ដីជុំវិញបឹងទន្លេសាប

ប្រជាពលរដ្ឋជិត២ពាន់គ្រួសារទទួលបានដីជុំវិញបឹងទន្លេសាបជាង២ម៉ឺនហិកតាពីរដ្ឋ


រាជរដ្ឋាភិបាលកម្ពុជាបានកាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបជាង២ម៉ឹនហិកតាឲ្យប្រជាពលរដ្ឋជិត២ពាន់គ្រួសារកាន់កាប់ និងអាស្រ័យផល។ ក្នុងចំណោមផ្ទៃដីទាំងនេះ រាជរដ្ឋាភិបាលបានផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋកាន់កាប់ជាង១ម៉ឺនហិកតា និងសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជាង១ម៉ឺនហិកតា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលដែលសម្រេចបាន៥ឆ្នាំរបស់ក្រសួងដែនដី នៅថ្ងៃទី២៤ សីហា ឆ្នាំ២០២២។
ទិដ្ឋភាពផ្ទៃដីលិចទឹក នៃបឹងទន្លេសាប មើលពីភ្នំក្រោម ខេត្តសៀមរាប (រូបភាព៖រដ្ឋបាលខេត្តសៀមរាប)

តាមរយៈការអនុវត្តវិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប រាជរដ្ឋាភិបាលបង្ក្រាបដីបានជាង៦ហិកតាយកមកគ្រប់គ្រងវិញ។

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ក្រោយមានការបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំលើអ្នកទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបកាលពីពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋទទួលបានដីជាង៦ម៉ឺន៣ពាន់ហិកតាយកមកគ្រប់គ្រងវិញ។ បើតាមការបញ្ជាក់របស់ឯកឧត្តមរូបនេះ ដីទាំងជាង៦ម៉ឺនហិកតានេះទទួលបានពីការប្រគល់ដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ១ម៉ឺន៥ពាន់គ្រួសារ។

ក្រោយដាក់ចេញបញ្ជាឲ្យអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធបើកយុទ្ធនាការបង្ក្រាបពលរដ្ឋដែលទន្ទ្រានដីជុំវិញបឹងទន្លេសាបខុសច្បាប់រួចមក សម្តេចតេជោ​ ហ៊ុន សែន នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២ បានបញ្ជាឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វាស់វែងកាត់ឆ្វៀលដីមួយចំនួននៅតំបន់បី​ឲ្យប្រជាពលរដ្ឋកាន់កាប់វិញ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថេង ច័ន្ទសង្វារ រាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីជុំវិញ​បឹងទន្លេជិត២ម៉ឺន៥ពាន់ហិកតាប្រគល់ជូនពលរដ្ឋជិត២ពាន់គ្រួសារកាន់កាប់ និងអាស្រ័យផង។ ក្នុងនោះដីជាង១ម៉ឺន១ពាន់ហិកតាត្រូវបានចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋជាង១ម៉ឺន២ពាន់គ្រួសារកាន់កាប់ ខណៈដីជាង១ម៉ឺន៣ពាន់ហិកតា រដ្ឋបានផ្តល់សិទ្ធិកាន់កាប់ និងអាស្រ័យផលដល់ពលរដ្ឋជាង៥ពាន់៣រយគ្រួសារ។

គួរបញ្ជាក់ថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបជូនប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋទាំងនោះរស់នៅទីនោះយូរឆ្នាំ និងបានបង្កើតជាភូមិ ឃុំ ស្រុក និងវត្តអារ៉ាមជាដើមដែលអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានដីកាន់កាប់ និងអាស្រ័យផង។ ប៉ុន្តែពលរដ្ឋដែលទើបកាប់ទន្ទ្រានដីព្រៃលិចទឹកថ្មីៗ ដើម្បីធ្វើជាកម្មសិទ្ធិខ្លួននោះ រដ្ឋាភិបាល មិនប្រគល់ឲ្យកាន់កាប់នោះទេ ត្រូវរឹបអូសយកមកវិញ។

បើតាមការគួសបញ្ជាក់របស់សម្តេចតេជោ បឹងទន្លេសាប ត្រូវបានបែងចែកជាបី គឺតំបន់ប្រជាជនរស់នៅ ដែលអាចចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិកាន់កាប់ និងតំបន់មួយទៀត រដ្ឋាភិបាលបានកំណត់ជាតំបន់១ តំបន់២ និងតំបន់៣ ដែលទុកសម្រាប់ប្រជាពលរដ្ឋចូលទៅអាស្រ័យផល ប៉ុន្តែជាកម្មសិទ្ធិរបស់រដ្ឋ។ ចំណែកតំបន់មួយទៀតជាតំបន់ព្រៃលិចទឹក ដែលត្រូវតែការពារ និងអភិរក្សជាដាច់ខាត៕




អត្ថបទបន្ទាប់


ហេតុអ្វីគួរទិញផ្ទះក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា មុនីរ៉ាហ៍ ផ្លូវជាតិ 6A?

ព័ត៌មាន
បណ្ដាហាង និងអាជីវកម្មល្បីៗជាច្រើនដែលកំពុងបើកដំណើរការនៅគម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរាហ៍ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ6A បានឆ្លុះបញ្ចាំងពី…

សំណង់ជិត២ម៉ឺនគម្រោងត្រូវបានអភិវឌ្ឍនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈចិនឈរលើកំពូលតារាងវិនិយោគ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទដែលប្រទេសជាតិមានស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ