ណាតូផ្លាស់ប្តូររុស្សីពីដៃគូយុទ្ធសាស្រ្ត ទៅជាអ្នកគំរាមគំហែង!

អង្គការណាតូប្រកាសចាត់ទុករុស្ស៊ីជា «ការគំរាមកំហែងធំ និងដោយផ្ទាល់» ចំពោះសម្ព័ន្ធខ្លួន


មេដឹកនាំអង្គការណាតូ ក៏បាននិយាយប្រកាសចំៗដែរថា ពេលនេះ រុស្ស៊ី គឺជា «ការគំរាមកំហែងដ៏ធំ និងដោយផ្ទាល់មួយចំពោះសន្ដិសុខរបស់សម្ព័ន្ធណាតូ»។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិល្បីៗជាច្រើន។
អង្គការណាតូប្រកាសចាត់ទុករុស្ស៊ីជា «ការគំរាមកំហែងធំ និងដោយផ្ទាល់» ចំពោះសម្ព័ន្ធខ្លួន

ការប្រកាសរបស់​ណាតូខាងលើនេះ គឺធ្វើឡើង​ក្រោយពីប្រទេសទួរគី ដកការបោះឆ្នោតវេតូរបស់ខ្លួនចេញវិញនោះ នៅទីបំផុត អង្គការណាតូ បានសម្រេចអញ្ជើញប្រទេសស៊ុយអែត និងហ្វាំងឡង់ឲ្យចូលរួមជាសមាជិករបស់ខ្លួនហើយ ដោយការចូលរួមនេះបានសបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរដ៏ធំមួយនៃសន្តិសុខនៅទ្វីបអឺរ៉ុប ព្រោះបានរុញច្រានឲ្យប្រទេសទាំងពីរនេះបោះបង់ជំហរអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ក្រោយពីបានមើលឃើញពីការគំរាមគំហែងដែលរុស្សីធ្វើទៅលើអ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍ចេញដោយអង្គការណាតូ ប្រទេសជាសមាជិកនៃសម្ព័ន្ធយោធាណាតូទាំង ៣០ ប្រទេសបានសម្រេចរួមគ្នាជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនក្នុងទីក្រុងម៉ាឌ្រីត ដោយចាត់ទុករុស្ស៊ីថាជា «ការគំរាមកំហែងដ៏ខ្លាំងបំផុត និងដោយផ្ទាល់តែម្តងចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្តទាំងមូល»។ នៅក្នុង កិច្ចប្រជុំនោះ អង្គការណាតូ ក៏បានអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមជិកសម្ព័ន្ធរបស់ខ្លួនផងដែរ នៅក្រោយពេលដែលមានចុងក្រោយនេះ មានការយល់ព្រមឯកភាពពីប្រទេសទួរគី។

ទោះយ៉ាងណា អង្គការណាតូបានបង្ហើបថា ការផ្តល់សច្ចាប័នដើម្បីឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតក្លាយជាសមាជិកពេញលេញ វាត្រូវការចំណាយពេលប្រហែលដល់ទៅមួយឆ្នាំឯណោះ។ ក្រោយពីទទួលបានសមាជិកភាពពេញសិទ្ធិហើយនោះ ប្រទេសទាំងពីរនឹងទទួលបានការការពាររួមមួយ ដោយច្បាប់ដែលបានចែងក្នុងមាត្រាទី៥ របស់អង្គការណាតូ ព្រមទាំងជ្រកក្រោមឆ័ត្រការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផងដែរ។

លោក Stoltenberg អគ្គលេខាធិការអង្គការណាតូបាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធមិត្តទាំងអស់បានសម្រេចឲ្យហ្វាំងឡង់ និងស៊ុយអែតចូលជាមាជិក ហើយវាប្រាកដណាស់ថា យើងនឹងអាចកាពារសម្ព័ន្ធមិត្តទាំងអស់ រួមទាំងសមាជិកថ្មីទាំងពីររបស់យើងផងដែរ»។

ក្នុងពេលជាមួយគ្នានេះ សម្ព័ន្ធមិត្តក៏គ្រោងនឹងបង្កើនវត្តមានកងទ័ពរបស់ខ្លួនក្នុងតំបន់ជុំវិញសមុទ្របាល់ទិកដែរ ដោយត្រៀមធ្វើសមយុទ្ធយោធានានា និងការល្បាតក្នុងសមុទ្របាល់ទិកបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពដល់ប្រទេសស៊ុយអែត និងហ្វាំងឡង់។

មួយវិញទៀត នាយករដ្ឋមន្ត្រីអេស្ប៉ាញលោកពេដ្រូ សានឆេស (Pedro Sanchez) បាននិយាយនៅក្នុងសុន្ទរកថា មួយក្នុងកិច្ចប្រជុំណាតូថា៖ «យើងកំពុងផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនថា លោកនឹងងមិនឈ្នះសង្គ្រាមនោះទេ»។

គួររំលឹកឡើងវិញបន្តិចថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ក្រោយហេតុផលដើម្បីការពារសន្តិសុខពីការគំរាមគំហែង ក៏ដូចជាខ្ទប់ឥទ្ធិពលរបស់សហភាពសូវៀតកាលសម័យសង្គ្រាមត្រជាក់។

ហើយសម្ព័ន្ធយោធាដ៏ធំមួយនេះ បានចាប់ដៃសាមគ្គីគ្នាកាន់តែខ្លាំងឡើងជាថ្មី ក្រោយពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការបរាជ័យនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារការបែរខ្នងរបស់បងធំអាមេរិកក្រោមរដ្ឋកាលលោកដូណាល់ ត្រាំនាពេលកន្លងទៅ។

ក្រៅតែពីចាត់ទុករុស្ស៊ី ជាការគំរាមកំហែងធំ និងដោយផ្ទាល់សម្រាប់សម្ព័ន្ធណាតូ ហើយនោះ អង្គការសម្ព័ន្ធយោធាមួយនេះ ក៏បានលើកឡើងជាលើកដំបូងបង្អស់ដែរថា ប្រទេសចិន បានផ្លាស់ប្ដូរពីដៃគូពាណិជ្ជកម្មជាមួយ ទៅជាគូរប្រកួតប្រជែងដ៏ឆាប់រហ័សមួយ ដោយគេមើលឃើញថា ទីក្រុងប៉េកាំងបានអភិវឌ្ឍយ៉ាងឆាប់រហ័សនូវប្រព័ន្ធលំហអ៊ីនធឺណេតនៅតំបន់អាក់ទិក។

ទោះបីជាយ៉ាងណាក៏ដោយ លោក Stoltenberg បានបញ្ជាក់ថា ចិនមិនមែនជាសត្រូវរបស់ណាតូទេ ក៏ប៉ុន្តែ អគ្គលេខាធិកាអង្គការណាតូរូបនេះ បានស្នើម្តងហើយម្តងទៀតឲ្យទីក្រុងប៉េកាំងថ្កោលទោសចំៗចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយកន្លងទៅចិនមិនព្រមថ្កោលទោសនោះទេ ដោយលើកឡើងថា វាជាអធិបតេយ្យភាព និងសន្តិសុខផ្ទៃក្នុងរបស់ទីក្រុងម៉ូស្គូតែប៉ុណ្ណោះ។

បើតាមមេដឹកនាំលោកខាងលិចបានយល់យ៉ាងច្បាស់ថា ប្រទេសរុស្ស៊ីកំពុងសម្រេចបានផ្ទុយពីអ្វី ដែលបុរសខ្លាំងពូទីនបាននឹងស្រមៃគិតហើយ។ តួយ៉ាង ការចាប់ផ្តើមសង្រ្គាមរបស់លោកពូទីននៅអ៊ុយក្រែនជាផ្នែកមួយ ដើម្បីប្រឆាំងទប់ទល់នឹងការពង្រីកខ្លួនអង្គការណាតូ ប៉ុន្ដែលោកគិតខុសហើយ ព្រោះពេលនេះវារឹងរិតតែធ្វើឲ្យសម្ព័ន្ធនេះរួមគ្នានឹងកាន់តែរឹងមាំ៕




អត្ថបទបន្ទាប់


អតិផរណានៅប្រទេសចាយប្រាក់អឺរ៉ូកើនឡើងខ្លាំងមិនធ្លាប់មានដោយសារសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
អតិផរណានៅក្នុងបណ្តាប្រទេសចំនួន ១៩ ប្រទេស ដែលប្រើប្រាស់ប្រាក់អឺរ៉ូបានកើនឡើងខ្លាំងកាន់តែខ្ពស់ ដល់កំណត់ត្រាថ្មីមួយទៀត ដោយសារតែការកើនឡើងដ៏ធ…

TikTok ចេញមុខធានាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ក្រោយរងការព្រមានដកចេញពីApp Store និង Play Store

ព័ត៌មាន
ក្រុមហ៊ុនបាយដេន (ByteDance) ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីបណ្ដាញសង្គម TikTok បានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា ខ្លួនកំពុងធ្វើការលើកិច្ចព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ