ប្រាក់ឧបត្ថម្ភ​ចំពោះកម្មករនិយោជិត​ព្យួរការងារ

ក្រសួងការងារ ប្រាប់កម្មករនិយោជិតព្យួរការងារជាង ៣ម៉ឺននាក់ត្រៀមទៅបើកប្រាក់ពីភ្នាក់ងារវីង


នៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីក្រើនរំឭកប្រាប់ដល់កម្មករនិយោជិតប្រមាណជាង ៣ម៉ឺននាក់ ដែលបម្រើការងារនៅរោងចក្រ សហគ្រាសចំនួន ១១១ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ត្រៀមខ្លួនទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបន្ទាប់ពីទទួលបានសារទូរស័ព្ទ​ពីធនាគារឯកទេស​វីង។
ក្រសួងការងារ ប្រាប់កម្មករនិយោជិតព្យួរការងារជាង ៣ម៉ឺននាក់ត្រៀមទៅបើកប្រាក់ពីភ្នាក់ងារវីង (រូបភាព៖ ហ្វេសប៊ុក Wing)

ក្នុងសេចក្តីជូនដំណឹង​របស់ក្រសួងការងារ​ដដែល​បានបញ្ជាក់ថា ធនាគារឯកទេស​វីងនឹង​ផ្ញើសារ​ទៅលេខ​ទូរស័ព្ទ ដែលកម្មករ​និយោជិត ធ្លាប់បានផ្តល់​ឲ្យក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស​នាពេល​កន្លងមក។ ក្រសួងការងារ ក៏បាន​ប្រាប់​ឲ្យកម្មករ​និយោជិត ​ឲ្យ​ត្រៀមទៅ​បើកប្រាក់​ឧបត្ថម្ភ​តាមសាខា​ណាមួយ​របស់ភ្នាក់ងារវីង (Wing) ដែលនៅជិតបំផុត ទូទាំងប្រទេស ដោយមិនតម្រូវ​ឱ្យបង់សេវា​បន្ថែមណាមួយ ទៅភ្នាក់ងារវីងនោះឡើយ។

បើកម្មករនិយោជិត​ខកខាន​មិនបាន​ទៅដក​ប្រាក់​ពីភ្នាក់ងារវីង ក្នុងយរៈពេល ១០ថ្ងៃ​បន្ទាប់ពី​ទទួលបាន​សារ​តាមទូរស័ព្ទ​ពីភ្នាក់ងារវីងទេនោះ ទឹកប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបង្វិល​ជូន​រាជរដ្ឋាភិបាល​វិញ។នេះបើតាម​ការបញ្ជាក់​របស់​ក្រសួងការងារ។​

ទោះយ៉ាងណា ក្រសួងការងារ​មិនបាន​បញ្ជាក់ទេថា តើទឹកប្រាក់ឧបត្ថម្ភនោះ នឹង​ត្រូវ​ចាប់ផ្ដើម​ផ្ទេរជូន​កម្មករនិយោជិត​នៅពេលណានោះទេ។ ​

បើតាមអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ខេមបូណូមីស​តាមតេឡេក្រាមថា ក្រសួងគ្រាន់​តែជូនដំណឹង​ដល់កម្មករឲ្យបានដឹងមុន កុំឲ្យកម្មករនិយោជិត​ទាំងវិស័យ​ទេសចរណ៍ និងវាយភណ្ឌកាត់ដេរ មានការភ្ញាក់ផ្អើល នៅពេលដែល​ទទួលបាន​សារពីវីង​អំពីការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភនេះ។

អ្នកនាំពាក្យក្រសួងការងារបានឱ្យដឹងទៀតថា ទឹកប្រាក់ដែលរាជរដ្ឋាភិបាល​នឹងបើក​ជូនកម្មករ​ក្នុងជុំទី១នេះ​មានប្រមាណជាង ៦៨ម៉ឺនដុល្លារអាមេរិក។ ហើយកម្មករដែល​ត្រូវបើកប្រាក់​ឧបត្ថម្ភ​ជូននេះ មកពីរោងចក្រ​កាត់ដេរ​ចំនួន ៨៣រោងចក្រ ខណៈដែលលោកបញ្ជាក់ថា នៅមានកម្មករ​រោងចក្រ​មួយ​ចំនួន​ជាបន្ត​បន្ទាប់ទៀត ក៏នឹងត្រូវបើកប្រាក់​ឧបត្ថម្ភនេះជូន​ផងដែរ ព្រោះថា ត្រូវធ្វើតាមលំដាប់លំដោយ អ្នកណាព្យួរ​ការងារមុន នឹងទទួលបានប្រាក់ឧបត្ថម្ភ​មុន។ ចំណែកកម្មករមួយចំនួនទៀត ដែលមកពីសណ្ឋាគារ ភោជនីយដ្ឋាន​ចំនួន ២៨​ ក៏នឹងត្រូវទទួល​បានប្រាក់​ឧបត្ថម្ភនេះ​ផងដែរ។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់​ទុក្ខលំបាក​របស់កម្មករ និយោជិត បម្រើការងារក្នុង​វិស័យ​កាត់ដេរ និងទេសចរណ៍ ដែលត្រូវបាត់បង់ការងារ​ក្នុងអំឡុង​ពេលរង​វិបត្តិ​ដោយសារជំងឺ​កូវីដ-១៩នេះ រាជរដ្ឋាភិបាល បានសម្រេច​ឧបត្ថម្ភថវិកា​ដល់​កម្មករ និយោជិត​ក្នុងមួយខែ​ចំនួន ៤០ដុល្លារ​សម្រាប់ផ្នែក​វាយភណ្ឌកាត់ដេរ និង៣០ដុល្លារ កម្មករ​និយោជិត​​សម្រាប់ផ្នែកវិស័យទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពន្ធដារ នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១ មិថុនាទៅ

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមប្រកាសផ្សព្វផ្សាយពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តហើយនៅថ្ងៃនេះ ដោយបញ្ជាក់នឹងអនុវត្តចាប់ពីថ្ងៃទី១ម…

វៀតណាម ប្ដូរពីការដឹកផ្លែគូលែននាំចេញតាមផ្លូវអាកាស មកដឹកតាមផ្លូវសមុទ្រវិញ ដោយសារតែកូវីដ-១៩

ព័ត៌មាន
ប្រទេសវៀតណាម ត្រៀមនឹងនាំចេញផ្លែគូលែន តាមរយៈការដឹកជញ្ជូនផ្លូវសមុទ្រ ជំនួសឲ្យការដឹកជញ្ជូនតាមផ្លូវអាកាអាស ដោយសារតែរងផលប៉ះពាល់ព្រោះតែកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ