សហរដ្ឋ​អាមេរិក-កម្ពុជា-បរិស្ថាន

អាមេរិក៖ ការ​ពន្យារ​ពេល​កសាង​ទំនប់​វារី​អគ្គិសនី​របស់​កម្ពុជា​គឺ​ជា​សញ្ញា​គួរ​ជា​ទីលើក​ទឹកចិត្ត


ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ថា ការពន្យារ​ពេល​១០​ឆ្នាំ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​កសាង​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ ដើម្បី​ជៀសវាង​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បរិស្ថាន​និង​មនុស្ស គឺ​ជា​“សញ្ញា​ខ្លះ​គួរជាទីលើកទឹកចិត្ត” នៅ​ប្រទេស​កម្ពុជា។
អ្នកនេសាទ​ចែវទូក​ នៅ​លើ​ទន្លេមេគង្គ ក្នុង​ទឹកដី​នៃ​ខេត្ត​ក្រចេះ។
ដោយ

តាមរយៈ​វីដេអូ​ខ្លី​មួយ​នៅ​លើ​ហ្វេសប៊ុក លោក Patrick Murphy បាន​និយាយ​ដូច្នេះ​ថា “ឥឡូវ​នេះ យើង​ឃើញ​មាន​សញ្ញា​ខ្លះ​គួរ​ជា​ទីលើក​ទឹកចិត្ត​នៅ​កម្ពុជា។ ក្នុង​ពេល​ថ្មីៗ​នេះ ក្រសួង​រ៉ែ​និង​ថាមពល បាន​ប្រកាស​ពី​ការពន្យារ​ពេល​១០​ឆ្នាំ លើ​ការកសាង​ទំនប់​វារី​អគ្គិសនី​ដែល​ជា​ការផ្តល់​ឱ្យ​កម្ពុជា​នូវ​ឱកាស​ស្វែងរក​ជម្រើស​ផ្សេង​សម្រាប់​ថាមពល​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បរិស្ថាន​និង​មនុស្ស។”

ក្រសួង​រ៉ែ​និង​ថាមពល​បាន​ប្រកាស​កាលពី​ខែ​មីនា ឆ្នាំ​២០២០​នេះ ថា ប្រទេស​កម្ពុជា​នឹង​មិន​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ថ្មី​នៅ​លើ​ដង​ទន្លេ​មេគង្គ​ទេ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ហើយ​ថា នឹង​ពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ​ជាតិ​របស់​ខ្លួន​ក្នុង​ការស្វែងរក​ថាមពល​ពី​ធ្យូង​ថ្ម ឧស្ម័ន​ធម្មជាតិ និង​ព្រះអាទិត្យ​វិញ។

ក្រសួង​បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើ​តាម​ការសិក្សា​ដែល​ធ្វើឡើង​ដោយ​ទីប្រឹក្សា​ជប៉ុន​ដែល​បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​គួរ​ស្វែងរក​ថាមពល​ពី​ប្រភព​ផ្សេងៗ​ទៀត។

ការលើកឡើង​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​របាយការណ៍​មួយ​កាល​ពី​សប្តាហ៍​មុន ថា ទំនប់​ចិន​បាន​ទប់ទឹក​ទុក ខណៈ​ដែល​មាន​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​នៅ​បណ្តា​ប្រទេស​ខាងក្រោម​ទន្លេ​មេគង្គ​នា​ឆ្នាំ​២០១៩។

ក្រុមហ៊ុន​ឈ្មោះ Eyes on Earth ដែល​ជា​អ្នក​ធ្វើរបាយការណ៍​នេះ​​ដោយ​ប្រើទិន្នន័យ​ផ្កាយ​រណប គឺ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​សហរដ្ឋ​អាមេរិក។

នៅក្នុង​វីដេអូ​ខ្លី​នោះ​ដែរ លោក Patrick Murphy ក៏​បាន​និយាយ​ថា របាយការណ៍​នេះ​គួរ​ឱ្យ​ទុក​ចិត្ត​បាន ហើយ​បាន​អំពាវនាវ​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​ប្រកប​ដោយ​តម្លាភាព​ ដោយ​គិត​ពី​ប្រយោជន៍​នៃ​ប្រទេស​ទាំង​អស់។

គណៈកម្មការ​ទន្លេ​មេគង្គ បាន​អះអាង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​នោះ​ថា គ្រោះ​រាំងស្ងួត​ឆ្នាំ​២០១៩ ភាគច្រើន​គឺ​បណ្តាល​មកពី​ទឹក​ភ្លៀង​ទាប​បំផុត ក្នុង​រដូវ​វស្សា ជាមួយ​នឹង​ការ​ពន្យារ​ពេល​មក​ដល់​និង​ការចាកចេញ​នៃ​ភ្លៀង​មូសុង នៅ​មុន​​ព្រឹត្តិការណ៍​អេលនីណូ ដែល​បាន​បង្កើត​សីតុណ្ហភាព​មិន​ធម្មតា​និង​ការ​រំ​ហួត​ខ្ពស់៕




អត្ថបទបន្ទាប់


៥សំណួរ ជាមួយនឹងសមាគមមីក្រូហិរញ្ញវត្ថកម្ពុជា ជុំវិញនឹងការអនុវត្តជួយសម្រួលបន្ទុករបស់កូនបំណុល អំឡុងពេលមានវិបត្តិ​កូវីដ-១៩

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា នាពេលកន្លងមកបានចេញមុខអំពាវនាវម្ដងហើយម្ដងទៀត ទៅកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្…

អាមេរិក, ជប៉ុន, សហភាព​អឺរ៉ុប​ កំពុង​គូសវាស​ផែនការ​អូសទាញ​ក្រុមហ៊ុនធំៗ​របស់ខ្លួន​ ឲ្យ​​ចេញ​ពី​ប្រទេសចិន

ព័ត៌មាន
មហាអំណាច​សេដ្ឋកិច្ច​​ធំបំផុត ៣ ក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង ៤ របស់ពិភព​លោក គឺ សហរដ្ឋ​អាមេរិក ជប៉ុន និង​សហភាព​អឺរ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ