កូវីដនៅចិន-ការធ្វើដំណើរ

ប្រទេសកាន់តែច្រើនដាក់វិធានការកូវីដ១៩លើអ្នកដំណើរមកពីប្រទេសចិន


អ្នកដំណើរមកពីប្រទេសចិន ពិសេសគឺជនជាតិចិនផ្ទាល់តែម្តងកំពុងប្រឈមមុខនឹងការរិតត្បិត វិធានការកូវីដ១៩ គ្រប់ច្រកល្ហកនៅក្នុងប្រទេសកាន់តែច្រើន នៅចំពោះមុខក្តីបារម្ភពីកំណើនករណីឆ្លងកូវីដ១៩ក្នុងប្រទេសចិននៅមួយរយៈកន្លងមកនេះ។ ជាក់ស្តែង ប្រទេសនៅអឺរ៉ុប ដូចជាបារាំង បានដាក់ចេញវិធានការរិតបន្តឹងជាងមុនលើអ្នកដំណើរពីប្រទេសចិន ហើយបានអំពាវនាវឱ្យសមាជិកអឺរ៉ុបដទៃទៀតអនុវត្តដូចគ្នាដែរ។
អ្នកដំណើរចិនមួយរូបចូលមកដល់ទឹកដីអឺរ៉ុប (រូបភាព៖ AFP)

ដោយឡែក ប្រទេសម៉ារ៉ុកឯណោះ ឈានទៅមុនគេ ដោយសម្រេចហាមមិនឱ្យអ្នកដំណើរពីប្រទេសចិនចូលទឹកដីខ្លួនតែម្តង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

កាលពីពាក់កណ្តាលខែធ្នូឆ្នាំមុន រដ្ឋអំណាចប៉េកាំងបានសម្រេចចិត្តលុបចោលគោលនយោបាយសូន្យកូវីដរបស់ខ្លួន បន្ទាប់ពីអនុវត្តយ៉ាងម៉ឺងម៉ាត់អស់ពេល៣ឆ្នាំមកនេះ។ ប៉ុន្តែចិនទទួលបានមកវិញ នូវករណីឆ្លងរាលដាលលឿន ខណៈទិន្នន័យឆ្លងទូទៅប្រចាំថ្ងៃឱ្យបានជាក់លាក់ មិនត្រូវបានអាជ្ញាធរប៉េកាំងបញ្ចេញជាសាធារណៈឡើយ។

ប្រទេសអូស្រ្តាលីដែលទើបតែអះអាងថា ខ្លួននឹងមិនប្តូរគោលការណ៍ចំពោះអ្នកដំណើរចិននោះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្តូរចិត្តមកទាមទារឱ្យអ្នកដំណើរចិន បង្ហាញតេស្តអវិជ្ជមានកូវីដ១៩ មុនធ្វើដំណើរចូលប្រទេសរបស់ខ្លួន ដូចប្រទេសផ្សេងៗទៀតកំពុងអនុវត្តដែរ។ ចំណែកបារាំង ក៏ដូចគ្នាមិនរងចាំយូរ រដ្ឋបាលក្រុងប៉ារីស បានកំណត់ឱ្យអ្នកដំណើរមកពីចិន ត្រូវបង្ហាញតេស្តអវិជ្ជមានកូវីដ១៩ដូចគ្នា។ មិនទាន់អស់ទេ ចាប់តាំងពីមុនថ្ងៃឆ្លងឆ្នាំសកល រហូតមកដល់ដើមខែមករានេះ កាណាដា ចក្រភពអង់គ្លេស អ៊ីតាលី អេស្ប៉ាញ ជប៉ុន កូរ៉ខាងត្បូង និងកោះតៃវ៉ាន់ សុទ្ធតែបានដាក់ចេញនូវវិធានការណ៍ស្រដៀងៗគ្នា លើអ្នកដំណើរពីប្រទេសចិន។

យ៉ាងណាក៏ដោយ ប្រទេសម៉ារ៉ុកហាក់ឈានទៅមុខមុនគេតែម្តង ដោយបានសម្រេចបិទមិនឱ្យអ្នកដំណើរពីប្រទេសចិន ចូលជាន់ទឹកដីរបស់ខ្លួនឡើយ។ ប្រការទាំងអស់នេះហើយ កំពុងបង្កភាពរង្គោះរង្គើជាថ្មី ដល់ការហោះហើរជាអន្តរជាតិ ពិសេសនៅក្រោយពេលដែលប្រទេសចិន បានប្រកាសពីការបន្ធូរបន្ថយការធ្វើដំណើរចេញចូលប្រទេសខ្លួន ដែលគ្រោងចាប់អនុវត្តពីថ្ងៃទី ៨ ខែមករាតទៅ។

ដោយឡែក នៅអាស៊ានវិញ ប្រទេសហ្វីលីពីន បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់នេះ ដែលបានប្រកាសពីការដាក់ចេញនូវការតាមដាន និងអនុវត្តិវិធានការតឹងរឹងឡើងវិញនៅតាមព្រំដែន ដើម្បីគ្រប់គ្រងការធ្វើដំណើរចេញចូល ពិសេសអ្នកដំណើរពីប្រទេសចិនតែម្ដង ដោយសារតែបារម្ភពីការឆ្លងរាលដាលកូវីដ១៩។ ប៉ុន្ដែ សម្រាប់ប្រទេសកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ថា កម្ពុជានឹងនៅតែទទួលអ្នកដំណើរពីប្រទេសចិន ជាធម្មតា ដោយនឹងមិនមានការអនុវត្តវិធានការតឹងរ៉ឹងនោះឡើយ។ សម្តេច តេជោ ថែមទាំងបានចាត់ទុកថា អំឡុងពេលដែលប្រទេសដទៃ អនុវត្តវិធានការតឹងរ៉ឹងចំពោះភ្ញៀវទេសចរចិនបែបនេះ វាគឺជាឱកាសសម្រាប់កម្ពុជាទៅវិញទេ ក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះ ដើម្បីស្ដារ និងជំរុញវិស័យទេសចរណ៍ដែលកំពុងមានកំណើនយឺតនោះ។

អង្គការសុខភាពពិភពលោក WHO បានចាត់ទុកការចេញវិធានការបង្ការរបស់ប្រទេសទាំងនេះ ថាជា ទទួលយកបាន។ ទទួលយកបាន ក៏ដោយសារតែ WHO អះអាងថា ប្រទេសមានការខ្វះខាត ក្នុងការផ្តល់ព័ត៌មានជាក់លាក់ ពិសេសគឺទិន្នន័យឆ្លង ជាសាធារណៈ។

សូមបញ្ជាក់ថា បើទោះបីជា ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសចិនត្រូវបានគេសង្ស័យថា មានដល់រាប់លាននាក់ក្នុងមួយថ្ងៃក៏ដោយចុះ ប៉ុន្ដែ មកទល់ពេលនេះ ចិននៅតែបន្ដបន្ធូរដៃ លែងសូវរឹតត្បិតដូចមុនទៀតហើយ ដោយនៅក្នុងតំបន់ខ្លះនៅក្នុងប្រទេសនេះ កំពុងមានសកម្មភាពសេដ្ឋកិច្ច សង្គមដូចធម្មតាឡើងវិញហើយ ដូចជានៅរដ្ឋធានីប៉េកាំង ស៊ាងហៃ និងវូហានជាងើម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។

ជាមួយគ្នានេះ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន CCTV ក៏បានផ្សាយដែរថា នៅអំឡុងថ្ងៃឈប់សម្រាកដ៏ធំបំផុត គឺអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងចាប់ផ្ដើមឡើងពីថ្ងៃទី២១ ខែមករានោះ នឹងមានការធ្វើដំណើរយ៉ាងគំហុក។ ក្នុងនោះ ការធ្វើដំណើរតាមបណ្ដាញផ្លូវរថភ្លើងក្នុងប្រទសចនេះ រំពឹងថា នឹងមានអ្នកដំណើរដល់ទៅ ៥លាន៥សែននាក់ឯណោះ។

តួលេខអ្នកស្លាប់ដោយសារកូវីដ១៩ផ្លូវការនៅប្រទេសចិន ដែលត្រូវបានបង្ហាញ គឺមានត្រឹមតែជាង ៥ពាន់នាក់ប៉ុណ្ណោះ បើគិតតាំងពីកូវីដ១៩បានចាប់ផ្ដើមផ្ទុះឆ្លងមក ខណៈដែលនៅអាមេរិកអ្នកស្លាប់មានដល់ទៅជាង ១លាននាក់។ ទោះយ៉ាងណា បើតាមស្ថាប័នស្រាវជ្រាវផ្នែកសុខាភិបាល Airfinity ដែលមានមូលដ្ឋាននៅអង់គ្លេស បានប៉ាន់ប្រមាណថា បច្ចុប្បន្ននេះ មានអ្នកស្លាប់ដោយសារកូវីដ១៩នៅប្រទេសចិនប្រហែល ៩ពាន់នាក់ក្នុងមួយថ្ងៃ ខណៈដែលចំនួនអ្នកស្លាប់បើគិតតាំងពីថ្ងៃទី ១ខែធ្នូ មកទល់នឹងដើមខែមករានេះ មានដល់ទៅប្រមាណ ១០ម៉ឺននាក់ ខណៈករណីឆ្លងវិញមានជាង១៨លាននាក់។ ស្ថាប័នដដែលនេះ បានរំពឹងទុកថា ករណីឆ្លងកូវីដ១៩ តួលេខខ្ពស់បំផុតនៅក្នុងប្រទេសចិន គឺអាចនឹងកើតឡើងនៅថ្ងៃទី ១៣ ខែមករា ជាមួយនឹងអ្នកឆ្លងប្រចាំថ្ងៃដល់ទៅ ៣លាន៧សែននាក់ក្នុងមួយថ្ងៃ៕




អត្ថបទបន្ទាប់


ពូជស្រូវពីវៀតណាម កំពុងដាំដុះកាន់តែច្រើននៅថៃ ខណៈអ្នកជំនាញបារម្ភពីផលប៉ះពាល់ដល់ការនាំចេញ

ព័ត៌មាន
អនាគតនៃឧស្សាហកម្មស្រូវអង្កររបស់ប្រទេសថៃ ដែលជាអ្នកនាំចេញអង្ករធំបំផុតទី២ក្នុងពិភពលោក បាននិងកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបណ្តាលមកពីការហូរចូលដោ…

កត្តាអ្វីខ្លះជំរុញឲ្យប្រធាន IMF ព្រមានថា សេដ្ឋកិច្ចឆ្នាំ២០២៣នេះ នឹងយ៉ាប់យ៉ឺនជាងឆ្នាំមុនទៅទៀត?

ព័ត៌មាន
ចូលដល់ឆ្នាំថ្មីមិនបាន២ថ្ងៃស្រួលបួលផង ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានចេញមុខមកព្រមានជាថ្មីទៀតថា ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចអាចន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ