កូរ៉េខាងជើងចោទអាមេរិក

កូរ៉េខាងជើងចោទអាមេរិក និងសម្ព័ន្ធមិត្តថាកំពុងបោះជំហានឆ្ពោះទៅបង្កើត “អង្គការណាតូនៅអាស៊ី”


ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃពុធថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន គឺមិនត្រឹមតែជាការហ្វឹកហាត់នោះទេ ប៉ុន្តែវាមមានគោលបំណងអាក្រក់ចំពោះកូរ៉េខាងជើង។
កូរ៉េខាងជើងចោទអាមេរិក និងសម្ព័ន្ធមិត្តថាកំពុងបោះជំហានឆ្ពោះទៅបង្កើត “អង្គការណាតូនៅអាស៊ី”

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ដដែល​នេះ បាន​អះអាង​ទៀត​ថា សមយុទ្ធ​យោធា​ទាំង​លើក​មុន​ៗ មុន​និង​លើក​ចុង​ក្រោយ​នេះ សុទ្ធ​សឹង​ជា​ផ្នែក​មួយ​ដ៏​គ្រោះថ្នាក់​សម្រាប់​តំបន់ ឆ្ពោះទៅ​រក​ការ​បង្កើត​អង្គការ​សម្ព័ន្ធ​យោធា​ក្នុង​តំបន់​អាស៊ី ដែល​មាន​ទម្រង់​ដូច​ទៅ​នឹង​អង្គការ​ណា​តូ​នៅ​អឺរ៉ុប​ដូច្នោះ​ដែរ​។

សេចក្តីរាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង KCNA នេះ​ធ្វើ​ឡើង ត្រឹមតែ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​មេដឹកនាំ​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អង្គការ​ណា​តូ ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍ និង​ជា​លើក​ដំបូង​ផង​ដែរ សម្រាប់​សម្ព័ន្ធមិត្ត​ធំ​ៗ​នៅ​អាស៊ី​ទាំង​ពីរ​របស់​អា​មេ​រិ​ក​។ ប្រមុខ​ដឹកនាំ​ក្រុង​ព្យុ​ង​យ៉ាង និង​តូ​ក្យូ​ក៏​គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ចូ បៃ​ឌិន​លក្ខណ​ត្រីភាគី​ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កូរ៉េ​ខាងជើង ដែល​ជា​កិច្ចប្រជុំ​កំពូល​ត្រីភាគី​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។

ក្រៅពី​ជំនួប​អង្គការ​ណា​តូ​នៅ​ស​ប្តា​ហ៍​ក្រោយ​ហើយ សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​ទាំង​បី គ្រោង​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយ​នៅ​ខែសីហា​ឆ្នាំ​នេះ នៅ​ក្បែរ​រដ្ឋ​ហា​វ៉ៃ ទឹកដី​សហរដ្ឋអាមេរិក​។ សមយុទ្ធ​នៅ​ខែសីហា​មានឈ្មោះ​ថា សមយុទ្ធ​នាគ​ប៉ា​ស៊ី​ហ្វិ​ក (Pacific Dragon) ដែល​នឹង​ផ្តោត​ទៅ​លើ​ការ​ហ្វឹកហាត់​ស្ទាក់​ចាប់ និង​តាមដាន​គ្រាប់​មី​ស៊ី​ល​របស់​សត្រូវ​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ ដែល​ប្រទេស​ទាំង​បី គឺ​កូរ៉េ​ខាងត្បូង ជប៉ុន និង​អា​មេ​រិ​ក បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា ប៉ុន្តែ​សម្រាប់​គម្រោង​សមយុទ្ធ​នៅ​ឆ្នាំ​នេះ ទទួល​បាន​ប្រតិកម្ម​ខ្លាំង​ជាង​មុន​ពី​សំណាក់​ទីក្រុង​ព្យុ​ង​យ៉ាង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​បន្ត​ផ្សព្វផ្សាយ​ថា សហរដ្ឋអាមេរិក​កំពុង​មាន​ចេតនា​ដ៏​អាក្រក់​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​អា​យ៉ង​របស់​ខ្លួន ហើយ​មិន​បាន​មិន​យកចិត្តទុកដាក់​លើ​តម្រូវការ​សន្តិសុខ និង​ការ​ព្រួយបារម្ភ​ចម្បង​របស់​បណ្តា​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឡើយ​។

ដោយឡែក​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ស្រ​ដៀង​គ្នា​មួយ​កាលពី​ចុង​ស​ប្តា​ហ៍​មុន ក្រសួងការបរទេស​របប​ក្រុង​ព្យុ​យ៉ាង​បាន​និយាយ​ថា សមយុទ្ធ​យោធា​នឹង​បង្ហាញ​ពី​ភាព​លាក់ពុត​របស់​អា​មេ​រិ​ក ក្នុង​ការ​ដែល​កន្លង​មក តែង​អះអាង​ថា​អា​មេ​រិ​ក​ចង់​ដោះស្រាយ​ជាមួយ​កូរ៉េ​ខាងជើង​តាម​ការទូត និង​ការ​សន្ទនា​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន​។

គួរ​ជម្រាប​ថា របប​ផ្តាច់​ការ​ក្រុង​ព្យុ​ង​យ៉ាង បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ជា​ច្រើន​លើក​នៅ​ក្នុងឆ្នាំនេះ រួម​ទាំង​មី​ស៊ី​ល​ប្រភេទ​អន្តរទ្វីប​របស់​ខ្លួន​ផង​ដែរ​។ ការណ៍​នេះ​បាន​បង្កក្តី​ព្រួយបារម្ភ​ថា កូរ៉េ​ខាងជើង អាច​នឹង​ត្រៀម​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​ចាប់តាំងពី​ការ​សាកល្បង​លើក​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៧​។

ទោះបី​ទាំង​កូរ៉េ​ខាងត្បូង និង​ជប៉ុន សុទ្ធ​សឹង​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ក៏​ដោយ​ចុះ ប៉ុន្តែ​បើ​មើល​លើ​ទំនាក់ទំនង​រវាង​ប្រទេស​អាស៊ី​ទាំង​ពីរ ហាក់​មាន​ភាព​តានតឹង​។ តានតឹង​ក៏​ដោយសារ​តែ មូលហេតុ​ប្រវត្តិសាស្ត្រ​ជុំវិញ​ការ​អំពើ​ព្រៃផ្សៃ​របស់​ជប៉ុន​មក​លើ​ប្រទេស​កូរ៉េ​អំឡុង​សម័យ​អាណា​គម ១៩១០-១៩៤៥​។

យ៉ាងណាមិញ ទីក្រុង​វ៉ា​ស៊ី​ន​តោន​តែង​ដើរតួ​ជា​អ្នកសម្របសម្រួល ដោយ​ជំរុញ​ឱ្យ​ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ​សហការ​គ្នា​បន្ថែម​ទៀត ដើម្បី​ប្រឈម​មុខ​នឹង​ការ​គម្រាមកំហែង​ពី​ប្រទេស​កូរ៉េ​ខាងជើង ក៏​ដូច​ជា​ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន​៕




អត្ថបទបន្ទាប់


វៀតណាមសម្រេចបានកំណើន GDP ៧,៧% ក្នុងត្រីមាសទី ២

ព័ត៌មាន
ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃពុធ ទី ២៩ មិថុនា ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមបានកើនឡើងដល់ ៧,៧% នៅអំ…

ប្រទេសចិនកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម ៧ ថ្ងៃសម្រាប់អ្នកដំណើរក្រៅប្រទេស

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃអង្គារ ទី ២៨ មិថុនា បានប្រកាសជាលើកដំបូងពីការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលក្នុងប្រទេសរបស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ