កូរ៉េខាងជើងបាញ់មីស៊ីលថ្មីមួយប្រភេទទៀត

កូរ៉េខាងជើងចេញមុខមកបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលថ្មីមួយប្រភេទទៀតចេញពីនាវាមុជទឹកមិនធ្លាប់ឃើញពីមុនមក


បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ ក្នុងថ្ងៃពុធទី២០តុលានេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយដោយបានទទួលស្គាល់ថា ក្រុងព្យុងយ៉ាងពិតជាបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួនពិតមែន។ សកម្មភាពនេះ ត្រូវបានក្រុមអ្នកវិភាគអះអាងថា ជាផែនការអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិការយោធារបស់កូរ៉េខាងជើង តាមរយៈការប្រើប្រាស់មីស៊ីលចេញពីនាវាមុជទឹក។
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលថ្មីមួយប្រភេទទៀតចេញពីនាវាមុជទឹក

មី​ស៊ី​ល​ដែល​បាន​បាញ់​កាលពី​ថ្ងៃ​អង្គារ ជា​ក្បាល​គ្រាប់​មី​ស៊ី​ល​ប្រភេទ​មួយ ប៉ុន្តែ​បាញ់​ចេញពី​នាវាមុជទឹក​សេរី​ចាស់ ដែល​កូរ៉េ​ខាងជើង​ធ្លាប់​បាន​ប្រើប្រាស់​សាកល្បង​តាំងពី​ឆ្នាំ​២០១៦​។ នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA​។

គួរ​ជម្រាប​ថា កូរ៉េ​ខាងជើង​មាន​នាវាមុជទឹក​ដែល​មាន​វ័យ​ចំណាស់​ជា​ច្រើន ដែល​បន្ត​ប្រើ​មក​ដល់​សព្វថ្ងៃ ហើយ​មិន​ទាន់​បាន​ដាក់​ពង្រាយ​នាវាមុជទឹក​ថ្មី​ៗ ដែល​មាន​សមត្ថភាព​អាច​បាញ់​មី​ស៊ី​ល​ប្រភេទ​ប៉ា​លី​ស្ទិ​ក រយៈ​ចំងាយ​ឆ្ងាយ​បាន​នៅឡើយ​ទេ​។

មី​ស៊ី​ល​ប្រភេទ​ថ្មី​ដែល​ព្យុ​ង​យ៉ាង​បាន​សាកល្បង មាន​រូបរាង​តូច​ជាង​មី​ស៊ី​ល​ដែល​គេ​ធ្លាប់​ឃើញ​កន្លង​មក ហើយ​អាច​បាញ់​បាន​ចំងាយ​ជិត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រការ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កូរ៉េ​ខាងជើង​កំពុង​ឈាន​ទៅ​សម្រេច​បាន​បច្ចេកវិទ្យា កាន់តែ​ទំនើប ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ឬ​ការ​ផលិត​ក្បាល​គ្រាប់​មី​ស៊ី​ល​ចំងាយ​ឆ្ងាយ​របស់​ខ្លួន ហើយ​អាច​បាញ់​ចេញពី​នាវាមុជទឹក​បាន​ទៀត​ផង​។

រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោក ឆុង អ៊ី​យុង (Chung Eui-yong) នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​មក​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក លើកលែង​ទណ្ឌកម្ម​លើ​របប​ក្រុង​ព្យុ​ង​យ៉ាង ប្រសិនបើ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ព្រម​វិល​រក​តុ​ចរចា​ឡើង​វិញ​។ លោក​ឆុង បាន​និយាយ​ថា គេ​ត្រូវ​តែ​ចាត់វិធានការ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ឈប់​កូរ៉េ​ខាងជើង ពី​ការ​អភិវឌ្ឍន៍​សមត្ថភាព​នុយក្លេអ៊ែរ និង មី​ស៊ី​ល​បន្ថែម​ទៀត​។

ភាគី​សហរដ្ឋអាមេរិក​ឯណោះ​វិញ មិន​បាន​ឆ្លើយ​តប​ជុំវិញ​បញ្ហា ដក​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​នៅឡើយ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​អា​មេ​រិ​ក លោកស្រី ចេ​ន ផា​សា​គី (Jen Psaki) បាន​និយាយ​ថា សហរដ្ឋអាមេរិក នៅ​តែ​ចំហ​ទ្វារ​ក្នុង​ការ​ពិភាក្សា​ការទូត​ជាមួយ​កូរ៉េ​ខាងជើង ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។

សូម​ជម្រាប​ថា នៅ​ក្នុង​មហាសន្និបាត​បក្ស​ពលករ​កូរ៉េ​ខាងជើង​នៅ​ដើមឆ្នាំ​នេះ មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​បាន​ប្រកាស​ថា កូរ៉េ​ខាងជើង​មាន​គំរូ​ប្លង់​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ថែម​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះតៃវ៉ាន់ថា ការកើតឡើងនៃសង្គ្រាមរវាងកោះតៃវ៉ាន់ជាមួយចិននៅឆ្នាំក្រោយនេះ គឺមានកម្រិតទាបណាស់!

ព័ត៌មាន
កោះតៃវ៉ាន់ថា កម្រិតនៃសង្គ្រាមកើតឡើងរវាងកោះតៃវ៉ាន់ជាមួយចិននៅឆ្នាំក្រោយនេះ គឺមានទាបណាស់! មន្ត្រីសន្ដិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ បាននិយា…

IMF បន្ថយការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី និងព្រមានពីហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីមកទាបជាងមុន និងបានទាញសញ្ញាអាសន្នដោយព្រមានថា រលកឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ