រោងចក្រចំណីសត្វ

ឧកញ៉ា ម៉ុង ឫទ្ធី ចំណាយដើមទុនប្រមាណ ១០០លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងការវិនិយោគខ្សែចង្វាក់ផលិតកម្មរោងចក្រចំណីសត្វ


មហាសេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង ឬទ្ធី ថ្មីៗនេះ ទើបតែបានសម្រេចបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្មចំណីសត្វនៅកម្ពុជា។ តាមអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីស ឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា ផ្ទៃដីរោងចក្រផលិតចំណីសត្វសរុបរបស់លោកទាំងមុន និងក្រោយ មានប្រមាណ ១៥ហិកតា ហើយក្រោយរោងចក្រនេះ ដាក់ឱ្យដំណើរការ ទាំងទុនវិនិយោគ និងទុនបង្វិល យ៉ាងហោចណាស់ត្រូវចំណាយថវិកាប្រមាណ ១០០លានដុល្លារ ក្នុងមួយឆ្នាំ។
ឧកញ៉ា ម៉ុង ឫទ្ធី ចំណាយដើមទុនប្រមាណ ១០០លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងការវិនិយោគខ្សែចង្វាក់ផលិតកម្មរោងចក្រចំណីសត្វ

គោលបំណងក្នុងការ​ពង្រីក​​រោងចក្រ​ផលិតចំណីសត្វ​បន្ថែមនេះ ត្រូវបាន​អ្នកជំនួញ​កសិកម្ម​​ចាស់វស្ស​នៅកម្ពុជារូបនេះ សង្កត់ធ្ងន់ថា គឺដើម្បី​បង្កើតឱកាសទីផ្សារកសិផលខ្មែរ ដូចជា ពោតក្រហម ដំឡូងមី និងកន្ទក់ និងជួយផ្គត់ផ្គត់ចំណីសត្វសម្រាប់ទីផ្សារក្នុងស្រុក។ ឧកញ៉ា ម៉ុង ឬទ្ធី បានអះអាងថា កម្ពុជា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ ក្នុងការផ្ដត់ផ្គង់ផលិតផលចំណីសត្វ ដូច្នេះ ទើបលោកឧកញ៉ា ម៉ុង ឬទ្ធី សម្រេចដាក់ទុនវិនិយោគបន្ថែម បង្កើតរោងចក្រផលិតចំណីសត្វថ្មីមួយបន្ថែម​ទៀត ដែលមានសមត្ថភាពផលិតចំណីសត្វរហូត៣០តោន ក្នុងមួយម៉ោង។ នេះ គឺជារោងចក្រ​ផលិតចំណីសត្វ​ទី២ហើយរបស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។

រោងចក្រ M’s Pig ទី២នេះ មានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយមាន​កម្លាំង​ផលិត​​៣០តោន​ក្នុង​មួយម៉ោង​ គិតជា​មធ្យម ​១៨.០០០តោនក្នុងមួយខែ។​ បើតាម​ឧកញ៉ា ម៉ុង ឫទ្ធី រោងចក្រនេះ នឹងជួយបង្កើតបានជា​ទីផ្សារ​​ឲ្យ​កសិករ​ដឹកកសិផល​ មកលក់​ដោយសេរី​មិនចាំបាច់​ដឹក​ឆ្លង​ដែន​​យកទៅលក់​នៅឯបរទេស​ ក្នុងចំនួនទឹកប្រាក់ ​៤២លានដុល្លារ​​សហរដ្ឋអាមេរិក​​ជារាងរាល់ឆ្នាំ​។ ដោយឡែក រោងចក្រ​ទី១ ដែលកំពុង​ដំណើរ​ការ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប​ គឺបានប្រមូល​ទិញ​កសិផល​ពី​​ប្រជាកសិករ​​អស់រយៈពេល​៤ឆ្នាំ​កន្លងមក​ ក្នុង​ទឹកប្រាក់​ជា​មធ្យម ​២១លានដុល្លារ​សហរដ្ឋអាមេរិក ​ជារៀងរាល់​ឆ្នាំ។​ យ៉ាងណាមិញ នៅពេលរោង​ចក្រ​ផលិត​ចំណី​សត្វ​ថ្មីនេះ​​សាងសង់​​​រួចរាល់​នាដើមម​ឆ្នាំ​​២០២៣ខាងមុខនេះ​ កសិករ​នឹង​មាន​ទីផ្សារ​លក់​កសិផល​​សរុបជាមួយរោងចក្រទាំងពីរ​នេះ ​​ក្នុងទំហំ​ទឹកប្រាក់​លើស ៦៣លានដុល្លារ​​សហរដ្ឋអាមេរិក ជារៀងរាល់​ឆ្នាំ​ ។

បើតាមការបញ្ជាក់របស់ ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី គោលបំណងសំខាន់នៃការបង្កើតរោងចក្រផលិតចំណីសត្វថ្មីនេះ ដោយសារកន្លងមកលោកមើលឃើញថា មានកសិករមួយចំនួនបានរអ៊ូរទាំរឿងចំណីសត្វនាំចូលមានតម្លៃខ្ពស់។ ម្យ៉ាងវិញទៀត កសិផលដែលជាវត្ថុធាតុដើមផលិតចំណីសត្វមួយចំនួន ដូចជា ពោតក្រហម ដំឡូងមី និងកន្ទក់ ជាដើម ក៏មិនសូវមានទីផ្សារនោះដែរ។ ម្ចាស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាអ្នកជំនួញក្នុង វិស័យកសិកម្មដ៏ល្បីឈ្មោះរូបនេះ បានគូសបញ្ជាក់ថា លោកនឹងទទួលទិញវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វទាំងអស់ របស់កសិករទូទាំងប្រទេស ដូច្នេះ កសិករមិនចាំបាច់បារម្ភពីបញ្ហាខ្វះទីផ្សារទៀតនោះទេ។

យ៉ាងណាក៏ដោយ ឧកញ៉ា ម៉ុង ឬទ្ធី បានសង្កត់ធ្ងន់ថា លោកគ្មានផែនការផលិតចំណីសត្វសម្រាប់នាំចេញនោះទេ ដោយលោកបានអះអាងថា គ្រាន់តែផ្គត់ផ្គង់កសិដ្ឋានផ្ទាល់របស់លោកមិនទាន់គ្រប់គ្រាន់តាមតម្រូវការផង។

សូមបញ្ជាក់ថា រោងចក្រផលិតចំណីសត្វថ្មី របស់មហាសេដ្ឋីកសិកម្មឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យចាត់វិធានការទប់ស្កាត់លើការលក់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ខុសស្តង់ដារ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃជំរុញឱ្យក្រសួងសុខាភិបាលសាធារណៈ ចាត់វិធានការគ្រប់គ្រងលើគុណភាពឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ដែលមានលក់លើទីផ្សារ ដើម្បីធា…

ការបើកជើងហោះហើរបន្ថែមនៅមានសញ្ញាតិចតួចនៅឡើយ ខណៈតម្លៃសំបុត្រទៅមកកម្ពុជា-ចិននៅតែកើនខ្ពស់ដដែល

ព័ត៌មាន
ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលបានអះអាងថា បច្ចុប្បន្នមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេ ជុំវិញការបើកជើងហោះហើរទៅមករវាងប្រទេសកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ