រោងចក្រកាត់ដេរ​កម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើឲ្យអ្នកបញ្ជាទិញផលិតផលកាត់ដេរ “គោពតាមកិច្ចសន្យា និងមិនត្រូវលុបចោលការកម្ម៉ង់”


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ នេះ បានសរសេរលិខិតមួយ ផ្ញើទៅកាន់ក្រុមហ៊ុនបញ្ជាទិញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ពីកម្ពុជាទាំងអស់ ដោយបានស្នើឲ្យអ្នកបញ្ជាទិញទាំងនោះ សូមនៅជាមួយនឹងកម្ពុជា ពិសេសកម្មករកម្មការិនី និងគោរព​កិច្ចសន្យា​បញ្ជាទិញ។
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។
ដោយ

ក្នុង​លិខិតនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ​បាន​គូសបញ្ជាក់ថា «ខ្ញុំ​សូមស្នើ​ទៅកាន់​ដៃគូ​របស់យើង​ ដែលជាអ្នកបញ្ជាទិញ ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង និងផលិតផលធ្វើដំណើរ​ពីកម្ពុជាទាំងអស់ សូមនៅជាមួយកម្ពុជា ពិសេស​ជាមួយ​កម្មករ​កម្មការិនី។ យើង​សូមឲ្យអ្នកបញ្ជាទិញ គោរព​តាមកិច្ចសន្យា និង​មិនលុបចោល​ការ​កម្ម៉ង់ ដែលបានដាក់រួច និងទំនិញ​ដែលបាន​ផលិតរួច​ នៅក្នុង​ផលិតកម្ម​ថ្មីៗនេះ​ទេ។»

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុន​បញ្ជាទិញ បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍសង្គម​ នៃប្រជាជន​កម្ពុជា​រាប់លាននាក់ ដែលរស់ពឹងផ្អែក​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរ​ សម្រាប់​ជីវភាព​ប្រចាំថ្ងៃរបស់ពួកគេ។

ការចេញមុខសរសេរលិខិត​​​ស្នើ​ពីរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ទៅកាន់​ក្រុមហ៊ុន​បញ្ជាទិញនេះ គឺធ្វើឡើង បន្ទាប់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក៏ធ្លាប់​បាន​ចេញលិខិត​ចំហមួយ​ ជូន​ទៅដល់​អ្នកបញ្ជា​ទិញទាំងនោះ​ ដោយស្នើ​ឲ្យ​ក្រុមហ៊ុនទាំងនោះ គោរពតាមកិច្ចសន្យា​របស់ខ្លួន ហើយ​ព្រមទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែលបាន​​ផលិតរួចហើយ និងទំនិញ​​ដែល​បច្ចុប្បន្ន​កំពុងផលិត។

មន្ត្រីជាន់ខ្ពស់សមាគម​រោងចក្រ​​កាត់ដេរកម្ពុជា ធ្លាប់​បាន​បញ្ជាក់ដែរថា បើក្រុមហ៊ុន​បញ្ជាទិញ​ទាំងនោះ មិនព្រមគោរព​តាមកិច្ចសន្យា​ និងទូទាត់​ប្រាក់​ជាមួយ​រោងចក្រ​​ទេនោះ រោងចក្រ​នឹង​ប្រឈម​នឹង​បញ្ហា​លំហូរសាច់ប្រាក់​​បើក​ប្រាក់ខែ​ជូនដល់​កម្មករ។ 

តួយ៉ាង កាលពីដើមខែ​មេសា ខាងរោងចក្រ ដែលបានព្យួរការងារ​កម្មករ​និយោជិត​ ​មិនមានលទ្ធភាព​បើកប្រាក់ខែ ជូនដល់កម្មករចំនួន ៤០% នៃ ប្រាក់ខែ​គោល​សរុប​ តាមគោលគារណ៍​ណែនាំ​ពីសំណាក់​រាជរដ្ឋាភិបាលនោះឡើយ។ ប៉ុន្ដែ ក្រោយមក ដោយសារតែមានការ​សម្របសម្រួល ចុងក្រោយមួយ​រាជរដ្ឋាភិបាល បាន​យល់ព្រម​ឲ្យ​ខាងរោងចក្រ​ចេញ ៣០ ដុល្លារវិញ ហើយ​រាជរដ្ឋាភិបាល​ជួយចេញ ៤០ ដុល្លារ ដូច្នេះ​ កម្មករ​ដែលត្រូវបានរោងចក្រ​ព្យួរការងារ នឹងទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ៧០ ដុល្លារ។

បើតាម​ប្រសាសន៍​សម្តេច ហ៊ុន សែន ដែលបានលើកឡើង​កាលពីថ្ងៃទី ០៧ ខែមេសានេះ បានឲ្យដឹងថា មានរោងចក្រ​ជាង ១០០ រោងចក្រហើយ បាន​ផ្អាកដំណើរការ​ផលិតកម្ម​របស់ខ្លួន ដោយសារតែ​បញ្ហា​កង្វះវត្ថុធាតុដើមផលិត និងអ្នកបញ្ជាទិញលប់ចោល​ការកម្ម៉ង់ថ្មីៗ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ធ្លាប់បាន​អះអាង​ប្រាប់​ខេមបូណូមីស កាលពីពេល​ថ្មីៗកន្លងទៅនេះថា បញ្ហាធំរបស់​រោងចក្រ​កាត់ដេរ​នៅពេលនេះ មិនមែន​ជាបញ្ហា​កង្វះ​វត្ថុធាតុដើមទៀតទេ ប៉ុន្ដែ បញ្ហាធំ​គឺអ្នកបញ្ជាទិញ​មិនព្រមគោរព​តាម​កិច្ចសន្យា ថែមទាំង​បាន​លុបចោល​ការកម្ម៉ង់​រយៈពេល ២ ទៅ៣ខែ ខាងមុខទៀតផងដែរ។ លោកកាំង ម៉ូនីកា បញ្ជាក់ទៀតថា យ៉ាងហោចណាស់ មាន​អ្នកបញ្ជាទិញ​ប្រហែល ៧០% ទៅ ៨០% បានប្រាប់​រោងចក្រ​ឲ្យ​ផ្អាកផលិតកម្ម ដោយសារតែ​ទីផ្សារអឺរ៉ុប និងអាមេរិក កំពុងតែប្រឈម​នឹងបញ្ហា Covid-19 មិនទាន់​ធូរស្បើយនៅឡើយ។

មិនមែន​តែកម្ពុជា ដែលជួបបញ្ហា​អ្នកបញ្ជាទិញ​មិនគោរព​តាមកិច្ចសន្យា និងបាន​លុបចោល​ការកម្ម៉ង់ថ្មីៗ នៅប្រទេស​ដែលមាន​ការផលិត​ផលិតផល​កាត់ដេរ សម្លៀបំពាក់ ស្បែកជើង ដូចជា បង់ក្លាដេស និងវៀតណាម ក៏កំពុងរងទុក្ខ​ដូចគ្នាដែរ ពិសេស​ គឺបង់ក្លាដេស គឺរងទុក្ខខ្លាំង ព្រោះតែ​សេដ្ឋកិច្ច​ប្រទេសនេះ ពឹងផ្អែកលើសលុប​ ពី​ការនាំចេញ​ផលិតផល​សម្លៀបំពាក់ និងស្បែកជើងនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលបកស្រាយជុំវិញករណីអ្នកជំងឺកូវីដ-១៩ម្នាក់ ជាហើយ បែរជាលាប់វិញ

ព័ត៌មាន
ករណីបុរសម្នាក់រស់នៅក្នុងសង្កាត់ច្រាំងចំរេះ រាជធានីភ្នំពេញ បានលាប់ជំងឺកូវីដ-១៩ឡើងវិញ ដែលក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី០៩ ខែមេសា…

ជនជាតិ​អូស្រ្តាលី​ ១៨៤​នាក់ ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា

ព័ត៌មាន
ជនជាតិ​អូស្រ្តាលី​ចំនួន ១៨៤​នាក់ ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ ហើយ​បាន​ទៅ​ដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ