កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបិទបញ្ចប់នៅខែមីនា


បន្ទាប់ពីបានចរចាគ្នាយ៉ាងផុសផុលអស់ពីរជុំរួចមក កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម គ្រោងនឹងបិទបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cam-UAE CEPA)ជាផ្លូវការ នៅអំឡុងខែមីនា ឆ្នាំ២០២៣ ខណៈដែលកិច្ចចរចាជុំទី៣ គ្រោងនឹងត្រូវធ្វើឡើងនៅអំឡុងខែកុម្ភៈខាងមុខនេះ។
ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

ការអះអាងពីគម្រោងបិទបញ្ចប់កិច្ចចរចានេះ ធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម លោក ថានី អាមេត អាល ហ្ស៊ីយូឌី (Thani Anmed AI Zeyoudi) នាអំឡុងពេលដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានទៅចូលរួមនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី ១៨ ខែមករា នៅឯទីក្រុងដាវ៉ូស ប្រទេសស្វីស។
នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំចរចាជុំទី១ ដែលធ្វើឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីខែតុលាកន្លងទៅ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រកទីផ្សារទំនិញ សេវាកម្ម នៅជុំទី២ ដែលធ្វើឡើងកាលពីខែធ្នូ នៅប្រទេសកម្ពុជា។ ភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ (Request and Offer) រវាងគ្នាទៅវិញទៅមក ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណជននៅក្នុងពេលខាងមុខ។

នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមដដែលនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាជាគោលការណ៍បញ្ចប់ការចរចានៅជុំទី៣នៅក្នុងប្រទេសអារ៉ាប់រួមនៅក្នុងខែកុម្ភៈខាងមុខ និងគម្រោងបញ្ចប់កិច្ចចរចាជាផ្លូវការតែម្ដងនៅខែមីនា នៅក្នុងប្រទេសកម្ពុជា ដែលក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រក់ទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើនលំហូរនៃការ វិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ហាក់នៅមានតិចតួចនៅឡើយ បើធៀបនឹងបណ្ដាប្រទេសដៃគូផ្សេងៗជាច្រើនទៀត ប៉ុន្ដែ បើមើលលើសម្ទុះកំណើនគឺមានខ្ពស់គួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅ៨ខែដំបូងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ មានជិត ២៨០លានដុល្លារ កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
កម្ពុជានាំចេញមុខទំនិញទៅអេមីរ៉ាតអារ៉ាប់រួម ដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ជាដើម។ ដោយឡែក ចំពោះការនាំចូលពីអេមីរ៉ាត អារ៉ាប់រួមវិញ មានដូចជា៖ ផលិតផលប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក ជាដើម៕




អត្ថបទបន្ទាប់


មន្ទីរពេទ្យដ៏ធំបំផុតមួយនៅកម្ពុជាគ្រោងបើកដំណើរការនៅខែមិថុនាឆ្នាំនេះ និងមានតម្រូវការគ្រួពេទ្យដល់១ពាន់នាក់

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចឲ្យក្រសួងសុខាភិបាលប្រឡងជ្រើសរើសគ្រូពេទ្យថ្មីលើជំនាញផ្សេងៗចំនួន២០០នាក់បន្ថែម ដើម្បីបម្រើក…

ធនាគារជាតិនៃកម្ពុជា៖ អតិផរណាជាមធ្យមនៅឆ្នាំ២០២២ មិនប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋឡើយ

ព័ត៌មាន
ស្របពេលដែលពិភពលោកកំពុងទទួលរងនូវវិបត្តិជាច្រើន រួមទាំងអតិផរណាកើនឡើងផងដែរនោះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ នៅថ្ងៃទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ