ការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់ធនាគារអេស៊ីលីដា

បណ្ឌិត អុិន ចាន់នី ៖និមិត្តសញ្ញាថ្មី របស់ធនាគារអេស៊ីលីដា បង្ហាញពីអត្ថន័យនៃបេសកកម្ម ជិត ៣ទសវត្សរ៍


នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះធនាគារ អេស៊ីលីដា បានប្រកាសដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាថ្មីរបស់ខ្លួន ដោយបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មីនេះ គឺដើម្បីរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យ ដែលធនាគារបានកសាងជាង ២៩ឆ្នាំកន្លងមក។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា

គោលបំណង នៃ​ការ​ផ្លាស់​ប្តូរ​រូបរាង​ស្លាក​សញ្ញា​ថ្មី របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ត្រូវ​បាន បណ្ឌិត អុិន ចាន់​នី​បញ្ជាក់​ថា ស្លាក​សញ្ញា​ថ្មី ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា "​និមិត្តរូប​បក្សី​សួគ៌​" ឈរ​នៅ​ចំ​កណ្តាល​រង្វង់​មូល​ពណ៌​ខៀវ​ទឹក​ប៊ិក ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព​ប្រកបដោយ​ចីរភាព​។

ម្យ៉ាងវិញទៀត និមិត្តសញ្ញា​ថ្មី​នេះ ក៏​ស្រប​តាម ទស្សនៈ បេសកកម្ម យុទ្ធសាស្ត្រ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជាស​កល​។ ចំណែក​ពណ៌​នៃ​ស្លាក​សញ្ញា​ថ្មី គឺ​មាន​បី​ពណ៌ គឺ​ពណ៌​ស ពណ៌​មាស និង​ពណ៌​ខៀវ​ទឹក​ប៊ិក​។

លោក​បណ្ឌិត​បាន​បន្ត​ថា «​ចំពោះ​អត្ថន័យ​នៃ​ស្លាក​សញ្ញា​ថ្មី​នេះ គឺ​ពណ៌​នីមួយ​ៗ មាន​ពោរពេញ​ដោយ​អត្ថន័យ ដោយ​ក្នុង​នោះ ពណ៌​ស គឺ​ចង់​សំដៅ​ដល់​អភិសមាចារ ដែល​មាន​ន័យ​តម្លាភាព ភាព​ស្មោះត្រង់ និង​សុចរិត​ភាព ចំណែក​ពណ៌​មាស ជា​ពណ៌​ដែល​បង្ហាញ​ពី គុណ​តម្លៃ និង​គុណភាព និង​ពណ៌ ខៀវ​ទឹក​ប៊ិក យើង​ចង់​បង្ហាញ​ពី​ការ សាមគ្គីភាព ស្ថិរភាព និង​សុវត្ថិភាព​។ ដូច្នេះ​ពណ៌​ទាំង​បី​បញ្ចូល​គ្នា​ប្រៀប​ទៅ​នឹង​គ្រាប់ពូជ និង​ធនធាន​ដែល​បាន​រីក​ដុះដាល និង​អភិវឌ្ឍ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព​។ ស្លាក​សញ្ញា​ថ្មី​នេះ នឹង​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ចាប់ពី​ខែមករា ឆ្នាំ​២០២១ ខាង​មុខ​នេះ​»​។

បណ្ឌិត អុិន ចាន់​នី បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​យើង​មាន​សេចក្តី​រីករាយ ដែល​បាន​រួមចំណែក​កសាង​នូវ​ប្រយោជន៍​សម្រាប់​ជាតិ​ប្រកបដោយ​កតញ្ញូ និង​កតវេទី​។ នេះ​ជា​ស្នាដៃ​បាន​កើតឡើង​ពី​ធនធានមនុស្ស​ដែល​ជា​កម្មករនិយោជិត​ជនជាតិ​ខ្មែរ និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​ជា​ពិសេស ធនាគារជាតិ​នៃ​កម្ពុជា អតិថិជន និង​សាធារណជន ដែល​បាន​កសាង​សមិទ្ធផល​ជា​ប្រយោជន៍​យ៉ាងច្រើន​ជា​បន្តបន្ទាប់​»​។

ចំពោះ​ទំហំ​ទឹកប្រាក់​ក្នុង​ការ​ចំណាយ​ប្តូរផ្លាស់​និមិត្តសញ្ញា​ថ្មី​របស់​ធនាគារ​អេ​ស៊ី​លី​ដា​នេះ​ដែរ មិន​ត្រូវ​បាន​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បញ្ជាក់​ច្បាស់លាស់​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា មាន​ទំហំ​តិចតួច​ប៉ុណ្ណោះ ដោយសារ​តែ​ក្នុង​អាណត្តិ​ដែល​លោក​បាន​ធ្វើការ​នេះ គឺ​បាន​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​៣​ទៅ​ហើយ ដោយ​ការ​ប្តូរ​ចំនួន ២​លើក​មុន​បាន​ចំណាយ​ច្រើន ព្រោះ​ត្រូវការ​ព្រី​ន​បោះពុម្ព​ឯកសារ ខណៈ​ដែល​ការ​ប្តូរ​លើក​ទី​៣​នេះ គឺ​ប្រើប្រាស់​ឌី​ជី​ថ​ល​ភាគច្រើន ទើប​ការ​ចំណាយ​អស់​តិច​។ 

ស្របគ្នា​ជាមួយនឹង​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ថ្មី​នេះ រូប App អេ​ស៊ី​លី​ដា​ទាន់ចិត្ត​ក៏​បាន​ផ្លាស់​ប្តូរ​មក​ជា ACLEDA Mobile ផង​ដែរ ដែល App​ថ្មី​នេះ នឹង​ជួយ​ឲ្យ​ប្រើប្រាស់​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន ខណៈ​ដែល​ការ​ប្រើប្រាស់ App​នេះ ក៏​លែង​បង់ថ្លៃ​សេវា​ប្រចាំខែ​ទៀត​ហើយ ពោល​គឺ​ឥត​គិតថ្លៃ​ចំពោះ​ការ​ប្រើប្រាស់ App ACLEDA Mobile នេះ​។

គួរ​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ០៤ (​បួន​) គឺ​អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី​, វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា​, ធនាគារ អេ​ស៊ី​លី​ដា ឡាវ លី​មី​ធី​ត​, និង​ស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេ​ស៊ី​លី​ដា មី​យ៉ា​ន់​ម៉ា និង​ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​។ 

បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន ២៦,១០ ទ្រី​លាន​រៀល (​ឬ ៦,៣៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) សមតុល្យ ឥណទាន​សរុប​ចំនួន ១៦,៩៩ ទ្រី​លាន​រៀល (​ឬ ៤,១៤ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ១៨,៥៦ ទ្រី​លាន​រៀល (​ឬ ៤,៥៣ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) និង​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ ឌី​ជី​ថ​ល អេ​ស៊ី​លី​ដា ទាន់ចិត្ត ច្រើន​ជាង ១,៦២​លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាង ១០ម៉ឺនអាជីវកម្មនៅវៀតណាម បានព្យួរប្រតិបត្តិការដោយសារតែបញ្ហាកូវីដ-១៩ នៅឆ្នាំ២០២០!

ព័ត៌មាន
ផលប៉ះពាល់នៃមេរោគរាតត្បាតកូវីដ-១៩ បានធ្វើឲ្យអាជីវកម្មជាង១០ម៉ឺនអាជីវកម្មនៅក្នុងប្រទេសវៀតណាមបានបិទទ្វារផ្អាកប្រតិបត្តិការ នៅក្នុងឆ្នាំ២០២០ ដ…

ត្រឹមតែវ័យ ១៩ឆ្នាំ ក្លាយជា CEO ក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ ២៥លានដុល្លារ

ព័ត៌មាន
ភាពជោគជ័យទាំងវ័យក្មេង គឺជាបំណងប្រាថ្នាដែលមនុស្សជាច្រើនចង់បាន ប៉ុន្ដែ មិនមានគ្រប់គ្នាសុទ្ធតែអាចសម្រេចបាននូវមហិច្ឆតានេះបានទេ។ ខេមបូណូមីស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ