ទីផ្សារភាគហ៊ុន

អ្នកជំនាញក្នុងទីផ្សារភាគហ៊ុន ប្រាប់រដ្ឋាភិបាលថ្មីរបស់ថៃឲ្យបញ្ជៀសបញ្ហាឱនភាពថវិកា ដ្បិតបារម្ភពីផលប៉ះពាល់ទីផ្សារភាគហ៊ុន


ក្រុមអ្នកជំនាញនៅក្នុងទីផ្សារភាគហ៊ុនរបស់ថៃ បានព្រមានប្រាប់ជាមុនទៅកាន់រដ្ឋាភិបាលថ្មីរបស់ថៃថា ទីផ្សារភាគហ៊ុនអាចនឹងរងផលប៉ះពាល់ ប្រសិនបើរដ្ឋាភិបាលថ្មី នៅតែបន្ដឲ្យមានឱនភាពថវិកាជាប់ជាប្រចាំ ជាហេតុនាំឱ្យមានមន្ទិលកាន់តែខ្លាំងអំពីស្ថិរភាពហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
សេដ្ឋវិទូថៃថារដ្ឋាភិបាលថ្មីអាចប្រឈមនឹងអស្ថិរភាពហិរញ្ញវត្ថុសាធារណៈ

ប្រធានក្រុមសេដ្ឋកិច្ចវិទូរបស់ផ្សារហ៊ុន គាតណាគិន ផាត្រា គឺលោក ភីផាត លឿងណារឿមីតឆៃ (Pipat Luengnaruemitchai) បានសម្តែងការព្រួយបារម្ភអំពីទស្សនវិស័យសារពើពន្ធរបស់ប្រទេសថៃ ប្រសិនបើអ្នកនយោបាយ និងរដ្ឋាភិបាល បែងចែកការចំណាយច្រើនលើសលប់។ ប្រសិនបើគ្មានផែនការហិរញ្ញប្បទានច្បាស់លាស់ទេ ប្រការនេះអាចបណ្តាលឱ្យមានអស្ថិរភាពហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលវែង។

លោក ភីផាត បានសរសេរនៅលើទំព័រ Facebook របស់លោកថា ប្រទេសថៃជិតនឹងមានរដ្ឋាភិបាលថ្មីហើយ ដោយគណបក្សនយោបាយមួយចំនួនបានស្នើសុំបង្កើតគោលនយោបាយដែលប្រើប្រាស់ថវិកាយ៉ាងច្រើន។ លោកបានបន្ថែមថា ប៉ុន្តែគេមិនអាចជជែកពីការចំណាយថវិកា ដោយគ្មានការរៀបរាប់ពីប្រភពនៃការផ្ដល់មូលនិធិបានឡើយ។

គណបក្សឆ្ពោះទៅមុខ (MFP) ដែលគ្រោងនឹងដឹកនាំរដ្ឋាភិបាលចម្រុះ បានផ្តោតលើគោលនយោបាយផ្ដល់ជំនួយទៅលើវិស័យអប់រំ កុមារ ជនពិការ និងអ្នកចូលនិវត្តន៍ ហើយគោលនយោបាយមួយចំនួនត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវការចំណាយបន្ថែមចំនួន ៦៥០ ពាន់លានបាត ឬប្រហែលជិត ២០ ពាន់លានដុល្លារ។ ប៉ុន្តែលោក ពីផាត បានចោទជាសំណួរថា តើចំនួនប្រាក់ទាំងនេះបានមកពីណា?

ផែនការរបស់គណបក្សឆ្ពោះទៅមុខ មានបំណងកាត់បន្ថយចំណាយផ្នែកយោធា និងថវិកាផ្សេងៗទៀត ដែលត្រូវបានចាត់ទុកថា មានទំហំធំមិនសមហេតុផល ហើយគណបក្សនេះក៏ចង់បង្កើនប្រាក់ចំណូលតាមរយៈពន្ធលើទ្រព្យសម្បត្តិ និងដីធ្លី ព្រមទាំងតាមរយៈការដំឡើងពន្ធលើប្រាក់ចំណេញចំពោះក្រុមហ៊ុនធំៗផងដែរ។ ឥទ្ធិពលទូទៅនៃការកាត់បន្ថយការចំណាយទាំងនោះនឹងអាចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលបានចំនួនជិត ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមគណបក្សឆ្ពោះទៅមុខ។

អ្នកជំនាញនៅក្នុងទីផ្សារភាគហ៊ុនរូបនេះ បាននិយាយទៀតថា ប្រសិនបើផែនការនេះបានដំណើរការមែន ហើយឱនភាពថវិកាមិនកើនឡើងទេនោះ វានឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាងវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗទៀត។

ប្រជាសាស្រ្តរបស់ប្រទេសថៃកំពុងមានការប្រែប្រួល ហើយចំនួនមនុស្សចាស់កំពុងតែកើនឡើង ជាហេតុបណ្តាលឱ្យមានតម្រូវការប្រាក់កាន់តែច្រើនសម្រាប់ទ្រទ្រង់ប្រព័ន្ធសុខុមាលភាពរបស់ប្រទេសនេះ ខណៈដែលចំនួនមនុស្សបង់ពន្ធកំពុងតែធ្លាក់ចុះ។

លោក ភីផាត បាននិយាយថា មនុស្សជាច្រើនចាប់អារម្មណ៍លើសូចនាករសំខាន់មួយ គឺផលធៀបរវាងបំណុលសាធារណៈនិងផលិតផលក្នុងស្រុកសរុប ហើយប្រសិនបើផលធៀបនេះត្រូវបានគេរំពឹងថានឹងកើនឡើងមិនអាចគ្រប់គ្រងបាននោះ ទីផ្សារនិងអ្នកវិនិយោគនឹងមានការព្រួយបារម្ភអំពីស្ថានភាពរបស់រដ្ឋាភិបាលថ្មីនេះជាមិនខាន។

ផលធៀបរវាងបំណុលសាធារណៈ នឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃនឹងកើនឡើងបន្តិចម្តងៗពីប្រហែល ៦១% គិតត្រឹមទី៣១ ខែឧសភា រហូតដល់ ៦៨% នៅក្នុងរយៈពេលមួយទសវត្សរ៍ទៀត។

ប៉ុន្ដែ អ្នកជំនាញបានព្រមានថា ប្រសិនបើប្រទេសថៃមានឱនភាពថវិកាកាន់តែខ្ពស់នៅពេលដែលអត្រាការប្រាក់កើនឡើងនោះ វានឹងមានឱកាសដែលបំណុលសាធារណៈកើនឡើងយ៉ាងខ្លាំង ហើយគេកាន់តែពិបាកកាត់បន្ថយ៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាមធ្លាក់ចុះ ប៉ុន្ដែ អតិរេកពាណិជ្ជកម្មមានជិត១០ពាន់លានដុល្លារដុល្លារ

ព័ត៌មាន
ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មសរុបរបស់វៀតណាម មានតម្លៃ ២៦២,៥៤ ពាន់លានដុល្លារដុល្លារ ធ្លាក់ចុះ១៤,៧ ភាគរយ ក្នុងនោះការ…

ផ្កាយរណបកូរ៉េខាងជើងបានធ្លាក់ចូលសមុទ្រ បន្ទាប់ពីមានបញ្ហាម៉ាស៊ីនរ៉ូក្កែត

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនកាលពីថ្ងៃពុធ ទី ៣០ ខែឧសភា បានទទួលបរាជ័យ ជាហេតុធ្វើឱ្យឧបករណ៍ជំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ