អត្ថបទក្រុមហ៊ុន

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន១៩ ប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍


វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១, វិស័យទេសចរណ៍បានធ្លាក់ចុះជាគំហុក ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឲ្យសហគ្រាសជាច្រើនក្នុងវិស័យនេះមានការវិវឌ្ឍមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំ បានកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋរាប់សិបនាក់បាត់បង់ការងារ និងប្រាក់ចំណូល។
SME - building

ហេតុដូចនេះ ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ​-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣។ លើសពីនេះ ដើម្បីគាំទ្រដល់ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ៧៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌ​​​អនុគ្រោះ សម្រាប់ជួយម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានសម្ពោធ​ ដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍”​ ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក តាមរយៈធនាគារ SME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញ-ប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង,​ ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី,​ ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច​ ប៊ី, ធនាគារ សាខម​, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន ​ មី​ក្រូហិរញ្ញវត្ថុ ខេមា,​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី។

បណ្ឌិត លឹម អូន អគ្គនាយក​ នៃធនាគារសហគ្រាសធុនតូច​ និងមធ្យម កម្ពុជា បានបញ្ជាក់ថា ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំរហូតដល់ ៤០០ ០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ, រយៈពេលឥណទាន រហូតដល់ ៧ ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ ខែ។ លោកបណ្ឌិត ក៏បានបនែ្ថម ផងដែរថា ឥណទានត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ជាចុងក្រោយ លោកបណ្ឌិត ក៏បានអំពាវនាវទៅកាន់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ថា ករណី ឯកឧត្តម/លោកជំទាវ លោក/លោកស្រី មានតម្រូវការហិរញ្ញវត្ថុ ក្នុងគោលបំណងដូចរៀបរាប់ខាងលើ សូមអញ្ជើញទំនាក់ទំនងទៅកាន់សាខាធនាគារដៃគូ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ញើប្រាក់ពីក្រៅប្រទេសតាមប្រព័ន្ធ SWIFT ជាមួយអេស៊ីលីដា មិនអស់ថ្លៃសេវាឡើយ រហូតដល់ដំណាច់ឆ្នាំ២០២២

ព័ត៌មាន
ធនាគារ អេស៊ីលីដា ថ្មីៗបានប្រកាសឲ្យដឹងពីការបម្រើសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួន ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន នៅក្នុងនោះការទទួលប្រាក់ពីបង…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្ដជំរុញឲ្យវិស័យឯកជនចាប់យកឱកាស និងទាញយកផលប្រយោជន៍ឲ្យបានច្រើនពីកិច្ចព្រមព្រៀងRCEP

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្ដជំរុញឲ្យវិស័យឯកជនចាប់យកឱកាស និងទាញយកផលប្រយោជន៍ជាអតិបរមារពីការបើកច្រកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិប ក្រោយចូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ