ការនាំចេញផលិតផលមិនមែនកាត់ដេរ

ការនាំចេញផលិតផលមិនមែនកាត់ដេរនៅតែរក្សាបានកំណើនខ្ពស់ជិត២០% នៅត្រីមាសទី១ឆ្នាំនេះ


ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជា នៅតែបង្ហាញពីកំណើនខ្ពស់ជិត២០% នៅត្រីមាសទី១នៅឆ្នាំ២០២៣ ទោះបីជា ការនាំចេញផលិតផលកាត់ដេរ មានការធ្លាក់ចុះក្នុងអត្រាពីរខ្ទង់ក៏ដោយចុះ។ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា កត្តាដែលធ្វើឲ្យការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជានៅតែរក្សាបានកំណើនខ្ពស់ រឹងមាំ គឺដោយសារកត្តាទំនាក់ទំនងល្អរវាងអ្នកផ្គត់ផ្គង់ជាមួយអ្នកបញ្ជាទិញ គួបផ្សំកត្តាតម្រូវការផលិតផលវិនិយោគមិនមែនកាត់ដេរ មានតម្រូវការកើនឡើងខ្ពស់ពីប្រទេសដែលបញ្ជាទិញផងដែរ។
ការនាំចេញផលិតផលមិនមែនកាត់ដេរនៅតែរក្សាបានកំណើនខ្ពស់ជិត២០% នៅត្រីមាសទី១ឆ្នាំនេះ
ដោយ

តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ទោះបីជានៅត្រីមាសទី១ឆ្នាំនេះ ការនាំចេញផលិតផលកាត់ដេរបន្ដធ្លាក់ចុះជាង ២២% ដោយមានមកនៅត្រឹមជាង២ពាន់៤រយលានដុល្លារក្តី ប៉ុន្តែការនាំចេញទំនិញវិនិយោគមិនមែនកាត់ដេរនៅតែរក្សារបានកំណើនខ្ពស់ ពោលគឺសម្រេចបានទំហំទឹកប្រាក់ជាង ១ពាន់៤រយលានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ២៣០លានដុល្លារអាមេរិក ឬស្មើនឹងជិត ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលវិនិយោគមិនមែនកាត់ដេររួមមាន គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ឈើកែច្នៃ ផលិតផលពីប្លាស្ទិក គ្រឿងបន្លាស់រថយន្ត កុងផ្លាកេ អំពូលលម្អ ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជាមានការកើនឡើង គឺដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជាដៃគូ គួបផ្សំកម្ពុជាមានទីតាំងភូមិសាស្រ្តល្អ អំណោយផលដល់ការវិនិយោគរយៈពេលវែងលើវិស័យនេះ។ មួយវិញទៀត ដោយសារផលិតផលវិនិយោគមិនមែនកាត់ដេរនៅកម្ពុជា មានតម្រូវការកើនឡើងខ្ពស់ពីប្រទេសដែលមានតម្រូវការបញ្ជាទិញ នៅក្នុងវិស័យបច្ចេកវិទ្យា អេឡិចត្រូនិក និង គ្រឿងចក្រផ្សេងៗជាដើម។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា វិស័យឧស្សាហកម្មមិនមែនកាត់ដេរ នឹងបន្តកើនឡើងជាបន្តបន្ទាប់ ដ្បិតវាជាវិស័យយុទ្ធសាស្ត្ររយៈពេលវែង ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្រួលលក្ខខណ្ឌ និងនីតិវិធីមួយចំនួន ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបោះទុនវិនិយោគលើវិស័យនេះនៅកម្ពុជាផងដែរ។

តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា នៅ៣ខែដំបូងនៅឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញសរុបជិត៥ពាន់៤រយលានដុល្លារ ធ្លាក់ចុះ៥,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលវិញសម្រេចបានជាង៥ពាន់៨រយលានដុល្លារធ្លាក់ចុះជាង២១%។

ក្រៅតែពីការនាំចេញផលិតផលមិនមែនការកាត់ដេរ មានកំណើនជិត២០% នៅត្រីមាសទី១ឆ្នាំនេះ ការនាំចេញផលិតផលផ្សេងទៀតក៏មានកំណើនដែរ ដូចជាការនាំចេញផលិតផលកសិផល សម្រេចបានប្រាក់ចំណូលជាង ១ពាន់២រយលានដុល្លារ កើនឡើងប្រមាណ ១៣៥លានដុល្លារ ឬស្មើនឹងជាង ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕




អត្ថបទបន្ទាប់


តើនៅក្នុងជំនួប ៣ ថ្ងៃនៃក្រុមប្រទេសជឿនលឿនបំផុតទាំង ៧ សម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?

ព័ត៌មាន
មន្ត្រីការទូតកំពូលមកពីប្រទេសឧស្សាហកម្មជឿនលឿនបំផុតទាំងប្រាំពីរក្នុងពិភពលោក បានប្តេជ្ញានៅថ្ងៃអង្គារថា ពួកគេនឹងរួបរួមគ្នាប្រឆាំងនឹងសង្រ្គាមឈ្លា…

EU កំពុងប្រកួតប្រជែងនឹងអាមេរិក និងអាស៊ី ក្នុងការបង្កើតផែនការឧបត្ថម្ភធនសម្រាប់ផលិតបន្ទះគ្រឿងអេឡិចត្រូនិក

ព័ត៌មាន
សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានព្រមព្រៀងគ្នាលើផែនការចំណាយថវិកាចំនួន ៤៣ ពាន់លានអឺរ៉ូ ឬប្រហែល ៤៧ ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មផលិតបន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ