របបយោធាមីយ៉ាន់ម៉ាប្រារព្ធទិវាឯករាជ្យ

របបយោធាមីយ៉ាន់ម៉ាប្រារព្ធទិវាឯករាជ្យ ដោយបានបង្ហាញពីអានុភាពកម្លាំងរបស់ខ្លួននៅក្នុងរដ្ឋធានីនៅប្រទេសមីយ៉ាន់ម៉ា


កងទាហាន និងសព្វាវុធរបស់ប្រទេសមីយ៉ាន់ម៉ាបានដង្ហែឆ្លងកាត់រដ្ឋធានីណៃពិដោ ដែលបង្កើតឡើងដោយយោធា ដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់ប្រទេសនេះនៅថ្ងៃពុធ ទី៤ ខែមករានេះ នៅក្រោយពេលប៉ុន្មានថ្ងៃបន្ទាប់ពីរបបយោធាបានកាត់ទោសមេដឹកនាំប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។
របបយោធាមីយ៉ាន់ម៉ាប្រារព្ធទិវាឯករាជ្យ ដោយបានបង្ហាញពីអានុភាពកម្លាំងរបស់ខ្លួន

ទឹកដីមួយចំនួននៃប្រទេសមីយ៉ាន់ម៉ា បានហ៊ុមព័ទ្ធទៅដោយការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រឆាំងរដ្ឋប្រហារចាប់តាំងពីយោធាបានដណ្តើមអំណាចជិត២ឆ្នាំមកនេះ។

របបយោធាដែលទើបតែបញ្ចប់ការកាត់ក្តីក្ដាំតុលាការ ជាមួយនឹងការកាត់ទោសធ្វើឡើងដោយបិទទ្វារជាបន្តបន្ទាប់ចំពោះលោកស្រី ស៊ូជី នោះ កំពុងរៀបចំសម្រាប់ការបោះឆ្នោតថ្មីៗនៅចុងឆ្នាំនេះហើយ ដែលសហរដ្ឋអាមេរិកបានចាត់ទុកការបោះឆ្នោតនេះថាជា«ការបោកប្រាស់»មួយ។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា រថក្រោះ កាំជ្រួចមីស៊ីល និងរថពាសដែកបានបើកឆ្លងកាត់ទាំងព្រឹកព្រលឹមទៅកាន់ទីលានព្យុហយាត្រាក្នុងរដ្ឋធានីណៃពីដោដែលចាប់ផ្តើមព្យុហយាត្រាយោធារំលឹកខួបលើកទី៧៥ចាប់តាំងពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស ដោយមានការឈរអមតាមផ្លូវពីមន្ត្រីអ្នកមុខអ្នកការ និងសិស្សនិស្សិតផងដែរ។

ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing ត្រូវបានស្វាគមន៍និងធ្វើគារវកិច្ចដោយការបាញ់កាំភ្លើងធំចំនួន ២១ នៅពេលលោកបានធ្វើដំណើរទៅដល់ទីលានដង្ហែក្បួនព្យុហយាត្រានេះ។

យោងតាមកាសែតរដ្ឋ Global New Light of Myanmar បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារ«គារវកិច្ចដ៏ស្មោះត្រង់» និងបានទន្ទឹងរង់ចាំ«ការអភិវឌ្ឍបន្ថែមទៀត»នៃទំនាក់ទំនងទ្វេភាគី។

ប្រទេសរុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ហើយក៏ជាអ្នកផ្គត់ផ្គង់សព្វាវុធដល់របបយោធាឯកោមួយនេះផងដែរខណៈដែលមីយ៉ាន់ម៉ាបាននិយាយថា ការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែនគឺជារឿង«សមហេតុផល»។

ប្រទេសមីយ៉ាន់ម៉ាបានប្រកាសឯករាជ្យពីការគ្រប់គ្រងដោយអាណានិគមអង់គ្លេសនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨បន្ទាប់ពីមានការតស៊ូដ៏យូរអង្វែងរបស់ឧត្តមសេនីយ៍លោក Aung San ដែលជាឪពុករបស់មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីអំណាច គឺលោកស្រី ស៊ូជី។

ជាធម្មតាទិវាឯករាជ្យជាតិត្រូវបានសម្គាល់ដោយការលេងល្បែងកម្សាន្ដតាមដងផ្លូវ ដើរដង្ហែក្បួន និងការជួបជុំគ្នានៅតាមសួនសាធារណៈ និងទីធ្លានានា ប៉ុន្តែចាប់តាំងពីមានការតវ៉ាមក អាជ្ញាធរបានហាមឃាត់មិនឱ្យមាននៅថ្ងៃឈប់សម្រាកនេះទេ ខណៈដែលប្រជាជននៅផ្ទះតវ៉ាប្រឆាំងរបបយោធា។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា មានវត្តមានសន្តិសុខកើនឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាំងហ្គោន ដែលរងការវាយប្រហារដោយគ្រាប់បែកជាច្រើនដងក្នុងប៉ុន្មានខែថ្មីៗនេះ។

ស្ថានទូតសហរដ្ឋអាមេរិកបានព្រមានអំពី«ការកើនឡើងនូវសក្តានុពលនៃការវាយប្រហារ ការបាញ់ប្រហារតាមគោលដៅ ឬការបំផ្ទុះជាដើម»នៅថ្ងៃទី ០៤ ខែមករានេះផងដែរ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos កាលពីថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីបើក «…

តើជំនួបកំពូលមេដឹកនាំអាមេរិក និងជប៉ុននៅសប្ដាហ៍ក្រោយនឹងលើកយកបញ្ហាក្ដៅៗអ្វីខ្លះ មកដាក់លើតុពិភាក្សា?

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) ត្រូវបានគេរំពឹងថា នឹងជួបគ្នាទល់មុខនៅទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ