ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជាដាក់ចេញគោលនយោបាយ១០ចំណុច ដើម្បីគាំទ្រការងើបឡើងនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២២


នៅឆ្នាំ២០២២ សេដ្ឋកិច្ចសាកលលោក ត្រូវបានគំរាមកំហែងដោយមេរោគបំប្លែងថ្មី អូមីក្រុង ដោយក្នុងនោះ អត្រាកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថានឹងមានទាបជាងការរំពឹងទុក។ តាមការកត់សម្គាល់ពីធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ក៏មិនខុសពីប្រទេសជាច្រើនទៀត នៅទូទាំងពិភពលោកដែរ ពោលគឺកំពុងប្រឈមនឹងហានិភ័យនៃការរាតត្បាតកូវីដ១៩ដូចគ្នា ហើយការប្រឈមនេះ ក៏អាចនឹងនាំទៅរកការដាក់ចេញវិធានការការពារតឹងរ៉ឹង ដែលអាចបង្អាក់ដំណើរការលិតកម្ម និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
ធនាគារជាតិនៃកម្ពុជា(រូបភាព ៖www.nbc.gov.kh)

ទោះយ៉ាងណា ដើម្បីគាំទ្រដល់ការងើបឡើងនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅឆ្នាំ២០២២ ធនាគារជាតិបានសម្រេចដាក់ចេញនូវគោលនយោបាយចម្បងៗចំនួន១០ចំណុច។ តើគោលនយោបាយសំខាន់ៗទាំង១០នោះ មានអ្វីខ្លះ?

ថ្លែងនាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្តដាក់ចេញគោលនយោបាយ ចម្បងៗ ១០ចំណុច ដើម្បីគាំទ្រការងើបឡើងនៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ក្នុងឆ្នាំ២០២២នេះ។ ការដាក់ចេញនូវគោលនយោបាយទាំង១០ចំណុចនេះ ក្នុងគោលបំណងជួយគាំទ្រយ៉ាងពេញទំហឹង លើកំណើនសេដ្ឋកិច្ចជាតិ ដែលបន្ដទទួលរងការគំរាមកំហែងពីជំងឺកូវីដ១៩ បំប្លែងថ្មីៗ។

គោលនយោបាយចម្បងៗ១០ចំណុច រួមមាន៖ ទី១.ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់,ទី២.ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល,ទី៣.ការអនុវត្តវិធានការគាំទ្រចំគោលដៅ,ទី៤.ការលើកកម្ពស់បរិយាបន្ន និងចំណេះដឹងហិរញ្ញវត្ថុ,ទី៥.សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្តទាំងអស់ ត្រូវបន្តគាំទ្រការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់,ទី៦.ការទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ,ទី៧.ការពង្រឹងផែនការនិរន្តរភាពអាជីវកម្ម និងផែនការអនុវត្តជាយថាហេតុ។

ទី៨. ការពង្រឹងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម,ទី៩.ការរួមចំណែកក្នុងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងទី១០.ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ធនាគារជាតិនៃកម្ពុជានឹងរួមចំណែកពង្រឹង សមាហរណកម្មហិរញ្ញវត្ថុ និងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ តាមរយៈការធ្វើសេរីភាវូបនីយកម្មសេវាធនាគារ សមាហរណកម្មប្រព័ន្ធទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុតំបន់ និងយន្តការជួយផ្តល់ហិរញ្ញប្បទានសម្រាប់បង្ការ និងដោះស្រាយវិបត្តិ។

បើតាមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក នឹងបន្តគាំទ្រការនាំចេញវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ដូចជា គ្រឿងបង្គុំអគិ្គសនី និងកង់។ ការគ្រប់គ្រងបានលើការរាលដាលជំងឺកូវីដ-១៩ និងការបន្តបើកដំណើរការសេដ្ឋកិច្ច នឹងជំរុញសកម្មភាពសេដ្ឋកិច្ចដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងទូរគមនាគមន៍ និងទេសចរណ៍ក្នុងស្រុក។ ក្នុងនោះ វិស័យកសិកម្មរំពឹងថា នឹងបន្តមានកំណើនល្អដែលគាំទ្រ ដោយគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាល និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់និងទ្វេភាគី។

ផ្អែកតាមការចូលរួមគាំទ្រពីវិស័យទាំងអស់នេះ ធនាគារជាតិនៃកម្ពុជា នៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ដោយរំពឹងថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន៥%៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យអាកាសចរណ៍កម្ពុជាចាប់ផ្ដើមមានសម្ទុះងើបឡើង ទោះកំពុងប្រឈមនឹងអូមីក្រុង

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អះអាងប្រាប់ខេមបូណូមីសថា បើទោះបីជាបច្ចុប្បន្នមេរោគបំប្លែងថ្មី អូមីក្រុងកំពុងអុកឡុកពិភពល…

ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានដល់ ២០០ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ការទូទាត់សងប្រាក់នៅកម្ពុជាជាពិសេសតាមប្រព័ន្ធអេឡិចត្រូនិកមានការរីកចម្រើនគួរឲ្យកត់សម្គាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ