បច្ចុប្បន្នភាព EBA

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បង្ហើបថា EBA អាចនឹងត្រូវដកតែក្នុងចំណែកខ្លះប៉ុណ្ណោះ ខណៈផលប៉ះពាល់អាចមានប្រមាណ ៥០០ លានដុល្លារ


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហើបឲ្យដឹងថា តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានមក ប្រសិនបើមានការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដោយសហភាពអឺរ៉ុបមែននោះ គឺវានឹងត្រូវបានដកក្នុងកម្រិតមួយភាគតិចប៉ុណ្ណោះ មិនមានការដកទាំងអស់នោះទេ។ ក្នុងនោះដែរ បើតាមការគណនារបស់មន្ត្រីជំនាញ ផលប៉ះពាល់ពីការដក EBA នេះ គឺមានប្រមាណ ៥០០ លានដុល្លារអាមេរិក និងប៉ះពាល់កម្មករប្រមាណតែ ៣ម៉ឺននាក់ប៉ុណ្ណោះ។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ការ​ប្រកាស​ពី​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ថា ត្រូវ​ដក ឬ​មិន​ដក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ EBA ពី​កម្ពុជា គឺ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ក្នុង​ខែកុម្ភៈ​ខាង​មុខ​នេះ​ហើយ​។

ទោះ​យ៉ាងណា បើ​តាម​ការ​អះអាង​របស់ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ក្រៅផ្លូវការ ដែល​ទទួល​លោក​បាន​មក គម្រោង​ដក EBA ពី​កម្ពុជា គឺ​អាច​នឹង​ត្រូវ​ដក​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ពោល​គឺ ក្នុង​ផលិតផល​សម្លៀក​បំពាក់​អាច​នឹង​ត្រូវ​ដក ២០% និង​ផលិតផល​ស្បែកជើង​ប្រមាណ ៣០%​។ ក្រសួង​សេដ្ឋកិច្ច មើលឃើញ​ថា ការ​ដក​ភាព​អនុគ្រោះ​ពន្ធ​ក្នុង​ទំហំ​ប៉ុណ្ណេះ វា​នឹង​មិន​ធ្វើ​ឲ្យ​វិស័យ​កាត់ដេរ ដួល​រលំ ឬ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ឡើយ​។ 

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ (រូបភាព៖ ខេមបូណូមីស)

ឯកឧត្តម វ​ង្សី វិស្សុត បាន​គូសបញ្ជាក់​ទៀត​ថា តាម​ការ​ប៉ាន់ស្មាន បើសិនជា EBA ត្រូវ​បាន​ដក ដូច​ទៅ​នឹង​ការ​លើក​ឡើង​លើ​នេះ​មែន នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​ចំនួន​ការងារ​ប្រមាណ​តែ ៣​ម៉ឺន​នាក់ ខណៈ​កម្មករ​ក​ម្មា​រិ​នី​ក្នុង​វិស័យ​នេះ មាន​សរុប​រហូត​ដល់​ទៅ ជាង​៧៥​ម៉ឺន​នាក់​ឯណោះ​។ ឯកឧត្តម រង្សី វិស្សុត បាន​បន្ថែម​ទៀត​ថា បើ​គិត​ជា​ទំហំ​ទឹកប្រាក់ គឺ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ចំណូល ប្រមាណ ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក​។

ជាមួយ​គ្នា​នេះ បើ​តាម​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ បច្ចុប្បន្ន​វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ ក៏​បាន​និង​កំពុង​ពង្រីក​សមត្ថភាព​កាន់តែ​ខ្លាំងក្លា ដែល​អាច​នឹង​ជួយ​សម្រាល​នៃ​ផល​ប៉ះពាល់​នេះ​បាន​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​ការ​អះអាង​របស់​ឯកឧត្តម វ​ង្សី វិស្សុត រាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​រៀបចំ​នូវ​កញ្ចប់​ថវិកា​ដើម្បី​លើ​កម្ពស់​សេដ្ឋកិច្ច ដើម្បី​ប្រើប្រាស់​លើ​ភាព​ចាំបាច់​នៅ​ពេល​ជួប​បញ្ហា ដោយ​វា​មាន​ទំហំ​ប្រមាណ​៣% នៃ GDP ឬ​ស្មើនឹង​ប្រមាណ​៧០០ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ដែល​កញ្ចប់​ថវិកា​នេះ នឹង​មាន​សម្រាប់​រយៈពេល​៣​ឆ្នាំ​។

ស្រប​ពេល​ដែល​កម្ពុជា​អាច​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ដែរ នៅ​ប្រទេស​វៀតណាម​ឯណោះ​វិញ កាន់តែ​ជិត​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​អឺរ៉ុប ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​នឹង​ក្លាយជា​កត្តា​ប្រឈម​មួយទៀត​ថែម​ទៀត​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា​។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ ឯកឧត្តម វ​ង្សី វិស្សុត បាន​អះអាង​ថា ពិត​ណាស់​វិស័យ​កាត់ដេរ​កម្ពុជា​ក៏​អាច​នឹង​ប៉ះពាល់​តិចតួច​ដែរ ក្រោយ​ពេល​វៀតណាម​ទទួល​បាន​ពាណិជ្ជកម្ម​សេរី ជាមួយ​អឺរ៉ុប​។ ប៉ុន្ដែ ក្នុង​នោះ ក៏​មាន​ចំណុច​វិជ្ជមាន​ខ្លះ​ដែរ ហើយ​វិស័យ​ឧស្សាហកម្ម​វៀតណាម​កំពុង​ប្រែខ្លួន​ពី​កាត់ដេរ ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ដូច​ជា​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក និង​បច្ចេកវិទ្យា​ជាដើម​។ ទន្ទឹម​នឹង​នេះ រោងចក្រ​កាត់ដេរ​ពី​ចិន​កាន់តែ​ច្រើន នឹង​ហូរ​ចូល​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ក្នុង​នោះ កម្ពុជា​ក៏​ជា​គោលដៅ​ទាក់ទាញ​មួយ​ផង​ដែរ​ក្នុង​តំបន់​នេះ​។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា កំណើន​វិស័យ​កាត់ដេរ​កាលពី​ឆ្នាំ​២០១៩ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា សម្រេច​បាន​ក្នុង​អត្រា ៧,១% ប៉ុន្ដែ នៅ​ឆ្នាំ​២០២០​នេះ ព្យាករ​ថា អាច​នឹង​នៅ​មាន​កំណើន​តែ ៥% ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​សេដ្ឋកិច្ច ក៏​បាន​កែប្រែ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច នៅ​ឆ្នាំ​២០២០​នេះ ពី ៦,៥% មក​នៅ​តែ​ប្រមាណ​៦,១% ប៉ុណ្ណោះ ដោយសារ​តែ​មាន​បញ្ហា​កត្តា​ប្រឈម និង​ភាព​មិន​ច្បាស់លាស់ កើនឡើង​កាន់តែ​ច្រើន ពិសេស​នៅ​ថ្មី​ៗ​នេះ មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនបិទជើងហោះហើរពីចិនទេ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាមេរោគកូរ៉ូណា

ព័ត៌មាន
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស នៅថ្ងៃនេះថា កម្ពុជាមិនបិទជើងហោះហើរពី ប្រទេសចិន ដោយសារជម្ងឺរលាកផ្លូវដង្ហើមកូរ៉ូណានោះទេ ព្រោះធ្…

មហាសេដ្ឋី Jack Ma ផ្ដល់ជំនួយ ១៤,៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានៅប្រទេសចិន

ព័ត៌មាន
មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់ចិន គឺ លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Alibaba នឹងផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ ១៤,៥ លានដុល្លារអាមេរិក តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ