រដ្ឋម៉ុនតាណារបស់អាមេរិកសម្រេចបិទមិនឱ្យប្រើប្រាស់TikTok

រដ្ឋម៉ុនតាណា ក្លាយជារដ្ឋអាមេរិកដំបូងគេ ដែលហាមប្រាមការប្រើប្រាស់កម្មវិធីបណ្តាញសង្គម TikTok


អភិបាលរដ្ឋម៉ុនតាណា លោក ហ្គ្រេក ចាយអ៊ឹនហ្វ័រតេ កាលពីថ្ងៃពុធ ទី១៧ឧសភា បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីហាមការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទិកតុក របស់ក្រុមហ៊ុនចិន មិនឱ្យធ្វើប្រតិបត្តិការនៅក្នុងរដ្ឋនេះ ដោយសារមានក្ដីបារម្ភថាកម្មវិធីនេះអាចត្រូវបានប្រើសម្រាប់ធ្វើចារកម្ម និងប្រមូលទិន្នន័យឱ្យរដ្ឋាភិបាលកុម្មុយនិស្តចិន។ ការសម្រេចរបស់អភិបាលរដ្ឋម៉ុនតាណាជាការហាមឃាត់លើកដំបូងបំផុតក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រដ្ឋម៉ុនតាណារបស់អាមេរិកសម្រេចបិទមិនឱ្យប្រើប្រាស់TikTok
ដោយ

រដ្ឋម៉ុនតាណា នឹងចាត់ទុកថាខុសច្បាប់ បើឃ្លាំងកម្មវិធីរបស់ក្រុមហ៊ុន ហ្គូហ្គល និងក្រុមហ៊ុន អេពភល ផ្តល់កម្មវិធី ទិកតុក ឱ្យប្រជាជនក្នុងរដ្ឋនេះទាញយកមកប្រើ ប៉ុន្តែនឹងមិនដាក់ពិន័យលើបុគ្គលដែលប្រើកម្មវិធីនេះទេ។ បម្រាមនេះនឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ តទៅ ខណៈដែលមានការរិះគន់ជាច្រើន ឬអាចមានបណ្ដឹងជំទាស់ផង។

មិនទាន់ឃើញមានការឆ្លើយតបណាមួយពីក្រុមហ៊ុន បៃត៍ដានស៍ ដែលជាម្ចាស់កម្មវិធី ទិកតុក នៅឡើយទេ ប៉ុន្តែកាលពីមុន ទិកតុក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់ថ្មីនេះរំលោភបំពានលើវិសោធនកម្មច្បាប់សិទ្ធមនុស្សក្នុងរដ្ឋម៉ុនតាណា តាមរយៈការហាមឃាត់ដោយខុសច្បាប់ចំពោះកម្មវិធី ទិកតុក ហើយ ទិកតុក នឹងបន្តធ្វើការដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ទាំងនៅក្នុង ទាំងនៅក្រៅរដ្ឋម៉ុនតាណា។

លោក ហ្គ្រេក ចៃអ៊ឹនហ្វ័រតេ អភិបាលរដ្ឋម៉ុនតាណា ដែលមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា ច្បាប់នេះនឹងពង្រឹងអាទិភាពរួមក្នុងការជួយការពារអ្នករស់នៅក្នុងរដ្ឋម៉ុនតាណាទល់នឹងការតាមដានរបស់បក្សកុម្មុយនិស្តចិន។

អភិបាលរដ្ឋនេះថ្លែងថា ទិកតុក នឹងប្រឈមមុខនឹងទណ្ឌកម្មចំពោះការបំពានច្បាប់ថ្មីនេះម្ដង ហើយក៏ប្រឈមមុខនឹងការផាកពិន័យបន្ថែមជាប្រាក់ចំនួន ១ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ប្រសិនបើកម្មវិធីនេះហ៊ានល្មើសនឹងបម្រាមទៀត។

ទិកតុក ដែលជាកម្មវិធីរចនាខ្សែវីដេអូខ្លីៗ អាចទាញយកមកប្រើបានពីឃ្លាំងកម្មវិធីរបស់ក្រុមហ៊ុន អេពភល និងក្រុមហ៊ុន ហ្គូហ្គល។ ក្រុមហ៊ុនទាំងពីរនេះ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន អាល់ហ្វាបិត ក៏អាចប្រឈមនឹងការផាកពិន័យចំនួន ១ ម៉ឺនដុល្លារដែរ ចំពោះអំពើល្មើសម្ដង ក្នុងមួយថ្ងៃ ប្រសិនបើពួកគេរំលោភលើបម្រាមនេះ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ ព្យូ, ក្មេងជំទង់អាមេរិកដែលមានអាយុពី ១៣ ដល់ ១៧ ឆ្នាំ ជាង ៦៧% ប្រើប្រាស់កម្មវិធី ទិកតុក ហើយ ១៦% ក្នុងចំណោមមនុស្សវ័យជំទង់ទាំងអស់ បាននិយាយថា ខ្លួនលេង ទិកតុក ជាប់ជាប្រចាំ។ ក្រុមហ៊ុន ទិកតុក និយាយថា អ្នកប្រើប្រាស់ច្រើនលើសលុបមានអាយុលើសពី ១៨ ឆ្នាំ។

ទោះយ៉ាងណា ច្បាប់នេះ ក៏មានរិះគន់មិនតិចដែរ ដោយក្នុងនោះ អង្គការសហភាពសេរីភាពប្រជាជនអាមេរិកបានលើកឡើងថា ច្បាប់នេះគឺ«ផ្ទុយនឹងរដ្ឋធម្មនុញ្ញ្» ហើយបានកត់សម្គាល់ថា វានឹងមានសុពលភាពនៅថ្ងៃទី ១ ខែមករា ឆ្នាំក្រោយ ប្រសិនបើតុលាការនានាមិនធ្វើសកម្មភាពរារាំងទេនោះ៕




អត្ថបទបន្ទាប់


ពន្ធដារនឹងពង្រឹងការចុះបញ្ជី និងចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្របន្ថែមទៀត

ព័ត៌មាន
ដើម្បីបង្កើនប្រសិទ្ធភាព និងជំរុញកំណើននៃការប្រមូលពន្ធអាករឲ្យកាន់តែប្រសើរបន្ថែមទៀត អគ្គនាយកដ្ឋានពន្ធដារ អះអាងថា នឹងពង្រឹងការចុះបញ្ជីក្រុមហ៊ុន…

របាយការណ៍ UNរកឃើញថា យោធាមីយ៉ាន់ម៉ាបាននាំចូលសព្វាវុធ ១ ពាន់លានដុល្លារ នៅក្រោយរដ្ឋប្រហារ

ព័ត៌មាន
របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថា យោធាមីយ៉ាន់ម៉ាបានចំណាយប្រាក់យ៉ាងតិច ១ ពាន់លានដុល្លារសម្រាប់ការនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ