កូរ៉េខាងជើងស្រឡាំងកាំងនឹងសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង

កូរ៉េខាងជើងព្រមានឆ្លើយតបដោយនុយក្លេអ៊ែរខ្លាំងក្លាបំផុតមិនធ្លាប់មាន ចំពោះសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង


រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ទី ទី២ ខែកុម្ភៈ នេះ បានចេញមកគំរាមកំហែងថានឹងធ្វើការឆ្លើយតបដោយយោធាឱ្យបានខ្លាំងក្លាបំផុតមិនធ្លាប់មាន ចំពោះសហរដ្ឋអាមេរិក ដែលបានពង្រីកការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាងបានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តដែលជាសត្រូវរបស់ខ្លួនទាំងពីរនេះ កំពុងជំរុញឱ្យស្ថានការឈានចូលមកដល់បន្ទាត់ក្រហមមែនទែនហើយនាពេលនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កូរ៉េខាងជើងព្រមានឆ្លើយតបដោយនុយក្លេអ៊ែរខ្លាំងក្លាបំផុតមិនធ្លាប់មាន ចំពោះសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក Lloyd Austin ក្នុងដំណើរទស្សនកិច្ចមកកាន់ទឹកដីកូរ៉េខាងត្បូងកាលពីថ្ងៃទី៣១មករាថា សហរដ្ឋអាមេរិកនឹងបង្កើនការដាក់ពង្រាយធនធានយោធាទំនើបៗរបស់ខ្លួនទៅកាន់ឧបទ្វីបកូរ៉េ រួមទាំងយន្តហោះចម្បាំង និងនាវាផ្ទុកយន្តហោះផងដែរ ហើយក៏មានដែរការពង្រឹងការបណ្តុះបណ្តាលយោធារួមគ្នា និងផែនការប្រតិបត្តិការយោធាផ្សេងទៀតជាមួយកូរ៉េខាងត្បូង។

បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា សមយុទ្ធថ្មីដែលធ្វើឱ្យកូរ៉េខាងជើងភ័យនោះគឺថា សហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B និងយន្តហោះចម្បាំង F-22 និង F-35 នៅក្នុងសមយុទ្ធជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ពីលើដែនទឹកភាគខាងលិចរបស់កូរ៉េខាងត្បូង។ បន្ថែមពីនោះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏គ្រោងនឹងធ្វើសមយុទ្ធដោយប្រើប្រាស់សព្វាវុធទំនើបៗផ្សេងទៀតនៅខែកុម្ភៈនេះដើម្បីឆ្លើយតបនឹងកូរ៉េខាងជើង ប្រសិនបើរដ្ឋអំណាចព្យុងយ៉ាងហ៊ានប្រើប្រាស់ ឬសាកល្បងនុយក្លេអ៊ែរម្តងទៀត។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសកូរ៉េខាងជើងដែលបានធ្វើឡើង បន្ទាប់ពីការប្រកាសធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា សកម្មភាពបង្កើនការធ្វើសមយុទ្ធរបស់សម្ព័ន្ធមិត្តទាំងពីរ កំពុងផ្លាស់ប្តូរឧបទ្វីបកូរ៉េដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ និងសន្តិភាព ឱ្យទៅជាឃ្លាំងអាវុធសម្រាប់ធ្វើសង្គ្រាមមួយដ៏ធ្ងន់ធ្ងរនាពេលខាងមុខ។ ព្យុងយ៉ាងបន្តថា ការប្រឈមមុខនិងការគំរាមកំហែងផ្នែកយោធាក្នុងរយៈពេលខ្លី ឬវែងពីសំណាក់សត្រូវជាប្រវត្តិសាស្ត្រ គឺកូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រើប្រាស់នុយក្លេអ៊ែរកំទេចសត្រូវតែម្តង។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងបានសង្កត់ធ្ងន់ថា ស្ថានភាពយោធា និងនយោបាយនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ទាំងមូលបានឈានដល់ «បន្ទាត់ក្រហមខ្លាំង» ដោយសារតែការធ្វើសមយុទ្ធយោធា និងទង្វើដែលបង្កអរិភាពរបស់សហរដ្ឋអាមេរិក ក៏ដូចជាកងកម្លាំងជើងទឹករបស់កូរ៉េខាងត្បូង។ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តនាំយកធនធាននុយក្លេអ៊ែរមកដាក់ក្នុងឧបទ្វីបកូរ៉េ និងតំបន់ជុំវិញនោះ កូរ៉េខាងជើងនឹងបង្ហាញឱ្យកាន់តែច្បាស់នូវសកម្មភាពរារាំងរបស់ខ្លួនដោយមិនឱ្យខកខានឡើយ ទោះក្នុងមធ្យោបាយណាក៏ដោយ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeon Ha Gyu បាននិយាយថា ក្រសួងមិនមានការអត្ថាធិប្បាយភ្លាមៗដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ប្រកបដោយពាក្យធ្ងន់ៗរបស់កូរ៉េខាងជើងនោះទេ។ តែលោកបានលើកឡើងថា សមយុទ្ធដែនអាកាសចុងក្រោយបង្អស់របស់សម្ព័ន្ធមិត្តនេះ គឺសំដៅបង្ហាញពីភាពជឿជាក់របស់សហរដ្ឋអាមេរិកដើម្បីធ្វើការទប់ស្កាត់និង ការពារកូរ៉េខាងត្បូងដែលជាមិត្តប៉ុណ្ណោះ។ យ៉ាងណាមិញ លោកបានបដិសេធមិនបង្ហាញពីចំនួនពិតប្រាកដនៃយន្តហោះអាមេរិក និងកូរ៉េខាងត្បូងដែលចូលរួមក្នុងសមយុទ្ធនោះទេ។

គួរជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក លោក Austin បាននិយាយថា លោក និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-Sup បានព្រមព្រៀងគ្នាក្នុងការពង្រីកបន្ថែមទៀតនូវសមយុទ្ធយោធារួមគ្នា រួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតបន្ថែម ហើយនិងបន្តការដាក់ពង្រាយនូវធនធាននុយក្លេអ៊ែរមកកាន់ទឹកដីកូរ៉េខាងត្បូងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចពិភពលោកមិនល្អ ប៉ុន្ដែការនាំចេញកង់កម្ពុជាសម្រេចបានទឹកប្រាក់ ៩០០ លានដុល្លារ កើនឡើង៤៣% នៅឆ្នាំ២០២២

ព័ត៌មាន
នៅពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ចំនួន ៩០០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៣% បើប្រៀបធៀបនឹងរយៈពេលដូ…

ហ្វីលីពីនសម្រេចបើកភ្លើងខៀវអនុញ្ញាតឱ្យបងធំអាមេរិកពង្រីកមូលដ្ឋានយោធា៤កន្លែងទៀតនៅក្នុងប្រទេស

ព័ត៌មាន
យោធាអាមេរិកទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងម៉ានីលក្នុងការបង្កើតមូលដ្ឋានយោធាបួនកន្លែងបន្ថែមទៀតក្នុងប្រទេសហ្វីលីពីន បន្ថែមពីលើមូលដ្ឋាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ