កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច

ក្រសួងការបរទេស៖ កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច


ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

យ៉ាងណាក៏ដោយ សម្រាប់កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាពនិង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច។ នេះបើតាមការអះអាងរបស់ឯកឧត្តម ប្រាក់ សុខុន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក» ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីបញ្ហាមួយចំនួនដែលបាននិងកំពុងកើតមាននៅក្នុងពិភពលោក ដូចជា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាព និងគំនិតផ្តួចផ្តើមយ៉ាងច្រើនលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពាសពេញតំបន់ ផលប៉ះពាល់នជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅឧបទ្វីបកូរ៉ ជាដើម។

ដោយឡែក ចំពោះទិដ្ឋភាព ក្នុងប្រទេសវិញ ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលេចផងដែរ នូវការគ្រប់គ្រងប្រកបដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា ការសម្រេចបាននូវស្នាដៃដ៏ធំធេង ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងស្មោះត្រង់ ក្នុងតួនាទីជាប្រធានអាស៊ាន និងជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិដ៏ស្មុគស្មាញនិងចាក់ឬសក្នុង ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិ ចំពោះនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ របស់កម្ពុជា។ ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា និងភាពមិនប្រាកដប្រជា នៅក្នុងទំនាក់ទំនងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូបញ្ជាក់ អំពីនយោបាយការបរទេសដែលព្រះរាជាណាចក្រកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់។ ក្នុងនោះ រួមមាន ការការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនយោបាយការទូតបុរសកម្ម ដែលធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ព្រមទាំងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗ៕




អត្ថបទបន្ទាប់


បញ្ហាអគារជាប់គាំងនៅព្រះសីហនុមិនទាន់អាចរកច្រកចេញបាននៅឡើយទេ ទោះបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួង២លើករួចហើយក្ដី

ព័ត៌មាន
បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់អាចកំណត់យន្តការជាក់លាក់ក្នុងការដោះស្រាយបាននៅឡើយទេ បើទោះបីគណៈកម្មការអន្តរក្រសួងបានជួបប្រជុំគ្នាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ