧត្តម ប៉ែន សុ​វិជាតិ បាន​បញ្ជាក់​ថា ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​លក្ខណៈ​បុគ្គល​មាន​តម្លៃ​២០​ម៉ឺន​រៀល​, លិខិតអនុញ្ញាត​សម្រាប់​សហគ្រាស​ឯកបុគ្គល​មាន​តម្លៃ​៤០​ម៉ឺន​រៀល និង​អាជ្ញា​បណ្ណ​សម្រាប់​ក្រុមហ៊ុន​តម្លៃ​១​លាន​រៀល​៕ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាយក្សឥណ្ឌារំពឹងពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិកនឹងឈានដល់ ៥០០ ពាន់លានដុល្លារនៅឆ្នាំ២០២៥

ព័ត៌មាន
ពាណិជ្ជកម្មទ្វេភាគីមហាយក្ស ឥណ្ឌា និង អាមេរិក ត្រូវបានព្យាករថា នឹងឈានដល់ ៥០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ តើអ្វីនៅពីក្រោយការកើនឡើងដ៏សម្បើមប…

កម្ពុជា និងអាស៊ានកំពុងពន្លឿនផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញ

ព័ត៌មាន
ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ដែលជួបវិបត្តិ ដោយសារតែរោគរាតត្បាតកូវីដ-១៩ បណ្ដាប្រទេសនៅតំបន់អាស៊ាន រួមទាំងកម្ពុជា ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ