ប្រទេសមីយ៉ាន់ម៉ា

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ារៃអង្គាសប្រាក់បានជាង១០០លានដុល្លារ ដើម្បីប្រើប្រាស់ប្រឆាំងនឹងរបបសឹក


រដ្ឋាភិបាលស្រមោលរួបរួមជាតិរបស់មីយ៉ាន់ម៉ា ហៅកាត់ថា NUG បានប្រកាសថា បានរៃអង្គាសប្រាក់ជាង១០០លានដុល្លារអាមេរិក ដើម្បីផ្តល់ឱ្យមូលនិធិក្រុមរបស់ខ្លួននូវការគាំទ្រសកម្មភាពស្តារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា និងបានសច្ចាប្រើប្រាស់ធនធាន ដែលខ្លួនមានផ្តួលរំលំរបបយោធាឱ្យខាងតែបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
រដ្ឋាភិបាលយោធាភូមាសន្យាតស៊ូប្រឆាំងនឹងរបបសឹក!

ប្រាក់ទាំងជាង១០០លានដុល្លារ មានប្រហែល៤៥% គឺបានមកពីការលក់បណ្ណបំណុលពិសេស ដែលរដ្ឋាភិបាលស្រមោលបានឱ្យឈ្មោះជាភាសាអង់គ្លេសថា Spring Revolution Special Treasury Bonds ឬដែលអាចបកប្រែក្រៅផ្លូវការជាខេមរភាសាថា «បណ្ណបំណុលពិសេសនៃបដិវត្តន៍និទាឃរដូវ»។ នេះបើយោងតាមលោក ទីន តុននៀង (Tin Tun Naing) មន្ត្រីនៃក្រសួងផែនការ ហិរញ្ញវត្ថុ និងការវិនិយោគរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា សម្រាប់អ្នកទិញបណ្ឌបំណុល ដែលរដ្ឋាភិបាលស្រមោលបានចេញលក់នេះ នឹងមិនទទួលបានការប្រាក់ឡើយ ហើយដើមទុនដែលបានទិញនឹងត្រូវសងត្រឡប់ទៅវិញ លុះត្រាតែ ក្រុមប្រជាធិបតេយ្យមីយ៉ាន់ម៉ា ទទួលបានជោគជ័យក្នុងការប្រឆាំងនឹងរបបសឹកតែប៉ុណ្ណោះ។

ក្នុងនោះដែរ មូលនិធិខាងលើ ក៏ត្រូវបានរៃអង្គាសតាមរយៈការដេញថ្លៃអចលនទ្រព្យដែលទាក់ទងនឹងយោធាផងដែរ។ ខណៈពេលដែលអ្នកទិញនឹងមិនមានសិទ្ធិទៅប្រើប្រាស់បានភ្លាមៗនៃទ្រព្យសម្បត្តិរបស់របបយោធា ដែលពួកគេដេញថ្លៃបាននោះ រដ្ឋាភិបាលស្រមោលរួបរួមជាតិភូមាសន្យាថា ទ្រព្យសម្បត្តិទាំងនោះនឹងត្រូវប្រគល់ជូនពួកគេនៅពេលរបបសឹកត្រូវបានផ្តួលរំលំ។

លោក ទីន តុននៀង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ក្នុងចំណោមទ្រព្យសម្បត្តិអចលនទ្រព្យរបស់របបសឹក ដែលបានដាក់ដេញថ្លៃទាំងអស់ គឺមានភូមិគ្រិះចំនួន២ដែលជាកម្មសិទ្ធិផ្ទាល់របស់មេដឹកនាំរបបសឹកលោក មីន អ៊ុងឡ៊ាំង(Min Aung Hlaing) និងក្រៅពីនោះជាទ្រព្យសម្បត្តិដែលធ្លាប់ត្រូវបានរឹបអូសដោយរបបសឹក។ លោកបានបន្តទៀតថា មូលនិធិដែលប្រមូលបាននេះ នឹងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងវិស័យផ្សេងៗ ដើម្បីធានាបានលទ្ធផលវិជ្ជមានពីការតតាំងដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលប្រហែលមួយឆ្នាំមកនេះ។

សូមជម្រាបថា កន្លងមករដ្ឋាភិបាលស្រមោលភូមាធ្លាប់ចង់បានប្រាក់ប្រមាណ១ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានបង្កកតាំងតែពីខែកុម្ភៈឆ្នាំ២០២១ ភ្លាមៗក្រោយរបបសឹកធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលលោកស្រី អ៊ុង សានស៊ូជី។ បច្ចុប្បន្នម្ចាស់ពានរង្វាន់នូបែលសន្តិភាពរូបនេះ កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនៃទីក្រុងណៃពីដោ ក្រោមបទចោទជាច្រើន ដែលធ្វើឱ្យលោកស្រីប្រឈមនឹងការជាប់ទោសដល់១សតវត្សរ៍ឯណោះ៕




អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២ បានថយចុះមកដល់កម្រិតទន់ខ្សោយបំផុតមិនធ្លាប់មាននៅ៤ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
កំណើនសេដ្ឋកិច្ចចិននៅពេញមួយឆ្នាំ២០២២ ត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើនរំពឹងថានឹងស្ថិតក្នុងចំណោមតួលេខកំណើនដែលមានភាពទន់ខ្សោយបំផុតមិនធ្…

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ ធ្វើឡើងក្រោមបរិបទតានតឹងខ្លាំងនៃនយោបាយ និងសេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
កិច្ចប្រជុំប្រចាំឆ្នាំ២០២៣របស់វេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ផ្តើមធ្វើឡើងហើយនៅក្រុងដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែមករា ក្រោមមូលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ